ជាតិ
អ្នក​ជេរ​តាម​ហ្វេ​ស​ប៊ុ​ក​៖ «​សម្តេច​ជួយ​ផង​!»
08, Jan 2016 , 4:27 pm        
រូបភាព
​ជនជាប់ចោទ​ដែល​បាន​គំរាម​សម្លាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក បានស្នើ​សុំ​រក​ជំនួយ​ពី​នាយករដ្ឋមន្ត្រី​វិញ នៅពេលដែល​ជន​ចាប់​ចោទ​រូបនេះ ត្រូវបាន​អាជ្ញាធរ   បញ្ជូនទៅ​សាកសួរ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។  មុនពេល​ចូល​បន្ទប់​សវនាការ​ជនជាប់ចោទ​ពីបទ​«​គំរាម​សម្លាប់ និង​ប្រមាថ​»​រូបនេះ បានត្រឹមតែ​ឆ្លើយតប​យ៉ាងនេះ​ថា​៖«​សម្តេច​ជួយ​ផង​» នៅ​ចំពោះមុខ​អ្នកកាសែត​ដែល​បាន​ទៅតាម​ដាន​ដំណើរការ​សាកសួរ​នេះ​។



​ឆ្លើយតប​ចំពោះ​សំណួរ​ដែល​សួរថា​«​លោក​ធ្លាប់​ដឹង​ទេ​ថា តើ​នាយករដ្ឋមន្ត្រី​ធ្លាប់​ព្រមាន​ចាត់វិធានការ ចំពោះ​អ្នក​ជេរប្រមាថ​ខ្លួន តាម​ហ្វេ​ស​ប៊ុ​ក​?» និង​សំណួរ​មួយទៀត​ដែល​ចោទ​សួរថា «មានការ​សោកស្តាយ​ដែរ​ទេ ចំពោះ​ទង្វើ​ដែល​ខ្លួន​បានធ្វើ​នៅពេលនេះ​?» យុវជន ម៉ាន់ សំអ៊ាន់ ក៏​មិនបាន​ឆ្លើយតប​អ្វី ក្រៅតែពី​ការ​គ្រវីក្បាល​ដោយ​ទឹកមុខ​ស្រងូតស្រងាត់​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ជន​ជាប់​ចោទវ័យ២៥ឆ្នាំរូបនេះ ត្រូវបញ្ជូន​ទៅដល់​បន្ទប់​សាកសួរ​របស់​តុលាការ​សាលាដំបូង នៅ​ម៉ោង​ប្រមាណ​៤​រសៀល​ ថ្ងៃទី​៨​ខែមករា​នេះ​។

​កាលពី​ថ្ងៃទី​៦ មករា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ខេត្តកំពង់ធំ ដែល​បាន​គំរាម​សម្លាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​។ លោក ជូ សំអាន ស្នងការរង​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ ដែល​បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​កដោយ​ដាក់ឈ្មោះ​ក្លែងក្លាយ ខុសពី​ឈ្មោះ​ពិត​របស់ខ្លួន​ដើម្បី​ជេរប្រមាថ និង​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បន្ថែមថា ក្រោយពី​សមត្ថកិច្ច​បាន​នាំខ្លួន​មក​សាកសួរ​ចម្លើយ​រួចមក ជនសង្ស័យ​ម្នាក់​នោះ ពិតជា​បាន​សារភាពថា ខ្លួន​បាន​ជេរប្រមាថ​ដល់​អាយុជីវិត​សម្ដេច ហ៊ុន សែន មែន​៕


Tag:
 គំរាមសម្លាប់
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com