អន្តរជាតិ
ស្ត្រី​ទាសករ​ផ្លូវភេទ​ប៉ុនប៉ង​ជួប​អធិរាជ​ជប៉ុន​ដែល​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន
27, Jan 2016 , 8:20 am        
រូបភាព
ដោយ:
​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ ទៅដល់​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​២៦ ខែមករា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ដែលជា​គូស​ត្រួវ​នឹង​គ្នា ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ និង​ទៅ​គោរព​ជនរងគ្រោះ​សម័យ​សង្គ្រាម​។ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ស្ត្រី​បម្រើ​ផ្លូវភេទ​ហ្វីលីពីន​ដែល​ត្រូវ​ចាប់បង្ខំ​ដោយ​ទាហាន​ជប៉ុន​កាលពី​អតីត ក៏​ប៉ុនប៉ង​ជួប​អធិរាជ​ជប៉ុន​ដើម្បី​ស្វែងរក​ការដោះស្រាយ​លើ​បញ្ហា​នេះ​ផងដែរ​។



​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ និង​អធិរាជ​នី មី​ឈី​កុ បានចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​រឹតចំណង​មិត្តភាព​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ខណៈ​ប្រទេស​អតីត​គូសត្រូវ​ទាំងពីរ​ត្រូវបាន​គេ​មើលឃើញថា ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​នាពេល​បច្ចុប្បន្ន​។ ប្រមុខរដ្ឋ​ជប៉ុន​នឹង​ទៅកាន់​គោរព​ជនរងគ្រោះ​សម័យ​សង្គ្រាមលោកលើកទី​ពីរ ពីព្រោះ​ហ្វីលីពីន​ជា​អតីត​សមរភូមិ​ក្ដៅ​កាលពី​ពេលនោះ​។​

​ជាមួយគ្នា​នោះ អធិរាជ​ជប៉ុន​នឹង​ទៅកាន់​វិមានឯករាជ្យ​ហ្វីលីពីន​និង​ទៅ​គោរព​ជនជាតិ​ជប៉ុន​ដែល​បាត់​បង់ជីវិត​ក្នុងពេល​ប្រយុទ្ធ​សម័យ​សង្គ្រាម​លើ​ទឹកដី​ហ្វីលីពីន​ផងដែរ​។

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​ហ្វីលីពីន​ដែល​ត្រូវ​ចាប់បង្ខំ​ក្នុងពេល​ជប៉ុន​កាន់កាប់​ហ្វីលីពីន​។ ក្រុម​ស្ត្រី​ទាំងនោះ​បានទាមទារ​ឲ្យ​ជប៉ុន​សុំទោស​ជា​ផ្លូវការ និង​ផ្ដល់​ជា​សំណង​ដល់​ពួកគេ​ទៀតផង​។ ពួកគេ​បាន​រិះគន់​ជប៉ុន​ដែល​រើសអើង​ដល់​ជនរងគ្រោះ​ដែលជា​ស្ត្រី​បម្រើ​ផ្លួ​វ​ភេទ ដ្បិត​ជប៉ុន​បានផ្ដល់​សំណង​ចំពោះ​ស្ត្រី​កូរ៉េខាងត្បូង តែ​មិនបាន​គិតគូរ​ដល់​ជនរងគ្រោះ​មកពី​ប្រទេស​ដទៃ​ទេ​។​

​កាលពី​ចុងឆ្នាំ​២០១៥ ជប៉ុន និង​កូរ៉េខាងត្បូង​សម្រេចបាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រី​ទាករ​កូរ៉េខាងត្បូង​ដែល​ត្រូវ​ទាហាន​ជប៉ុន​ធ្វើបាប​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។ ជប៉ុន​ព្រម​បង់​សំណង​ជំងឺ​ចិត្ត ៨.៧​លាន​ដុល្លារ​អាមេរិក ដល់​ជនរងគ្រោះ​កូរ៉េខាងត្បូង​និង​ទទួលស្គាល់ថា​វា​ជាការ​ទទួលខុសត្រូវរ​បស់​ខ្លួន​។ 

​ក្រុម​ស្ត្រី​ទាំងនោះ​ចង់​ជួប​ជាមួយ​ព្រះ​ចៅ​អធិរាជ​ជប៉ុន ដើម្បី​រៀបរាប់​ពី​ការលំបាក​របស់​ពួកគេ​។ អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ ពួកគេ​តែង​តវ៉ា​ដើម្បី​រក​យុត្តិធម៌​ចំពោះ​ការឈឺចាប់​កាលពី​អតីតកាល តែ​ពួកគេ​មិន​ទទួលបាន​សំណង​អ្វី​ទាំងអស់​។ ទើបតែ​ពេលនេះ ក្នុងពេល​ទស្សនកិច្ចរ​បស់​អធិរាជ​ជប៉ុន វា​អាចជា​ឱកាសល្អ​សម្រាប់​ក្រុម​ស្ត្រី​ចំណាស់​ទាំងនោះ បង្ហាញ​ពី​ការចង់បាន​របស់​ពួកគេ​។​

​ចំណែកឯ​លោក Emmi de Jesus សមាជិក​ម្នាក់​នៃ​សភា​ហ្វីលីពីន ក៏បាន​បញ្ជាក់ដែរថា ទស្សនកិច្ច​របស់​អធិរាជ​ជប៉ុន នឹង​កាន់តែ​មានន័យ​ប្រសិនបើ​មានការ​ជួប​ជាមួយ​ក្រុម​ស្ត្រី​ទាសករ​ផ្លូវភេទ​ទាំងនោះ​។ លោក​ប្រាប់ Al Jazeera ថា ព្រះ​ចៅ​អធិរាជ​អាចមាន​ឥទ្ធិពល​លើ​លោកនាយក​រដ្ឋមន្ត្រី អា​បេ ហើយ​អាច​ឈានដល់​ការស្វែងរក​ដំណោះស្រាយ​ណាមួយ​សម្រាប់​ជនរងគ្រោះ​ដែល​ត្រូវបាន​ចាប់បង្ខំ​ទាំងនោះ​ទៀតផង​៕


Tag:
 ​ជប៉ុន​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com