កីឡាអន្តរជាតិ
អន្តរជាតិ
Mascherano ត្រូវ​កាត់ទោស​ជាប់ពន្ធនាគារ​១២​ខែ​ព្រោះ​គេចវេស​មិន​បង់ពន្ធ​
22, Jan 2016 , 10:49 am        
រូបភាព
 
​កីឡាករ Javier Mascherano ត្រូវបាន​តុលាការ​អេ​ស្ប៉ា​ញ​ដាក់ទោស​ជាប់គុក​រយៈពេល​១២​ខែ ដោយសារតែ​គេចវេស​មិន​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​។ យ៉ាងណាក្ដី​កីឡាករ​រូបនេះ​អាច​នឹង​បង់ប្រាក់​ជំនួស​ឲ្យ​ការ​ជាប់ទោស​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Guardian​។​

 
Javier Mascherano ខ្សែបម្រើ​ក្លិប​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​តុលាការ​កាត់ទោស​ជាប់គុក​១២​ខែ ពីព្រោះ​រូបគេ​គេចវេស​មិន​បង់ពន្ធ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។ ជាមួយគ្នា​នោះ កីឡាករ Mascherano ក៏ត្រូវ​បាន​ពិន័យ​ទឹកប្រាក់​៨​សែន​អឺរ៉ូ​និង​ហាម​មិន​ឲ្យ​ទទួល​ប្រាក់ចំណេញ​ពី​ការបង់ពន្ធ​រយៈពេល​មួយឆ្នាំ​ផងដែរ​។​
 
​យ៉ាងណាមិញ កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ប្រហែលជា​មិន​អនុវត្ត​ទោស​ជាប់គុក​នោះទេ​។ បើតាម​ច្បាប់​របស់​អេ​ស្ប៉ា​ញ ជន​ណា​ដែល​ទទួលទោស​ជាប់គុក​១២​ខែ អាច​មិន​អនុវត្ត​ទោស​បាន ប្រសិន​នោះ​មិនមែនជា​ទោសឧក្រិដ្ឋ​ទេ​។ តែ​កីឡាករ Mascherano អាច​នឹង​ជាប់ទោស​ដដែល បើ​ហ៊ាន​មាន​កំហុស​បែបនេះ​ម្ដងទៀត​។​
 
​ការិយាល័យ​ពន្ធដារ​របស់​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​កីឡាករ​រូបនេះ​ថា លាក់បាំង​ប្រាក់ចំណេញ​ដែល​រកបាន​ពី​ការលក់​សិទ្ធិ​លើ​រូបភាព​។ ហើយ​ការកាត់ទោស​នេះ​ទៀតសោត គឺមាន​រយៈពេល​ជិត​បី​ខែ ក្រោយ​ខ្សែបម្រើ​រូបនេះ​បាន​បង់ប្រាក់​ប្រហែល​១.៥​លាន​អឺរ៉ូ ដែល​ជំពាក់​មិន​បង់ពន្ធ​ក្នុង​ចន្លោះ​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២​។ 
 
​ក្រោយ​ការកាត់ក្ដី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​សរសេរ​នៅ​ទំព័រ Twitter របស់ខ្លួន​ថា លោក​គ្រាន់តែ​ជា​កីឡាករ​បាល់ទាត់​អាជីព​ប៉ុណ្ណោះ ហើយ​មិនសូវ​យល់​ពី​រឿង​ច្បាប់​អ្វី​នោះដែរ​។ រូបគេ​ត្រូវ​ពឹង​ផ្អែកលើ​មនុស្ស​ដទៃ​ចំពោះ​រឿងនេះ​៕

Tag:
 Mascherano
© រក្សាសិទ្ធិដោយ thmeythmey.com