អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​តៃវ៉ាន់​ត្រៀម​ទៅ​កោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
27, Jan 2016 , 3:31 pm        
រូបភាព
 ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​តៃវ៉ាន់ Ma Ying- jeou  នឹង​ទៅ​ទស្សនកិច្ច​នៅ​កោះ  Itu Aba ដែល​ស្ថិតនៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ មករា ស្អែក​នេះ​។ តៃវ៉ាន់​បានទាមទារ​យក​កោះ​នេះ​ព្រោះ​ខ្លួន​បាន​កាន់កាប់​កោះ​នេះ​តាំងពី​ឆ្នាំ ១៩៥៦​មកម្ល៉េះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ



​នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ​ប្រធានាធិបតី​តៃវ៉ាន់​ជិត​ផុត​អាណត្តិ​លោក Ma Ying- jeou  នឹង​ទៅ​ទស្សនកិច្ច​កោះ Itu Aba (​ភាសា​តៃវ៉ាន់​កោះ​Taiping) ដែលជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ​ស្ព្រា​ត់​លី​ស្ថិតក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ការិយាល័យ​ប្រធានាធិបតី​បាន​បញ្ជាក់ថា លោក Ma នឹង​ទៅ​កោះ​ខាងលើ​នៅ​ថ្ងៃស្អែក ក្នុងករណី​ដែល​អាកា​ធាតុ​អំណោយផល​ល្អ​។  ប៉ុន្តែ​ប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោត​លោកស្រី Tsai Ing-wen បានប្រកាស​ហើយ​ថា លោកស្រី​នឹងមិន​បញ្ជូន​អ្នកតំណាង​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ទេ​។ 
 
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក Ma ធ្លាប់​ប្រកាស​កាលពី​ឆ្នាំមុន​ថា​លោក អាច​ទៅ​ទស្សនកិច្ច​នៅ​កោះ Itu Aba ចុងឆ្នាំ​២០១៥ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ផ្លាស់ប្តូរ​ពេលវេលា​ដោយសារ​លោក​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។ ទាក់ទិន​ការទាមទារ​កោះ​នេះ ប្រធានាធិបតី​តៃវ៉ាន់​បានចេញ​គំនិត​ផ្តួចផ្តើម​សន្តិភាព​មួយ​ដោយ​ស្នើ​ឲ្យ​បណ្តា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ចូលរួម​អភិវឌ្ឍ​ធនធាន​ដែលមាន​ក្នុង​តំបន់​ជម្លោះ​ជាមួយគ្នា និង​ទុក​ការទាមទារ​ផ្សេងៗ​គ្នា​នេះ​នៅ​ដោយឡែក​។​
 
​តៃវ៉ាន់​នៅ​បន្ត​ចាត់ទុក​កោះ Itu Aba  ជា​ផ្នែក​មួយ​របស់ខ្លួន ហើយ​កងទ័ព​តៃវ៉ាន់​បាន​កាន់កាប់​កោះ​នេះ​តាំងពី​ឆ្នាំ ១៩៥៦​មកម្ល៉េះ នៅពេល​កងទ័ព​ចិន​ចាប់ផ្តើម​សកម្មភាព​យោធា​នៅលើ​ប្រជុំ​កោះ​ស្ព្រា​ត់​លី​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ ១៩៩៩ តៃវ៉ាន់​ចាប់ផ្តើម​ប្តូរ​កងទ័ព​ដែល​បញ្ឈរជើង​នៅលើ​កោះ​ដោយ​ប្រើប្រាស់​ឆ្មាំ​ការពារ​សមុទ្រ​ឲ្យ​ល្បាត​នៅ​កោះ​ជំនួស​វិញ​។ នៅក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ដាក់ចេញ​គម្រោង​អភិវឌ្ឍន៍​មួយ​នៅលើ​កោះ​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រហែល ១១០​លាន​ដុល្លារ​អាមេរិក​។ 
 
​ប៉ុន្តែ​កោះ​ដែល​តៃវ៉ាន់​ទាមទារ​ថា​ជា​របស់ខ្លួន​នេះ ក៏ត្រូវ​ចិន ហ្វីលីពីន និង​វៀតណាម​ទាមទារ​ដូចគ្នា​ដែរ​។ ដូច្នេះ​ការ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តៃវ៉ាន់​នឹងធ្វើ​ឲ្យ​បណ្តា​ប្រទេស​ទាំងបី​ខាងលើ​អាច​ខឹងសម្បារ​និង​ប្រតិកម្ម​តប​ខ្លាំង​ផងដែរ​ក៏​មិនដឹង​។​
 
​ប៉ុន្តែ​លោក Ma នឹង​ចុះ​ចេញពី​តំណែង​នៅក្នុង​ខែឧសភា​ខាងមុខ ដោយ​ទុក​កៅអី​ឲ្យ​ប្រធានាធិបតី​ថ្មី​មកពី​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​គ្រប់គ្រង​វិញ​ម្តង​។  បើតាម​គោលជំហរ​របស់​ប្រធានាធិបតី​ថ្មី ដោយ​មិន​បញ្ជូន​តំណាង​របស់ខ្លួន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​កោះ​ជម្លោះ​នេះ បានបង្ហាញ​ច្បាស់​ថា រដ្ឋាភិបាល​នេះ មិន​ចង់ឃើញ​សកម្មភាព​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើតឡើង​ឡើយ​។​
 
 
 
 

Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com