អន្តរជាតិ
លោក ឃេ​រី នឹង​ជជែក​ពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​និង​ជម្លោះ​សមុទ្រ​ចិន​ជាមួយ​ចិន​
26, Jan 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ចាក​ចេញពី​កម្ពុជា​លោក ច​ន ឃេ​រី នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ចិន នឹង​ជួប​មន្ត្រីការទូត​ជាន់ខ្ពស់​និង​មេដឹកនាំ​ចិន​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ ដោយ​ផ្តោតលើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ប្រមុខ​ការទូត​រូបនេះ​នឹង​បញ្ចុះបញ្ចូល​ឲ្យ​ចិន​ដាក់​សម្ពាធ​ឬ​អាចដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​រឿង​អាវុធ​នុយក្លេអ៊ែរ​ដែរ​។



​ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃេ​រី នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ចិន​ទៀត ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ឡាវ​និង​កម្ពុជា​។ ទិសដៅ​ចុង​ក្រោយនេះ លោក​នឹង​ឆ្លៀតឱកាស​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រីការទូត​ជាន់ខ្ពស់ និង​មេដឹកនាំ​ចិន​ផង ពី​បញ្ហា​ប្រឈម​ធំៗ​ក្នុង​តំបន់​ជាពិសេស​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​តានតឹង​សមុទ្រ​ចិន​ខាងត្បូង​ផង​។ 

កូរ៉េ​ខាងជើង​បានសម្រេច​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ដើមខែ​មករា​កន្លងទៅ​។ សកម្មភាព​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​និង​ធ្វើ​ឲ្យ​សហគមន៍​ខឹងសម្បារ​ខ្លាំង​ដែរ​។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​ព្រួយបារម្ភ​ខ្លាំងជាងគេ ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ទាំងនេះ​។ លោក ឃេ​រី ទៅកាន់​ប្រទេស​ចិន ក្រោយ​ពេលដែល​លោក​ជួប​ជជែក​ពិភាក្សា​ជាមួយ​សម​ភាគី​ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​ជជែក​ពី​វិធាន​ការដែល​ត្រូវ​ដាក់ចេញ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់មក​កាន់​តំបន់​អាស៊ី​លើក​នេះ លោក ច​ន ឃេ​រី ក៏បាន​ឆ្លៀតឱកាស​ជជែក​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ឡាវ និង​កម្ពុជា​ដែរ​ពី​បញ្ហា​នុយក្លេអ៊ែរ កូរ៉េខាងជើង ព្រោះ​ទង្វើ​កូរ៉េខាងជើង​គំរាមកំហែង​សន្តិសុខ​និង​សន្តិភាព​ពិភពលោក​។ កន្លងមក​កម្ពុជា​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែរ​។​

​ចិន​ឯណោះ​វិញ​កន្លងមក​បានបង្ហាញ​ជំហរ​រឹង​តឹ្អ​ង​របស់ខ្លួន​ចំពោះ​សកម្មភាព​កូរ៉េខាងជើង​ដែរ​ព្រោះ​ចិន​មិន​គាំទ្រ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឡើយ​។ លោក ច​ន ឃេ​រី ទំនងជា​នឹង​ស្វែងរក​ជំនួយ​ពី​ក្រុង​ប៉េកាំង​ដើម្បី​ឲ្យ​មាន​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ប្រទេស​នេះ​បញ្ចប់​ការគំរាមកំហែង​សន្តិភាព​និង​ត្រលប់​ចូល​តុ​ចរចា​វិញ​ផង​។ ហើយ​អាមេរិក​ក៏​ប្រហែលជា​ចង់​ឲ្យ​ចិន​ឈានទៅ​ដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ផង​។

​គេ​រំពឹងថា  បើ​មាន​សម្ពាធ​ពី​ចិន កិច្ចពិភាក្សា​ភាគី ៦  ដែល​ជាប់គាំង​ទៅមុខ​មិន​រួច​យូរណាស់​មកហើយ​នោះ អាច​ចាប់ផ្តើម​ឡើងវិញ ប៉ុន្តែ​ការជំរុញ​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​នោះ​ទំនងជា​មិនអាច​ទៅរួច​ឡើយ​។

​ដោយឡែក បញ្ហា​មួយទៀត​ដែល​លោក ឃេ​រី អាច​នឹង​លើកយក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មក​ជជែក​ជាមួយ​សម​ភាគី​ចិន​លោក Wang Yi និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ផងដែរ​។ សហរដ្ឋអាមេរិក​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទេ តែ​អាមេរិក​តែង​លើកឡើង​ពី​បញ្ហា​សេរីភាព​នាវាចរណ៍​តាម​សមុទ្រ​មកជា​លេស​មក​ដាក់​សម្ពាធ​លើ​ចិន​។ ក្រុង​វ៉ាស៊ីនតោន បារម្ភ​ខ្លាំង ព្រោះតែ​ចិន​បន្ត​សាងសង់​កោះ​សិប្បនិម្មិត​វាតទី​នៅ​កណ្តាល​តំបន់​ជម្លោះ​សមុទ្រ​ចិន ព្រោះ​វា​ប៉ះពាល់​ដល់​ប្រយោជន៍​អាមេរិក​នៅក្នុង​តំបន់​៕


© រក្សាសិទ្ធិដោយ thmeythmey.com