កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ប្រកាស​តែងតាំង​សមាសភាព​ថ្មី​២​រូប​
15, Jan 2016 , 8:39 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បានប្រកាស​បន្ថែម​សមាសភាព​ថ្មី​ចំនួន​២​រូប ដោយមាន​អនុប្រធាន​មួយរូប និង​អគ្គលេខាធិការ​មួយរូប​នៅក្នុង​មហាសន្និបាត​វិសាមញ្ញ​កាលពី​ថ្ងៃទី​១៤ ខែមករា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។

 


​លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ត្រូវបាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ប្រកាស​តែងតាំង​នៅក្នុង​អង្គ​មហាសន្និបាត​វិសាមញ្ញ​ដើម្បី​ពង្រឹងសមត្ថភាព​នៅ NOCC ជា​អនុប្រធាន​សហព័ន្ធ​ថ្មី​បន្ថែម​មួយរូប​ទៀត ចំណែក​ដំណែង​អគ្គលេខាធិការ​ត្រូវបាន​អង្គ​មហាសន្និបាត​វិសាមញ្ញ​បាន​បោះឆ្នោតឱ្យ​អតីត​កីឡាករ​បាញ់កាំភ្លើង លោក ហូ សិទ្ធិគុណ ដើម្បី​ជំនួស លោក ប៊ុ​យ សុ​ភ័​ណ្ឌ ដែល​ជាប់រវល់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េ រយៈពេល​វែង​។​

​លោក វ៉ា​ត់ ចំរើន អនុប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​បាន​មានប្រសាសន៍ថា សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​ជា​ប្រភេទ​កីឡា​អូឡាំពិក​ដែលមាន​វ័យ​ចំណាស់​មួយ និង​ជា​កីឡា​មួយ​ប្រភេទ​ដែលមាន​សក្តានុពល​ក្នុង​អូឡាំពិក​ជា​រៀងរាល់ឆ្នាំ​ទៀតផង​។ ទន្ទឹមនឹងនេះ​ដើម្បីឱ្យ​សហព័ន្ធ​ដែល​លែង​ដំណើរការ​តាំងពី​ឆ្នាំ​២០០៨​មួយ​នេះ មានដំណើរ​ការ និង​សក្តានុពល​ឡើងវិញ​បញ្ហា​ដំបូង លោក​បាន​ជំរុញ​ឱ្យ​សហព័ន្ធ​ត្រូវ​រៀបចំ​ឱ្យមាន​កីឡាករ​កីឡាការិនី ក្លិប​-​សមាគម​ជា​សមាជិក ជាពិសេស​ទីតាំង​ជាមុនសិន ព្រោះ​កីឡា​មួយ​នេះ​មិនអាច​ប្រើប្រាស់​ទីតាំង​ជាមួយ​កីឡា​ដទៃ​បានឡើយ​។


​លោក វ៉ា​ត់ ចំរើន បាន​ជំរុញ​បន្ថែមទៀតថា សហព័ន្ធ​ត្រូវ​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​ប្រកួត​លើក​ទី​១​របស់ខ្លួន​ក្នុងទិសដៅ ដើម្បី​ឈានទៅរក​ការរៀបចំ​កីឡា​អូឡាំពិក ជាពិសេស​ដើម្បីឱ្យ​ឆាប់​មានការ​ទទួលស្គាល់​ពីស​ហ​ព័ន្ធ​អន្តរជាតិ និង​សហព័ន្ធ​ទី្វ​ប​អាស៊ី ដើម្បី​បង្កឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង​សុំ​ជំនួយ​បច្ចេកទេស​ផ្សេងៗ​។ ប្រសិនបើ​យើង​ទទួលបាន​ការទទួលស្គាល់​ពី​សហព័ន្ធ​អន្តរជាតិ និង​សហព័ន្ធ​ទ្វីបអាស៊ី​ក្នុងឆ្នាំនេះ គណកម្មាធិការ​ជាតិ​អូឡាំពិក​នឹង​ផ្តល់ជូន​នូវ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បឋម​ជំនាញ​បាញ់កាំភ្លើង​ភ្លាម​ក្នុង​ឆ្នាំ​បន្ទាប់​។ 


​លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​បាន​បញ្ជាក់ថា មូល​ហេតុដែល​សហព័ន្ធ​បាញ់កាំភ្លើង​មិនទាន់មាន​សកម្មភាព និង​ដំណើរការ ព្រោះ​យើង​ត្រូវ​គិតពី​បញ្ហា​ផ្លូវច្បាប់ បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​សង្គម ព្រោះ​កីឡា​ប្រភេទ​នេះ​មិនអាច​អនុញ្ញាតឱ្យ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ចូលរួម​ប្រកួត​បានទេ​។​

​លោក មៀ​ច សុផាន់​ណា បានបញ្ជាក់​ទៀតថា សហព័ន្ធ​នឹង​រៀបចំ​ឱ្យមាន​ការប្រកួត​ថ្នាក់ជាតិ​សាកល្បង​មួយ​ក្នុង​ក្របខ័ណ្ឌ​កម្លាំងប្រដាប់អាវុធ នា​ថ្ងៃទី​១៤ ខែកុម្ភៈ ខាងមុខនេះ នៅ​កងពលតូច​ឆ័​ត្រ​យោង​៩១១​។ ហើយ​ការរៀបចំ​សាកល្បង​នេះដែរ ដើម្បី​ចង់ដឹង​ពី​ប្រតិកម្ម​របស់​សាធារណៈជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ និង​បកស្រាយ​។​

​គួរ​បញ្ជាក់ថា មហាសន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ដែល​បានរៀបចំ​កាលពី​ថ្ងៃទី​១៤ ខែមករា នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានការ​ចូលរួម​ពី​សំណាក់ លោក វ៉ា​ត់ ចំរើន អគ្គ​លេខ​ធិ​ការ NOCC និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា និង​អនុប្រធាន សមាជិក សមាជិកា​ប្រតិបត្តិ​ជាច្រើនរូប​ទៀត​៕


Tag:
 ​កីឡា​បាញ់កាំភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com