ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ស្នើ​ឲ្យ​ទ្រង់ រណឫទ្ធិ ធ្វើ​សិក្ខាសាលា​ពិភាក្សា​ដើម្បី​បញ្ចប់​ការចោទប្រកាន់​គ្នា​
27, Jan 2016 , 11:17 am        
រូបភាព
ដោយ:
​ភាពល្អក់​កករ​គ្នា​រវាង​ប្រធាន និង​អនុប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច កំពុងតែ​បង្ហាញ​ពី​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង​របស់​បក្ស​រាជានិយម​ដែល​ធ្លាក់​ប្រជាប្រិយភាព និង​ធ្លាប់​បែកបាក់​គ្នា​ជាច្រើនលើក​មកហើយ​នោះ​។



​ក្រោយពី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់រ​បស់​សម្តេចក្រុមព្រះ​ថា ខ្លួន​មិនមាន​ចេតនា​បះបោរ ឬ​ប្រឆាំង​ទ្រង់ រណឫទ្ធិ រួចមក លោក ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អះអាងថា លោក​បានស្នើ​ឲ្យ​ប្រធាន​គណបក្ស ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ  ធ្វើ​សិក្ខាសាលា​មួយ ដោយ​បើក​ឲ្យ​មានការ​ពិភាក្សា​ដោយ​សេរី ដើម្បី​ប្រមូល​ទិន្នន័យ​ទាំងអស់  បញ្ចប់​មន្ទិល​ស​សង្ស័យ និង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​។ លោក​ថា សិក្ខាសាលា​នេះ ក៏​បញ្ជាក់​ពី​ការគិតគូរ​ចំពោះ​អនាគត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​ស្នាម​ព្រះ​ហ​ស្ថ និង​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ដែរ​។ នេះ​បើតាម​លិខិត​បំភ្លឺ​របស់លោក ញឹក ប៊ុនឆៃ កាលពី​ថ្ងៃទី ២៦ ខែមករា​។​
 
​ក្នុង​លិ​ខិត​ដដែល​នោះ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា បំណង​របស់ខ្លួន​បែបនេះ ស្របតាម​ឆន្ទៈ​ដ៏​លើសលុប​របស់​អ្នករាជានិយម ដែល​ទាមទារ​ធ្វើ​សិក្ខាសាលា​នេះ តែ​លោ​កថា មកដល់ពេលនេះ លោក​នៅតែ​មិនទាន់​ទទួល​ចម្លើយ​ពី​សម្តេចក្រុមព្រះ​នោះទេ​។ ជាមួយគ្នា​លោក ញឹក ប៊ុនឆៃ ក៏​បញ្ជាក់​ពី​គោលជំហរ​បែបនេះ​ថា​៖«​គ្មាន​ហេតុផល​ណាមួយ ដែល​ត្រូវធ្វើ​ឲ្យ​បែកបាក់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​លោក​ក៏​ជា​អ្នក​ផ្តួចផ្តើម​កវែកកឆ្នាំង​ពីដំបូង​ទី ហើយ​ដែល​ខ្ញុំ​កំពុង​ស្ថិតនៅ​រួមជាមួយ​នោះ​ផងដែរ​។ ហ្វ៊ុនស៊ិនប៉ិច​ជា​ផ្ទះ​របស់ខ្ញុំ​»។

កាលពីពេល​កន្លងទៅ​លោក ញឹក ប៊ុនឆៃ ធ្លាប់​អះអាងប្រាប់​សារព័ត៌មានថ្មីៗថា គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ក្រោម​ការ​ដឹក​​នាំ​របស់​សម្តេច​ក្រុម​ព្រះ ជាង ១ ឆ្នាំ មកនេះ គណបក្សនេះ មិនកើន​ប្រជា​ប្រិយ​ភាព​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្លាក់​ចុះ​ប្រជា​ប្រិយ​ភាពថែម​។ លោក​ថា បន្ទាប់​ពី​លោក​យាង​សម្តេច​ក្រុម​ព្រះ​មកធ្វើ​ជាប្រធាន​បក្ស​ឡើង​វិញ​ មន្រ្តីចាស់​បក្សនេះមួយចំនួន បាន​បាត់​បង់​តួនាទី ដែលធ្វើឲ្យ​សមាជិក​បក្ស​ខ្លះ​ដើរ​ចេញ​៕
 

Tag:
 ញឹក ប៊ុនឆៃ​
 ​ សម្តេចក្រុមព្រះ​
  ​ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com