បទវិភាគ
កម្ពុជា​មិនទាន់បាន​ក្លាយទៅជា​ប្រទេស​ជា​នីតិរដ្ឋ​ពិតប្រាកដ​ទេ​!
11, Jan 2016 , 9:19 am        
រូបភាព
ដោយ:

​ភ្នំពេញ​៖ នីតិរដ្ឋ គឺជា​គោលការណ៍​ស្របច្បាប់ ក្នុងនោះ​រដ្ឋ ឬ សង្គម​មួយ ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់ ដែល​ផ្ទុយទៅនឹង​រដ្ឋ ឬ សង្គម​មួយ ត្រូវ​គ្រប់គ្រង​តាមរយៈ​ការសម្រេចចិត្ត​តាម​ទំនើងចិត្ត​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​ម្នាក់ៗ​។ ប្រទេស​កម្ពុជា​ក៏ត្រូវ​បាន​គេ​អះអាងថា​ជា នីតិរដ្ឋ​ដែរ ប៉ុន្តែ រហូតមកដល់​ពេលនេះ កម្ពុជា ត្រូវបាន​គេ​វាយតម្លៃថា មិនទាន់បាន​ក្លាយទៅជា​នីតិរដ្ឋ​ពេញលេញ​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ មានមតិ​ខ្លះ បាន​អះអាងថា នីតិរដ្ឋ​នៅ​កម្ពុជា​មានតែ​ឈ្មោះ​ប៉ុណ្ណោះ ឯ​ស្ថានភាព​ពិត​វិញ មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយចំនួន ស្ទើរតែ​អាចធ្វើ​អ្វីៗ​តាម​ឆន្ទៈ​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ភាពស្របច្បាប់​ឡើយ​។ ក្នុង​ករណីខ្លះ គេ​សម្រេចចិត្ត​ហើយ ទើប​បង្កើត​ច្បាប់​ភ្លាមៗ​ដើម្បី​គាំទ្រ​ការសម្រេចចិត្ត​និង​សកម្មភាព​របស់ខ្លួន​ជា​ក្រោយ ក៏មានដែរ​។ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​រួមចំណែក​លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​?



​ឆ្លងតាម​បាតុភូត​នយោបាយ​និង​សង្គម​ជិត​ប្រាំ​អាណត្តិ​កន្លងមកនេះ មហាជន​បាន​មើលឃើញថា កម្ពុជា​ពិតជា​មិនទាន់បាន​ក្លាយទៅជា​នីតិរដ្ឋ​ពិតប្រាកដ​មែន​។ មាន​ភស្តុតាង​ជាច្រើន​ដែល​មហាជន សង្គម​ស៊ីវិល និង សកម្មជន​ស្រឡាញ់​យុត្តិធម៌​និង​នីតិរដ្ឋ បាន​រកឃើញ​ដែល​អាច​បញ្ជាក់​អំពី​អំណះអំណាង​នេះ​។ ភស្តុតាង​ទាំងនោះ​មានដូចជា​៖

1.​    ​ហេតុការណ៍​ដែល​អាជ្ញាធរ​ឬ​បុគ្គល​មានអំណាច បាន​ដកយក​ដី​ដែល​ប្រជាពលរដ្ឋ​បានរស់នៅ​និង​អាស្រ័យ​ផល​ក្នុង​រយៈពេល​យូរ និង បណ្ដេញ​ប្រជ​ន​ពលរដ្ឋ​ដោយ​បង្ខំ​ឱ្យ​ចេញពី​តំបន់​នានា​ដែល​រដ្ឋ​អះអាងថា ត្រូវ​យកទៅ​អភិវឌ្ឍ ដូចជា តំបន់​បឹងកក់ កោះ​ពេជ្រ ដីក្រហម បុរី​កីឡា សំបុកចាប​...​និង តំបន់​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស ដោយ​គ្មាន​សំណង​សមស្រប​។​

2.
​    ​មាន​មន្ត្រី​ខិលខូច​មួយចំនួន បាន​ប្រើប្រាស់​អំណាច​រដ្ឋ ដើម្បី​ពង្រឹង​អំណាច​បក្ស អំណាច​បុគ្គល និង ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ធ្វើ​មាន​ធ្វើបាន និង ដើម្បី​រក្សា​និង​តម្លើង​ឋានៈ​របស់ខ្លួន​។​

3.​    ​អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​និង​ការប្រើ​ស្ដង់ដារ​ពីរ​ក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា​តែមួយ ក្នុងការ​សម្រេច​ក្ដី ឧទាហរណ៍ ចំពោះ​អ្នកក្រ អ្នកតូច អ្នក​តវ៉ា និង មន្ត្រី​បក្សប្រឆាំង តុលា​ការប្រើ​ស្តង់ដារ​មួយ ឯ​ចំពោះ អ្នកមាន អ្នកធំ អ្នកគាំទ្រ​បក្ស​កាន់អំណាច និង មន្ត្រី​បក្ស​កាន់អំណាច តុលា​ការប្រើ​ស្តង់ដារ​មួយ​ផ្សេងទៀត​។ 

4.​    ​អំពើពុករលួយ​ក្នុង​ជួរ​អាជ្ញាធរ​និង​មន្ត្រី​ផ្ដល់​សេវាសាធារណៈ ដូចជា ក្នុង​សេវា​រដ្ឋបាល សូ​រិ​យោ​ដី សុខាភិបាល ការធ្វើ​លិខិតអត្រានុកូលដ្ឋាន អត្តសញ្ញាណ​បណ្ណ លិខិតឆ្លងដែន ជាដើម​។​

5.​    ​ការគំរាមកំហែង និង ការបង្ក្រាប សកម្មជន​បក្សប្រឆាំង ក្រុម​ជនរងគ្រោះ កម្មករ​...​ដែល​ហ៊ាន​តវ៉ា ដោយ​ការប្រើ​កម្លាំង​ហួសហេតុ និង ប្រើ​អាវុធ​បាញ់​គ្រាប់​ពិត ជាដើម​។​
​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​មន្ត្រី​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច តែងតែបាន​ថ្លែង​ការពារ​ខ្លួន​ពី​ការចោទប្រកាន់​ខាងលើនេះ ហើយ​បាន​អះអាងថា អ្វីៗ​ដែល​ខ្លួន​បាននិងកំពុង​ធ្វើ គឺ​ស្រប​នឹង​គោលការណ៍​ច្បាប់ និង​ថា កម្ពុជា​កំពុងតែ​ធ្វើដំណើរ​ជា​ជំហានៗ ឆ្ពោះទៅរក​នីតិរដ្ឋ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​នានា​លើ​សកលលោក​ដែរ​។ មិនតែប៉ុណ្ណោះ ពួកគេ​ថែមទាំង​បាន​អះអាងថា ការលើកឡើង​ទាំងនោះ មាន​ទិដ្ឋភាព​ជា​នយោបាយ ប្រជាភិថុតិ អគតិ និង មិ​បានន​ឆ្លុះបញ្ចាំង​ការណ៍​ពិត​នៅ​កម្ពុជា​ឡើយ​។   

​ដើម្បី​រួមចំណែក​លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា ឬ ដោះស្រាយ​បញ្ហា​ខាងលើនេះ មានមតិ​មួយចំនួន​គិតថា​ត្រូវ​៖

1.​    ​លើកកម្ពស់​តម្លៃ​សីលធម៌ ទាំង​ការសិក្សា​ស្វែងយល់​និង​ការអនុវត្ត ក្នុង​កម្រិត​គ្រួសារ សាលារៀន ស្ថាប័ន និង សង្គម​ទាំងមូល​។​

2.​    ​លើកកម្ពស់​ការគោរព​ច្បាប់​ទាំង​អ្នកដឹកនាំ អ្នកគ្រប់គ្រង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង ពលរដ្ឋ​គ្រប់រូប​។​

3.​    ​លើកកម្ពស់​ការអប់រំ ទាំង​ចំណេះដឹង​ទូទៅ ចំណេះដឹង​ខាង​ទ្រឹស្ដី​ជំនាញ​និង​បទពិសោធ រួមទាំង​ចំណេះដឹង​ខាង​នីតិរដ្ឋ​ផងដែរ​។​

4.​    ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ តាមរយៈ​ការផ្សព្វផ្សាយ ការពន្យល់ ការបកស្រាយ ការបង្រៀន អំពី​ទ្រឹស្ដី​និង​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ ជាពិសេស ត្រូវ​ផ្សាភ្ជាប់​វា​ទៅនឹង​សកម្មភាព​នយោបាយ ការដឹកនាំ ការកាត់ក្ដី និង ការសម្រេចចិត្ត​ផ្សេងៗ​ក្នុង​ស្ថាប័ន​និង​សង្គម​។

5.​    ​បង្កើត​ច្បាប់​ឱ្យបាន​ច្រើន សមស្រប​តាម​តម្រូវការ​របស់​សង្គម​ខ្មែរ​។​

6.​    ​បង្កើន​ការផ្សព្វផ្សាយ ការពន្យល់ និង ការបង្រៀន​ច្បាប់ ឱ្យមាន​ការយល់ដឹង​យ៉ាងច្បាស់​លាស់ ទាំង​មន្ត្រី​អនុវត្ត​ច្បាប់ មន្ត្រី​ពាក់ព័ន្ធ មន្ត្រី​តុលាការ និង អាជ្ញាធរ​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ​។

7.​    ​លើ​កម្ពស់​ប្រព័ន្ធយុត្តិធម៌ តាមរយៈ​កា​រសើប​អង្កេត ការ​ចងក្រង​សំណុំរឿង សវនាការ និង ការវិនិច្ឆ័យ​រឿងក្ដី ប្រកបដោយ​វិជ្ជាជីវៈ នីតិវីធី​ច្បាប់ សុភនិច្ឆ័យ មនសិការ តម្លាភាព សីលធម៌ ស្មោះត្រង់ ត្រឹមត្រូវ និង យុត្តិធម៌​។​

8.​    ​លុបបំបាត់​និ​ទណ្ឌ​ភាព​គ្រប់​កម្រិត​ក្នុងសង្គម​ខ្មែរ 

9.​    ​ប្រឆាំង​អំពើពុករលួយ តាមរយៈ​ការលុបបំបាត់​ឱកាស​ពុករលួយ របស់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ជាពិសេស អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​សំខាន់ៗ ហើយ​សំខាន់​ជាងគេ​បំផុត​នោះ គឺ​ត្រូវ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​អាជ្ញាធរ​និង​មន្ត្រី​តុលាការ ដែលជា​អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​ការសម្រេចចិត្ត​និង​/​ឬ ការសម្រេច​ក្ដី​។

10.​    ​ឱ្យ​តម្លៃ​និង​គោរព​នីតិរដ្ឋ ដោយ​ចាប់​ផ្ដើមចេញពី​ថ្នាក់លើ​មក​មុន ឬ ចាប់ផ្ដើម​ដំណាលគ្នា​រវាង​ថ្នាក់លើ ថ្នាក់ក្រោម និង ប្រជាពលរដ្ឋ ដោយ​យក​ថ្នាក់លើ​ធ្វើជា​គំរូ​។​

​ប្រសិនបើ យើង​ធ្វើបាន​តាម​ចំណុច​ទាំង​ដប់​នេះ នោះ​តិច​ឬ​ច្រើន កម្ពុជា​ពិតជា​នឹង​អាច​ឈានទៅ​សម្រេចបាន​នូវ​នីតិរដ្ឋ ដូច​ការប្ដេជ្ញាចិត្ត​រប​ស់​រដ្ឋាភិបាល​។ ឯ​មហាជន សង្គម​ស៊ីវិល និង សហគមន៍​អន្តរជាតិ ក៏​នឹង​ស្វាគមន៍​ចំពោះ​ការសម្រេចបាន​នេះដែរ​។ នៅពេលនោះ សង្គម​ខ្មែរ​នឹង​រស់នៅក្នុង​សន្តិសុខ សណ្ដាប់ធ្នាប់ យុត្តិធម៌ សមធម៌ តម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវ ភាព​គ្មាន​ការរើសអើង ភាព​គ្មាន​ការគំរាមកំហែង ការអភិវឌ្ឍ និង សុខដុម​នីយកម្ម​យូរ​អង្វែង​៕   



© រក្សាសិទ្ធិដោយ thmeythmey.com