ជាតិ
សម្តេច ស ខេង ណែនាំ​ក្រសួង​នានា​ឲ្យ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
13, Jan 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បាន​ជំរុញ​ថ្នាក់ដឹកនាំ​ក្រសួង​នានា ឲ្យ​ផ្ទេរ​មុខងារ និង​ធនធាន​មួយចំនួន ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ថែមទៀត ដើម្បី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច​បង្កើន​សមត្ថភាព​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។​



​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) សម្តេច ស ខេង បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១១ របស់ គ​.​ជ​.​អ​.​ប នៅ​ថ្ងៃទី​១២ មករា​នេះ​ថា ការផ្ទេរ​មុខងារ ធនធាន​ហិរញ្ញវត្ថុ និង​ធនធាន មនុស្ស​ឲ្យ​ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​គោលបំណង​ធានា​ការ​លើ​កម្ពស់​ប្រសិទ្ធភាព ការងារ​អភិវឌ្ឍ និង​គណនេយ្យភាព​សេវាសាធារណៈ​របស់​រដ្ឋ​បាល​មូលដ្ឋាន​។​

​ម្យ៉ាងទៀត សម្តេច​បន្តថា ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​តាម​បែ​ម​វិមជ្ឈការ និង​វិសហមជ្ឈការ​ជា​បញ្ហា​ស្នូល​សម្រាប់​ការអភិវឌ្ឍន៍​នៅ​ថ្នាក់មូលដ្ឋាន ដែល​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ចូលរួម​សហការ​អនុវត្ត​ទាំងអស់​។ សម្តេច​បញ្ជាក់ថា បញ្ហា​ប្រឈម​នាំ​ឲ្យ​ការអភិវឌ្ឍន៍​នៅ​ថ្នាក់មូលដ្ឋាន​យឺត ដោយសារ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន មិនបាន​ធ្វើការ​ព​ន្លឿ​ន​ការងារ​ផ្ទេរ​មុខងារ ធនធាន​តាម​គោលការណ៍​ដែល​បានដាក់​ចេញទៅ​ថ្នាក់មូលដ្ឋាន​។​

​ជាមួយគ្នា​ដែរ អគ្គនាយករង និង​ជា​អនុប្រធាន​លេខាធិកា​ដ្ឋា​ន គ​.​ជ​.​អ​.​ប លោក ចាន់ សុធា លើកឡើងថា ការផ្ទេរ​មុខ និង​ធនធាន​នៅតាម​បណ្តា​ស្ថាប័ន​ក្រសួង​នោះ​នៅ​មិនទាន់មាន​គ្រប់​ជ្រុងជ្រោយ និង​ការអនុវត្តន៍​មិនទាន់បាន​គ្របដណ្តប់​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​នៅឡើយ​។ ហើយ​ថា ក្រសួង​ដែល​កំពុងរៀបចំ​បញ្ជី​មុខងារ​មាន​ចំនួន ៧ រួមមាន ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ដោយឡែក លោក​បន្តថា ក្រសួង​ដែល​បានបញ្ចប់​បញ្ជី​មុខងារ រួមមាន ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួងកសិកម្ម ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​ជ​នីតិសម្បទា និង​ក្រសួងបរិស្ថាន​។​​ លោក​បន្តថា ក្រសួង​ដែល​បាន​ផ្ទេរ​មុខងារ​រួច រួមមាន ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និង​ក្រសួង​សង្គមកិច្ច​។​

​តាម​គម្រោង អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ជាតិ​គ្រោង​នឹង​ផ្ទេរ​ថវិកា​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៥ ដល់​ឆ្នាំ​២០១៧ ទៅ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​ថ្នាក់មូលដ្ឋាន ក្រោយពី​រដ្ឋាភិបាល​អនុ​ម័ត​ខាងមុខ​។ សម្រាប់​ឆ្នាំ ២០១៦​នេះ គ​.​ជ​.​អ​.​ប គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន ៣៧៩​លាន​ដុល្លារ​អាមេរិក សម្រាប់​ក្រសួង​ពាក់ព័ន្ធ​នានា​។​

​គួរបញ្ជាក់​ផងដែរ គ​.​អ​.​ជ​.​ប បាន​ផ្តើម​ផ្ទេរ​មុខងារ និង​ធនធាន​ហិរញ្ញវត្ថុ​មួយចំនួន ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដំបូង​នៅ​ឆ្នាំ​២០១២ រហូតមក ក្នុង​គោលបំណង​ផ្តល់​សិទ្ធិអំណាច ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​ឲ្យ​កាន់​តែមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​នានា នៅក្នុង​មូលដ្ឋាន​ពួកគេ​៕


Tag:
 សម្តេច ស ខេង​
  រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com