អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គ្មាន​សង្ឃឹមថា​ចិន​ដាក់​សម្ពាធ​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ​ឡើយ​
27, Jan 2016 , 4:18 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃេ​រី បាន​អញ្ជើញ​ទៅដល់​ក្រុង​ប៉េកាំង​ថ្ងៃ​អង្គារ ទី ២៦ ម្សិលមិញ ដើម្បី​ជជែក​ជាមួយ​មេដឹកនាំ​ចិន​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​។ សហគមន៍​អន្តរជាតិ និង ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ចិន​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ឬ​អាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដូច​អ៊ីរ៉ង់​ផង​។ ប៉ុន្តែ​ដូច​ឃើញស្រាប់ គ្មាន​សង្ឃឹម​ទេ​ដែល​រំពឹងថា​ចិន​នឹងដាក់​គំនៀប​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ប្រទេស​នេះ​បោះបង់​អាវុធ​របស់ខ្លួន​ចោល ព្រោះ​សូម្បីតែ​កិច្ចប្រជុំ​ភាគី​ប្រាំមួយ​ចិន​ដែល​ចិន​ផ្តួចផ្តើម​បង្កើតឡើង​កន្លងមក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏​មហាអំណាច​នេះ​មិនបាន​ជួយ​ឲ្យ​សម្រួល​ឲ្យ​វេទិកា​ពហុភាគី​នេះ​ចាប់ផ្តើម​ឡើងវិញ​ដែរ​។


 លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ

**audio2**
 
​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖
​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​កាលពីដើម​ខែមករា​កន្លង​ទៅបាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​និង​ប្រតិកម្ម​ខ្លាំង​។ អាមេរិក កូរ៉េខាងត្បូង ជប៉ុន ចង់​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង ទុកជា​ការព្រមាន​ចំពោះ​សកម្មភាព​បង្ករឿង​នេះ​។ ហើយ​អាមេរិក​ចាប់ផ្តើម​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​នៅ​កូរ៉េខាងត្បូង ហើយ​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​នុយ​ក្ល​អ៊ែរ B-52 ទៅកាន់​ឧបទ្វីប​កូរ៉េ​ថែមទៀត​។ ក្រៅពីនេះ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ស្វះ​ស្វែងរក​ការគាំទ្រ​និង​សហការ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ន​ជាពិសេស​ពី​ប្រទេស​ដែលមាន​ឥទ្ធិពល​លើ​កូរ៉េខាងជើង​ដូចជា​ចិន ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​បញ្ចប់​សកម្មភាព​បង្កបញ្ហា​នេះ​។​
 
​ឃើញស្រាប់​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ច​ន ឃេ​រី ទៅកាន់​ប្រទេស​ចិន​ម្សិលមិញ​នេះ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ចិន​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​។ ក្រៅពី​បញ្ហា​ឧបទ្វីប​កូរ៉េ លោក ឃេ​រី ចង់​ជជែក​ពិភាក្សា​សិទ្ធិមនុស្ស និង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​មេដឹកនាំ​ចិន​ដែរ​។​
 
១.​លោក ឃេ​រី សង្ឃឹមថា​ចិន​នឹង​បង្ហាញ​ជំហរ​រឹង​ត្អឺ​ង​ចំពោះ​កូរ៉េខាងជើង​
​លោក ឃេ​រី ជួប​ជជែក​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​សម​ភាគី​ចិន លោក វ៉ាង យី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​លោក​លើកយក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្នុងជំនួប​តែម្តង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​សង្ឃឹមថា ចិន​នឹងធ្វើ​សកម្ម​ច្រើនជាង​មុន​ដោយ​សហការ​ជាមួយ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​សន្តិសុខ​បង្កឡើង​ដោយ​ក្រុង​ព្យុងយ៉ាង​។ គេ​មិនទាន់​ដឹងថា តើ​ចិន​នឹងធ្វើ​បែបណា​ទៀត​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា បំណង​ប្រមុខ​ការទូត​អាមេរិក​គឺ​ស្នើសុំ​ឲ្យ​ភាគី​ចិន​ប្រើប្រាស់​អំណាច​របស់ខ្លួន​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន និង​ត្រលប់មក​ចរចា​បញ្ហា​នុយក្លេអ៊ែរ​នេះ​។ វា​ជា​ការពិត​ដែលថា ក្រុង​ប៉េកាំង​អាចមាន​ទឹកមាត់ប្រៃ និង​អាចដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​បាន​ជុំវិញ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ​។ តាំងពី​យូរ​មកហើយ ចិន​ជា​អ្នកការពារ​កូរ៉េខាងជើង​តាមផ្លូវ​ការទូត និង​ជា​អ្នក​ជួយ​ឲ្យ​ដង្ហើម​សេដ្ឋកិច្ច​កូរ៉េខាងជើង​នៅរស់​។ ប៉ុ​ន្ត​ចាប់ពី គីម ជុង​អ៊ុន​ឡើងកាន់តំណែង​និង​មានការ​ផ្លាស់ប្តូរ​សមាស​សភាព​ដឹកនាំ​ចិន ទំនាក់ទំនង​ចិន​និង​កូរ៉េខាងជើង​ធ្លាក់ចុះ​។ ចិន​កាន់តែ​ស្និទ្ធ​កូរ៉េខាងត្បូង ហើយ​កូរ៉េខាងជើង​ដូចជា​មិនសូវ​ស្តាប់បង្គាប់​របប​ដឹកនាំ​ក្រុង​ប៉េកាំង​ទៀត​។  
 
​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​លើក​ទី​៤ ចិន​បាន​ប្រតិកម្ម​តប​ដែរ ព្រោះ​កូរ៉េខាងជើង​មិនបាន​ប្រាប់​ចិន​មុន​ឡើយ ហើយ​ចិន​ក៏​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ខ្លាំង​ដែរ​ព្រោះតែ​សកម្មភាព​នេះ​។ ប៉ុន្តែ​ចិន​នៅតែ​ស្នើ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​រក្សា​ការអត់ធ្មត់ ចៀសវាង​ប្រើប្រាស់​កម្លាំង និង​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ចិន​ក៏​មិន​ចង់ឃើញ​ទណ្ឌកម្ម​ថ្មី​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ដែរ​។ 
 
២.​ចង់​ពឹង​ចិន​ឲ្យ​ជំរុញ​កូរ៉េខាងជើង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ជា​ស្រមើស្រមៃ​
​កន្លងមក​មានការ​លើក​ឡើង​ផងដែរ​ពាកព័ន្ធ​នឹង​ការជំរុញ​ឲ្យ​ក្រុង​ព្យុងយ៉ាង​លះបង់​អាវុធ និង​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដូចដែល​អ៊ីរ៉ង់​ធ្វើ​កន្លងមក​។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ប្រាំមួយ​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ ហើយ​អាមេរិក​ជឿជាក់ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​អាវុធ​នុយ​ក្ល​អ៊ែរ​បាន​។ តែ​ការ​រំពឹងថា ចិន​អាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង ឬ​កូរ៉េខាងជើង​សុខចិត្ត​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ដូច​អ៊ីរ៉ង់​ជា​រឿង​ស្រមើស្រមៃ​ប៉ុណ្ណោះ​។​
 
​ជារួម​ចិន​នៅ​រក្សាទុក​កូរ៉េខាងជើង​ជា​តំបន់ស ដែល​អាច​ទប់ទល់​ឥទ្ធិពល​អាមេរិក​នៅក្នុង​តំបន់​បាន​។ ចិន​មើល​ហើយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង​ក៏​មិនអាច​ក្អេងក្អាង និង​បង្ករឿង​ដើម្បី​ដាក់​សម្ពាធ​លើ​លោកខាងលិច​បាន​ដូច​ពេលបច្ចុប្បន្ន​ដែរ​។ កុំថាឡើយ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ចោល​អាវុធ ចិន​មិនទាន់​ទាំង​ប្រឹង​ជួយ​ជំរុញ​រុញ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​កិច្ចពិភាក្សា​ភាគី ៦​ដែល​ជាប់គាំង​អស់​ច្រើន​ឆ្នាំ​មក​ផង​។​
 
​ដោយឡែក កាលពី​ខែកក្កដា​ឆ្នាំមុន កូរ៉េខាងជើង ប្រកាសថា ខ្លួន​មិន​ចាប់អារម្មណ៍​លើ​ការលះបង់​សិទ្ធិ​ផលិត​គ្រាប់បែកបរមាណូ ដូច​អ៊ីរ៉ង់​ឡើយ​។ ក្រសួងការបរទេស​ថា អាវុធ​នុយក្លេអ៊ែរ​ជា​អាវុធ​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​បំផុត​មួយ ដើម្បី​ទប់ទល់​ជាមួយ​គោលនយោបាយ​សហរដ្ឋអាមេរិក ដែល​តែងតែ​ប៉ុនប៉ង​ផ្តួលរំលំ​របប​ដឹកនាំ​កូរ៉េខាងជើង​។   ក្រុង​វ៉ាស៊ីនតោន ព្យាយាម​បង្កបញ្ហា​នៅ​តំបន់​ជាពិសេស​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ រួមជាមួយ​កូរ៉េខាងត្បូង​ជាដើម​។ 
 
​និយាយ​ទៅ ការបរាជ័យ​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បន្ទោស​តែ​ចិន​និង​កូរ៉េខាងជើង​ក៏​មិនកើត​ដែរ​។  គេ​ក៏​គួរ​បន្ទោស​ក្រុង​វ៉ាស៊ីនតោន ដែល​ព្យាយាម​បង្កបញ្ហា​នៅ​តំបន់​ដោយ​សំញែង​កម្លាំងយោធា​ដោយ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រួមជាមួយ​កូរ៉េខាងត្បូង ដាក់ពង្រាយ​អាវុធ ឬ​កងទ័ព​នៅ​ឧបទ្វីប​កូរ៉េ​ផង​។ ការប្រើប្រាស់​កម្លាំង​ឬ​អំណាច​យោធា​របស់ខ្លួន​គំរាមកំហែង​កូរ៉េខាងជើង មិនមែនជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ឡើយ​។ ហើយ​ពេលខ្លះ​ក្រុង​វ៉ាស៊ីនតោន​ហាក់ដូចជា​មើលមិនឃើញ ឆន្ទៈ​ចង់​ចរចា​របស់​ក្រុង​ព្យុងយ៉ាង​ឡើយ ព្រោះ​អាមេរិក​មានបំណង​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង មិនមែន​ត្រឹមតែ​ចង់ឃើញ​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com