បទយកការណ៍ / បទសម្ភាសន៍
លោក យឹម សុវណ្ណ​៖«​ខ្ញុំ​នឹង​ដើរ​លើ​វិថី​នយោបាយ​តាម​ឯកឧត្តម សម រង្ស៊ី រហូត​អវសាន​ជីវិត​»
09, Jan 2016 , 9:54 am        
រូបភាព
ដោយ:

​ក្នុង​វ័យ ៥១ ឆ្នាំ​លោក យឹម សុវណ្ណ បាន​កាន់តំណែង​ជា​តំណាងរាស្ត្រ​រយៈពេល ៤ អាណត្តិ​មកហើយ​។ លោក យឹម សុវណ្ណ បាន​ផ្តើម​ជីវិត​នយោបាយ​របស់ខ្លួន​ដំបូង​ជាមួយ​គណបក្ស​ជាតិខ្មែរ​ដែលមាន​ឯកឧត្តម សម រង្ស៊ី ជា​ប្រធាន ហើយ​ពេលនោះ​លោក​មាន​តួនាទី​ជា​សមាជិក​គណៈកម្មាការ​អចិន្ត្រៃយ៍​បក្ស​។ លោក យឹម សុវណ្ណ មាន​មោទកភាព​ខ្លួនឯង​ខ្លាំងណាស់ ដែល​បាន​ដើរ​លើ​វិថី​នយោបាយ​ជាមួយ​មេដឹកនាំ​គំរូ​របស់ខ្លួន គឺ​ឯកឧត្តម សម រង្ស៊ី បើទោះបី​ពេលខ្លះ​លោក​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ក្តី​។ លោក​អះអាងថា រូបលោក​នឹង​ដើរ​តាម​លោក សម រង្ស៊ី រហូតដល់​អវសាន​ជីវិត​របស់ខ្លួន​។ 



​គិត​ត្រឹម​ឆ្នាំ ២០១៥  លោក យឹម សុវណ្ណ បានរស់នៅ​ក្នុង​ជីវិត​នយោបាយ​ជាមួយ​លោក សម រង្ស៊ី អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ ។ ម្ភៃ​ឆ្នាំ​មកនេះ លោក​និង​ឯកឧត្តម សម រង្ស៊ី ដែលជា​ប្រធាន​របស់ខ្លួន​មាន​អនុស្សាវរីយ៍​ស្ទើរ​រាប់មិនអស់​ជាមួយគ្នា​។ តាមពិតទៅ មុន​ដើរ​លើ​វិថី​នយោបាយ​ជាមួយ​ឯកឧត្តម សម រង្ស៊ី លោក យឹម សុវណ្ណ ដែល​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅក្នុង​ក្រសួង​អប់រំ​មុន​ឆ្នាំ ១៩៩៣ ក៏​ធ្លាប់​ធ្វើជា​ជំនួយការ​ឯកឧត្តម សម រង្ស៊ី នៅ​ឆ្នាំ ១៩៩៣ កាលពី​ពេលដែល​ឯកឧត្តម សម រង្ស៊ី ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ទាប់ពី​ខ្លួន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​នៅ​ឆ្នាំ ១៩៩០ ។ លោក​បាន​ធ្វើជា​ជំនួយការ​ឯកឧត្តម សម រង្ស៊ី បាន​មួយរយៈ ក៏​ឃ្លាតឆ្ងាយ​ពី​ឯកឧត្តម សម រង្ស៊ី ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​ប្រទេស​ជប៉ុន ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ​១៩៩៥ ។
​ឆ្នាំ ១៩៩៥ ពេលដែល​ខ្លួន​ត្រឡប់​មកពី​សិក្សា​ក្រៅប្រទេស​វិញ លោក​អនុបណ្ឌិត​រូបនេះ បាន​ស្ម័គ្រចិត្ត​ដើរចូល​គន្លង​នយោបាយ​តាម​ឯកឧត្តម សម រង្ស៊ី ដែល​បង្កើត​គណបក្ស​ជាតិខ្មែរ​នៅ​ឆ្នាំ ១៩៩៥ ។ នៅក្នុង​គណបក្ស​ជាតិខ្មែរ​លោក យឹម សុវណ្ណ មាន​តួនាទី​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​បក្ស​។ ក្រោយពី​គណបក្ស​ជាតិខ្មែរ​ប្តូរ​ឈ្មោះ​ជា​គណបក្ស សម រង្ស៊ី ហើយ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី ២ ក្នុង​ឆ្នាំ ១៩៩៨ និង​ទទួលបាន​អាសនៈ នៅក្នុង​រដ្ឋសភា លោក យឹម សុវណ្ណ ដែលមាន​ទីកន្លែង​កំណើត​នៅ​ភ្នំពេញ ហើយ​បច្ចុប្បន្ន​មានកូន​ពីរ​នាក់​ក្រោយ​រៀបការ​ជាមួយ​អ្នកស្រី កែ សុវណ្ណ​រតន៍ ក៏បាន​ជាប់ឆ្នោត​ធ្វើជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​តាំងពី​ពេល​នោះមក​។ 

«​វិះ​បាត់​បង់ជីវិត ពេល​ជិះ​អូប័រ ហើយ​មាន​ខ្យល់ព្យុះ​ពាក់​កណ្តាលទន្លេ​!»
ដើរ​លើ​វិថី​នយោបាយ​ជាមួយ​ឯកឧត្តម សម រង្ស៊ី ជាង ២០ ឆ្នាំ​មកនេះ លោក យឹម សុវណ្ណ រម្លឹកថា ខ្លួន​មាន​អនុស្សាវរីយ៍​ច្រើន​ស្ទើរ​រាប់មិនអស់​ជាមួយ​មេដឹកនាំ​របស់ខ្លួន​។ អនុស្សាវរីយ៍​ទាំងនោះ មានដូចជា អនុស្សាវរីយ៍​រូបលោក និង​ឯកឧត្តម សម រង្ស៊ី ពេល​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​។ លោក យឹម សុវណ្ណ បញ្ជាក់​យ៉ាងនេះ​ថា​៖ «​អនុស្សាវរីយ៍​យើង ក្រោយពី​ព្រឹត្តិការណ៍ គប់​គ្រាប់បែក កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧ និង​ការធ្វើ​រដ្ឋប្រហារ​ថ្ងៃ ៥ និង​៦ ខែកក្កដា ឆ្នាំ ១៩៩៧ ដែល​យើង​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ជាមួយគ្នា​»​។  លោក យឹម សុវណ្ណ ក៏​នឹកឃើញ​ដល់​អនុស្សាវរីយ៍ កាលពី​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៩៨ មាន​ព្រឹត្តិការណ៍​ផ្ជ​ង់ និង​គប់​គ្រាប់បែក​នៅមុខ​ក្រសួងមហាផ្ទៃ​។ «​ពេលនោះ មាន​ការចាប់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី រហូត​ជាប់ពន្ធនាគារ​មួយ​យប់​។ ហើយ​គេ​ឃុំខ្លួន​យើង​(​លោក និង​ឯកឧត្តម សម រង្ស៊ី ព្រមទាំង​តំណាងរាស្ត្រ​បក្ស​សម រង្ស៊ី មួយចំនួន​) នៅក្នុង​បន្ទប់​លោក ហូ សុខ ដែល​គេ​ត្រូវបាន​គេ​បាញ់សម្លាប់​។ ពេលនោះ​យើង​មាន​អារម្មណ៍​សង្វេគ​មែនទែន តែ​សំណាង​ពេលនោះ​មាន​អង្គការសហប្រជាជាតិ​ជួយ​»​។ លោក យឹម សុវណ្ណ និយាយ​ដូច្នេះ ក៏​បន្ត​រៀបរាប់​ពី​អនុស្សាវរីយ៍​ដែល​លោក​ចងចាំ​មិនអាច​បំភ្លេចបាន​ក្នុង​ជីវិត នៅពេល​បំពេញការងារ​ដែល​ឯកឧត្តម សម រង្ស៊ី បញ្ជាក់​ឲ្យ​ធ្វើ ហើយ​រូបលោក​ស្ទើរ​បាត់បង់​ជីវិត​។

​អ្នកនយោបាយ​សម្បុរ​ស្រអែម ច្រមុះ​ស្រួច ភ្នែក​ធំៗ រូបនេះ បាន​ដំណាល​ពី​ព្រឹត្តិការណ៍​នៅពេលនោះ​បែបនេះ​ថា​៖«​មាន​ថ្ងៃមួយ​នោះ ក្នុងពេល​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ ១៩៩៨ គាត់​(​លោក សម រង្ស៊ី​) បាន​ឲ្យ​ខ្ញុំ​នាំ​អ្នកកាសែត​ទៅ​ខេត្តក្រចេះ​ទាំង​កណ្តាលអធ្រាត្រ​។ ពេលនោះ​មិនមែន​ជិះឡាន​ទេ ខ្ញុំ​ជិះ​អូប័រ​ដ៏​តូច​មួយ​កាត់​ទន្លេមេគង្គ ដែល​នៅ​ក្នុងនោះ​មានតែ​ខ្ញុំ អ្នកកាសែត​ជនជាតិ​បារាំង​ម្នាក់ និង​ជំនួយការ​ម្នាក់​ប៉ុណ្ណោះ ដើម្បី​ទៅ​ឲ្យ​ទាន់​ស្ថាន​ការឃោសនាបោះឆ្នោត​ពេលព្រឹក​នៅ​ខេត្តក្រចេះ​។ ពេលនោះ​មាន​ខ្យល់ព្យុះ​ត្រង់​ពាក់​កណ្តាលទន្លេ​យើង​មិនដឹង​នៅ​ទិស​តំបន់​ណា​ឡើយ​។ ឃើញ​ខ្យល់ព្យុះ​ភ្លាម ខ្ញុំ​គិតថា បើសិនជា​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​តាមផ្លូវ ក៏​ខ្ញុំ​នៅតែមាន​មោទកភាព​ដែរ ដែល​យើង​បាន​បម្រើ​ជាតិ និង​បម្រើ​ថ្នាក់ដឹកនាំ​ដែលមាន​ការគោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​»​។ លោក យឹម សុវណ្ណ បន្ត​បរិយាយ​ទៀតថា​៖«​តែ​ភ័ព្វសំណាង​ពេលនោះ ខ្យល់ព្យុះ​បាន​ថយចុះ ហើយ​យើង​ក៏​រួច​ផុតពី​គ្រោះថ្នាក់ និង​មានជីវិត​ដល់​សព្វថ្ងៃ​។ នេះ​ជា​អនុស្សាវរីយ៍​ដែល​ដក់​ក្នុង​ជីវិត​ខ្ញុំ​ជាងគេ​»​។​

«​ខ្ញុំ​នឹង​ដើរ​លើ​វិថី​នយោបាយ​តាម​ឯកឧត្តម សម រង្ស៊ី រហូត​អវសាន​ជីវិត​» 
​រយៈពេល ២០ ឆ្នាំ​មកនេះ ដែល​លោក យឹម សុវណ្ណ ដើរ​តាម​វិថី​នយោបាយ​ជាមួយ​ឯកឧត្តម សម រង្ស៊ី ។  លោក​ថា ខ្លួន​ធ្លាប់​ទទួលរង​ការគំរាមកំហែង ការឈឺចាប់ ការគាបសង្កត់ ដែល​បង្កដោយ​គូ​រប​ដិ​បក្ស ជាប់​ជានិច្ច​ចាប់ពី​ឆ្នាំ ១៩៩៥ មក​។ លោក យឹម សុវណ្ណ ចាត់ទុក​ឧបសគ្គ​ដែល​ខ្លួន​ជួបប្រទះ​ពេលនោះ​បែបនេះ​ថា​៖«​តែ​ការឈឺចាប់​ទាំងអស់នេះ កាន់តែ​ធ្វើ​ឲ្យ​យើង​មាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ ហើយ​អប់រំ​យើង​ឲ្យ​ក្លាយជា​អ្នកនយោបាយ​ដែលមាន​គោលការណ៍ មាន​ភាព​ស្អាតស្អំ មាន​សម្បជញ្ញៈ​ស្រឡាញ់​ជាតិ​»​។ ជាមួយគ្នានេះ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និយាយ​ដោយមាន​មោទកភាព​ខ្លាំងណាស់ ដែល​ខ្លួន​បាន​បម្រើ​ឯកឧត្តម សម រង្ស៊ី យ៉ាងនេះ​ថា​៖ «​នៅក្នុង​បេះដូង​របស់ខ្ញុំ​លោក​សម រង្ស៊ី ជា​វីរជន ដែល​ខ្ញុំ​គោរព​។ គាត់​ជាម​នុស្ស​ដែលមាន​គោលការណ៍ ជា​មេដឹកនាំ​ដែលមាន​ការប្តេជ្ញា​ខ្ពស់ ស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​។ គាត់​ជា​ក្តីសង្ឃឹម​របស់​ប្រទេសជាតិ ដែល​អាចដឹកនាំ​ប្រទេស​ទៅរក​លទ្ធិប្រជាធិបតេយ្យ រីកចម្រើន យុត្តិធម៌​ពិតប្រាកដ ជាពិសេស​ការពារ​បូរណភាព​ទឹកដី​»​។ លោក​បរិយាយ​បន្ថែមថា​៖«​ដូច្នេះ​បានជា​ខ្ញុំ​ជ្រើសរើស​ផ្លូវ​ដែល​ត្រូវ​ដើរ​។ ក្នុង​មួយជីវិត ខ្ញុំ​នឹង​គោរព និង​ដើរ​ជាមួយ​គាត់ តាម​គាត់​នៅលើ​វិថី​នយោបាយ ដល់ទី​អវសាន​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​មាន​មោទកភាព​ណាស់​ដែល​បានធ្វើការ​ជាមួយ​អ្នកនយោបាយ​ជាន់ខ្ពស់​មួយ​រួប​ដែលមាន​ការគោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​។ ខ្ញុំ​បាន​លះបង់​ពេលវេលា ភាពជា​យុ​វ័យ​ជូន​ប្រទេសជាតិ និង​ខ្ញុំ​មាន​មោទកភាព​ដែល​បានធ្វើការ​ជាមួយ​វីរជន​»​។​

«​ឯកឧត្តម សម រង្ស៊ី មិនមែនជា​អ្នកនយោបាយ​កំសាក តែ​ជា​អ្នកនយោបាយ​ស្គាល់​កាលៈទេសៈ​»

​ដោយសារតែ​ក្នុង​បេះដូង​របស់ខ្លួន​ចាត់ទុក​ឯកឧត្តម សម រង្ស៊ី គឺជា​វីរជន ទើប​លោក យឹម សុវណ្ណ ហ៊ាន​អះអាងថា លោក សម រង្ស៊ី មិនមែនជា​អ្នកនយោបាយ​កំសាក​ឡើយ តែ​ជា​អ្នកនយោបាយ​ស្គាល់​កាលៈទេសៈ​។ ការ​ថ្លែង​ការពារ​លោក សម រង្ស៊ី របស់លោក យឹម សុវណ្ណ បែបនេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រិះគន់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ថា ជា​អ្នកនយោបាយ​ដែល​កំសាក ខ្លាច​ជាប់ពន្ធនាគារ មិន​ហ៊ាន​ប្រឈមមុខ​ចំពោះ​សកម្មភាព​របស់ខ្លួន​ទេ​។ ពួកគេ​រិះគន់​ទៀតថា ឲ្យ​តែ​ជួប​បញ្ហា​ម្តងៗ​ពាក់ព័ន្ធ​នឹង​ការ​គំរាម​ខ្លួន ឬ​សកម្មជន​ខ្លួន ដាក់ពន្ធនាគារ លោក សម រង្ស៊ី តែងតែរ​ត់ទៅ​ក្រៅប្រទេស​ជានិច្ច​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ច​ខាងលើ បញ្ជាក់​យ៉ាងនេះ​ថា​៖«​យើង​ជា​អ្នកនយោបាយ យើង​ត្រូវមាន​សមត្ថភាព គំនិត ហើយ​សមត្ថភាព​គំនិត​មិន​គ្រប់គ្រាន់​ទេ ត្រូវមាន​សេចក្តីក្លាហាន តែ​ទាំងនេះ​មិន​គ្រប់គ្រាន់​ទៀត នៅពេលដែល​យើង​មិន​យល់​កាលៈទេសៈ​។ ឯកឧត្តម សម រង្សី គាត់​មាន​ទាំងអស់​នេះហើយ គាត់​យល់​កាលៈទេសៈ​ទៀត​។ គាត់​ធ្វើ​ត្រឹមត្រូវ​។ ឯកឧត្តម សម រង្ស៊ី មិនមែនជា​មនុស្ស​កំសាក​ទេ​»​។ លោក យឹម សុវណ្ណ បញ្ជាក់​ពី​ជីវិត​នយោបាយ​ខ្លួន​ថា អ្នកនយោបាយ​ដូច​ប្រមុខ​បក្ស​ឯកឧត្តម សម រង្ស៊ី លោក​មិន​នឿយណាយ​នឹង​បម្រើ​លុះ​ចុងបញ្ចប់​នៃ​ជីវិត​នយោបាយ​របស់ខ្លួន​៕


Tag:
 យឹម សុវណ្ណ​
  សម រង្ស៊ី​
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com