ជាតិ
ឆ្នាំ២០១៥៖ មនុស្សស្លាប់ជាង២០០០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
×
ប្រជាពលរដ្ឋជាង២០០០នាក់ បានស្លាប់បាត់បង់ជីវិត និងជាង៧០០០នាក់ទៀត របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាឆ្នាំ២០១៥ ។ នេះបើតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០១៥ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
យោងតាមរបាយណ៍ខាងលើ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤.៥៩៥ លើក ដែលបានឆក់យកអាយុជីវិតមនុស្សចំនួន ២.២៦៧ នាក់ និងរបួសធ្ងន់ស្រាលចំនួន ៧.៥១០ នាក់ ក្នុងឆ្នាំ២០១៥ ។ ជាមធ្យម មនុស្សចំនួន៦នាក់ស្លាប់ និង២០នាក់ រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុង១ថ្ងៃ។ គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើនជាងគេ គឺកើតឡើងនៅខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ។
យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥ បានថយចុះ និងបាត់បង់ជីវិតមនុស្សតិចជាងឆ្នាំ២០១៤ ។ ក្នុងឆ្នាំ២០១៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤.១០១ លើក ដែលបណ្តាលមនុស្សស្លាប់ចំនួន ១.៦៧៥ នាក់ និងរបួសធ្ងន់ស្រាលចំនួន ៥.៩៥៨ នាក់។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនាពេលព្រឹកនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី កត់សម្គាល់ឃើញថា ការថយចុះគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥ គឺដោយសារតែរដ្ឋាភិបាលបានផ្សព្វផ្សាយពីច្បាប់ចរាចរណ៍បានទូលំទូលាយជាងឆ្នាំមុនៗ ហើយប្រជាពលរដ្ឋក៏មានការយល់ដឹងច្រើនផងដែរ។ លោកបានសម្តែងក្តីរំពឹងដូច្នេះថា៖«ឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍កើតមានតិចជាង២០១៤។ ខ្ញុំសង្ឃឹមថាឆ្នាំ២០១៦ នេះ នឹងតិចជាងឆ្នាំ២០១៥ ដោយសារតែមានការអប់រំប្រជាពលរដ្ឋនិងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹង»៕
© រក្សាសិទ្ធិដោយ thmeythmey.com