ជាតិ
ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ឯកអគ្គរាជទូត​ថ្មី​ចំនួន​៥​រូប​
27, Jan 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះរាជក្រឹត្យ​ស្តីពី​ការតែងតាំង​ឯកអគ្គរាជទូត​ចំនួន​៥​រូប បាន​ឡាយព្រះហស្តលេខា ដោយ​ព្រះបរមនាថ នរោត្តម សីហមុនី ដែល​សម្រេច​តែងតាំង​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ចំនួន​៥​រូប កាលពី​ថ្ងៃទី​៤ មករា ឆ្នាំ​២០១៦ ។​



​ព្រះរាជក្រឹត្យ​បាន​គូសបញ្ជាក់ថា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ទាំង​៥​រូបនេះ រួមមាន​៖

ទី​១. លោក តាន់ ប៊ុន​ប៉ា ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រដ្ឋ​កូ​វ៉ែត និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​សហភាព​អារ៉ាប់​អេ​មី​រ៉ា​ត រដ្ឋ​កាតា ព្រះរាជាណាចក្រ​បា​រ៉ែ​ន និង​ប្រទេស​អូ​ម៉​ង់ (Sultanate of Oman) ដែលមាន​និវេសនដ្ឋាន​នៅ​រដ្ឋ​កូ​វ៉ែត ដែល​បច្ចុប្បន្ន លោក​ជា​អធិការ​នៃ​អគ្គាធិការដ្ឋាន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ទី​២.  លោក ស្មាន ម៉ា​ណាន ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្ស៊ី​ប ដែល​បច្ចុប្បន្ន លោក​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រដ្ឋ​កូ​វ៉ែត និង​ជា​ឯកអគ្គរាជទូត​ប្រចាំ​សហភាព​អារ៉ាប់​អា​មី​រ៉ា​ត រដ្ឋ​កាតា ព្រះរាជាណាចក្រ​បា​រ៉ែ​ន និង​ប្រទេស​អូ​ម៉​ង់ (Sultanate of Oman) ដែលមាន​និវេសនដ្ឋាន​នៅ​រដ្ឋ​កូ​វ៉ែត​។​

​ទី​៣. អ្នកស្រី រត្ន ម៉ា​នី ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែល​បច្ចុប្បន្ន អ្នកស្រី​ជា​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​មេគង្គ នៃ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។

​ទី​៤. លោក ចែម វី​ឌ្យ៉ា ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ អ៊ីតាលី ព័រ​ទុយ​ហ្គា​ល់ ក្រិ​ក បូរី​ក្សត្រ​អង់​ដ័​រ ម៉ា​ល់តា និង​ស៊ី​ប ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ដែល​បច្ចុប្បន្ន លោក​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

និង​ទី​៥. លោក មាស​កេ​ត្ថ ដា​វីដ ជា​ប្រតិភូ​អចិន្ត្រៃយ៍​រង​នៃ​ស្ថាន​ប្រតិភូ​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង ដោយមាន​ឋាន​ជា​អគ្គរាជទូត ដែល​បច្ចុប្បន្ន លោក​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​ការប្រកាស​តែងតាំង​ឯក​គ្គ​រាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ទាំង​៥​រូបនេះ គឺ​យោងតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០១១៦/០០១ លេខ​នស​/​រកត​/០១១៦/០០៣ លេខ​នស​/​រកត​/០១១៦/០០៥ លេខ​នស​/​រកត​/០១១៦/០០៦ និង​លេខ​នស​/​រកត​/០១១៦/០០៧ ដែល​ឡាយព្រះហស្តលេខា​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ដោយ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕


Tag:
 ឯកអគ្គរាជទូត
© រក្សាសិទ្ធិដោយ thmeythmey.com