អន្តរជាតិ
វៀតណាម​៖​ក្រៅពី​តំណែង​អគ្គលេខាធិការ​បក្ស តំណែង​សំខាន់​បី​ទៀត​នឹងត្រូវ​ផ្លាស់ប្ដូរ
26, Jan 2016 , 2:51 pm        
រូបភាព
​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម​បានសម្រេច​ឲ្យ​លោក ង្វៀន ភូ​ជុង ឈរ​ជា​បេក្ខជន​សម្រាប់​បន្ត​តំណែង​ជា​អគ្គលេខាធិការ​បក្ស​រប​ស់លោក​បន្តទៀត ជាមួយនឹង​ការសម្រេច​ផ្លាស់ប្ដូរ​តួនាទី​សំខាន់ៗ​មួយចំនួន​សម្រាប់​ការដឹកនាំ​វៀតណាម​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​។



​នៅសល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ សមាជ​លើក​ទី​១២​បក្ស​កុម្មុយនីស្ត​វៀតណាម​នឹងត្រូវ​បិទ​បញ្ចប់ ហើយ​បេក្ខភាព​សម្រាប់​តំណែង​សំខាន់ៗ​ក្នុង​ថ្នាក់ដឹកនាំ​បក្ស​ក៏ត្រូវ​បានបង្ហាញ​ផងដែរ​។ ក្នុងនោះ​តំណែង​អគ្គលេខាធិការ​បក្ស​អាច​នឹង​រក្សា​ដដែល ពីព្រោះ​លោក ង្វៀន ភូ​ជុង ត្រូវបាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ឯកភាព​ឲ្យ​ឈរ​ជា​បេក្ខជន​សម្រាប់​តំណែង​កំពូល​នេះ​ដដែល និង​រង់ចាំ​ការអនុម័ត​ពី​សមាជ​តែប៉ុណ្ណោះ​។​

​ក្រៅពី​តំណែង​លេខា​បក្ស​លោក ង្វៀន ភូ​ជុង ដែល​អាច​នឹង​បន្ត តំណែង​សំខាន់ៗ​ចំនួន​បី​ទៀត​របស់​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​វៀតណាម​នឹងត្រូវ​ដាក់ជំនួស​ដោយ​បេក្ខជន​ថ្មី ។ ក្នុង​កិច្ចប្រជុំ​របស់ខ្លួន គណៈកម្មាធិការ​មជ្ឈិម​បក្ស​វៀតណាម​បានដាក់​ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Nguyen Xuan Phuc ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ជំនួស​លោក ង្វៀន តាន់​ហ្ស៊ុ​ង​។ ចំណែកឯ​បេក្ខជន​សម្រាប់​ប្រធានាធិបតី​ថ្មី​គឺ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សារ​ធាណៈ​លោក Tran Dai Quang ខណៈ​អនុ​ប្រធានសភា​លោកស្រី Nguyen Thi Kim Ngan គឺជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានសភា​។ 

​សមាសភាព​ខាងលើនេះ​ត្រូវបាន​បញ្ជាក់​ដោយ​លោក Vu Trong Kim សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​។ មួយវិញទៀត បេក្ខជន​សម្រាប់​តំណែង​សំខាន់ៗ​ខាងលើ នឹងត្រូវ​ដាក់​ឲ្យ​សមាជ​បក្ស​បោះឆ្នោត​សម្រេច​ជា​ចុងក្រោយ មុននឹង​ចាប់ផ្ដើម​អាណត្តិ​ការងារ​ប្រាំ​ឆ្នាំ​របស់ខ្លួន​។ សមាជិក​បក្ស​កុម្មុយនីស្ត​ចំនួន​១៥១០​នាក់ ដែល​ចូលរួម​ប្រជុំ​សមាជ​លើក​ទី​១២ នឹង​សម្រេច​លើ​ការងារ​នេះ​មុននឹង​បិទ​សម័យប្រជុំ​នៅ​ថ្ងៃទី​២៨ ខែមករា​។​

​ចំណែកឯ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក ង្វៀន តាន់​ហ្ស៊ុ​ង ត្រូវគេ​មើលឃើញថា ដូចជា​អស់​ឱកាស​ប្រជែង​តំណែង​អគ្គលេខាធិការ​បក្ស​ជាមួយ​លោក ង្វៀន ភូ​ជុង​ទៅហើយ​។ នេះ​មានន័យថា លោក ង្វៀន តាន់​ហ្ស៊ុ​ង អាច​នឹង​មិនមាន​តំណែង​អ្វី​ទាំងអស់ នៅពេល​សមាជ​បញ្ចប់​។ តែបើ​តាម​លោក Vu Ngoc Hoang ជា​អនុប្រធាន​គណៈ​ឃោសនា​មជ្ឈិមបក្ស​វៀតណាម លោក ង្វៀន តាន់​ហ្ស៊ុ​ង ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​អាណត្តិ​ទី​១២​។​

​សូមបញ្ជាក់ថា សមាជ​បក្ស​កុម្មុយនីស្ត​លើក​ទី​១២​នឹង​អនុម័ត​លើ​សមាសភាព​បេក្ខជន​ថ្នាក់ដឹកនាំ​ទាំងអស់​នៅ​ថ្ងៃទី​២៨ ខែមករា​។ ហើយ​តំណែង​អគ្គលេខាធិការ​ដែល​ជ្រើសរើស​ក៏​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ដដែល​នោះ​ផងដែរ​។ លើសពីនេះ រាល់​ការបោះឆ្នោត ក៏ដូចជា​ការសម្រេចចិត្ត​នានា​នឹងធ្វើ​ឡើងជា​សម្ងាត់​និង​បិទទ្វារ​៕
 

Tag:
 ​វៀតណាម​
  កុម្មុយនីស្ត​
© រក្សាសិទ្ធិដោយ thmeythmey.com