ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី​ជំរុញ​ភាគី​ពាក់ព័ន្ធ​ឲ្យ​បង្កើន​សមត្ថភាព​ស្តុក និង​ផលិត​អង្ករ​នាំចេញ​
26, Jan 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ ជំរុញ​ក្រសួង និង​ភាគី​ឯកជន​ពាក់ព័ន្ធ​ឲ្យ​សិក្សា​បង្កើន​សមត្ថភាព​ប្រមូល​ស្តុក​ស្រូវ និង​ផលិត​អង្ករ​ល្អ​កម្ពុជា​នាំ​ចេញទៅ​អន្តរជាតិ ទាំង​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។​



​សម្តេច​បានលើកឡើង​ពី​កត្តា​អន្តោ​ម័ត និង​សត្យា​ម័ត​ដល់​ភាគី​ពាក់ព័ន្ធ​នានា ចូលរួម​សិក្សា​ជំរុញ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ដូចជា ការរៀបចំ​ស្តា​ប្រព័ន្ធធារាសាស្ត្រ​បន្ថែម ការជ្រើសរើស​ពូជស្រូវ​ល្អ​តាម​ទីផ្សារ បច្ចេកទេស​កសិកម្ម ឃ្លាំង​ស្តុក​ស្រូវ ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ និង​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​នាំ​ចេញទៅ​បរទេស ជាដើម​។​

​សម្តេច​ថ្លែងថា បច្ចុប្បន្ននេះ ប្រព័ន្ធធារាសាស្ត្រ​ពុំទាន់​អាច​គ្រប់​ដណ្តប់​ដី​កសិកម្ម​ទូទាំងប្រទេស នៅឡើយ ដូចនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​បន្ត​ស្តារ និង​គ្រប់គ្រង​ទឹក ដើម្បី​ឲ្យ​កសិករ​កម្ពុជា អាចធ្វើ​កសិកម្ម​មួយ ឬ​ពីរ ឬ​ច្រើនដង​ក្នុង​មួយឆ្នាំ ដោយ​ពួកគេ​ពុំ​ចាំបាច់​កាប់​ព្រៃឈើ ដើម្បី ពង្រីក​ដីស្រែ​ចំការ​។ ជាងនេះទៀត សម្តេច​បន្តថា ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សិក្សា​រក​ទីផ្សារ នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​បន្ថែមទៀត ព្រមទាំង​ចុះបញ្ជី​ម៉ាក់​ផលិតផល​រួម​របស់​កម្ពុជា ដើម្បី​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​ផលិតផល​អង្ករ​ល្អ​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ ស្រូវ​អង្ករ​កម្ពុជា ត្រូវ​បានទទួល​ចំណាត់​ថ្នាក់ទីមួយ ជា​អង្ករ​ល្អ​ជាងគេ​ទូទាំង ពិភពលោក នៅក្នុង​ឆ្នាំ ២០១២ ២០១៣ និង​២០១៤ កន្លងមក​៕


© រក្សាសិទ្ធិដោយ thmeythmey.com