អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់​៖ ការពង្រឹង​សេដ្ឋកិច្ច​មជ្ឈិមបូព៌ា​ជា​អាវុធ​បំផ្លាញ​ក្រុម​ជ្រុលនិយម​
27, Jan 2016 , 4:52 pm        
រូបភាព
 ​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូ​ហា​នី ( Hassan Rouhani ) បាន​ទៅដល់​អឺរ៉ុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​បំណង​ពង្រឹង​ទំនាក់ទំនង​ការទូត​និង​ស្តារ​ចំណង​ពាណិជ្ជកម្ម​ឡើងវិញ ក្រោយពេល​សហគមន៍​អន្តរជាតិ​លើកលែង​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។ លោក រ៉ូ​ហា​នី បញ្ជាក់ថា ការជួយ​សេដ្ឋកិច្ច​មជ្ឈិមបូព៌ា​គឺជា​វិធី​សម្រាប់​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម ហើយ​លោក​ចាត់ទុក​អ៊ីរ៉ង់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ស្ថិរភាព​របស់​តំបន់​ទាំងមូល​។

 
​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន រ៉ូ​ហា​នី កំពុងតែ​ស្ថិតនៅ​ប្រទេស​អ៊ីតាលី​ក្នុង​ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​ទៅ​ប្រទេស​ពីរ​នៅ​អឺរ៉ុប ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​និង​ក្រុម​ប្រទេស​លោកខាងលិច បន្ទាប់ពី​ការបញ្ចប់​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​រួចមក​។ បញ្ហា​ជាច្រើន​ត្រូវបាន​លើក​ជា​ប្រធានបទ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ដោយ​រួមទាំង​ការពង្រីក​ទំនាក់ទំនង​ទ្វេភាគី ពាណិជ្ជកម្ម​និង​ការប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​ជាដើម ។​
 
​នៅ​ទីក្រុង​រ៉ូម  ប្រទេស​អ៊ីតាលី ប្រធានាធិបតី​អ៊ីរ៉ង់ និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី Matteo Renzi បាន​ធ្វើជា​សាក្សី​ក្នុងការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​តម្លៃ​ដល់​ទៅ​១៧​ពាន់​លាន​អឺរ៉ូ​។ ហើយ​កិច្ចព្រមព្រៀង​ដ៏​ធំ​ដូចគ្នា ក៏​នឹងត្រូវ​ហត្ថលេខា​ផងដែរ នៅពេល​លោក រ៉ូ​ហា​នី ទស្សនកិច្ច​នៅ​បារាំង​នាពេល​ចាក​ចេញពី​អ៊ីតាលី​ដែរ​។ កិច្ចព្រមព្រៀង​តម្លៃ​រាប់ពាន់​លាន​ទាំងនេះ ជា​នយោបាយ​ងាក​មករក​អ៊ីរ៉ង់​របស់​ប្រទេស​អឺរ៉ុប​។ 
 
​ក្រុម​ពាណិជ្ជករ​ធំៗ​ជិត​១២០​នាក់ បាន​អមដំណើរ​លោក រ៉ូ​ហា​នី ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ដែល​វា​បានបង្ហាញ​យ៉ាងច្បាស់​ពី​គោលដៅ​របស់​អ៊ីរ៉ង់​ក្នុងការ​ទាក់ទាញ​ដៃគូ​វិនិយោគ​អឺ​រ៉ុ​ម​មក​បណ្តាក់ទុន​នៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​។ នៅឯ​វេទិកា​ពាណិជ្ជកម្ម​ដែល​រៀបចំ​នៅ​ក្រុង​រ៉ូម លោក រ៉ូ​ហា​នី បាន​ថែមទាំង​ប្រកាស​ស្វាគមន៍​អ្នកវិនិយោគ បច្ចេកវិទ្យា​ទៅរក​ស៊ី​នៅ​អ៊ីរ៉ង់​។ នេះ​អាចជា​មហិច្ឆតា​របស់​អ៊ីរ៉ង់​ដែល​ចង់​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​កន្លងមក​។​
 
​ឆ្លៀតពេល​ទស្សនកិច្ច​នៅ​អ៊ីតាលី ប្រ​ធានា​ធីប​តី​អ៊ីរ៉ង់​ក៏បាន​ចូលជួប​សម្ដេច​ប៉ាប Francis នៅ​បុរី​វ៉ា​ទី​កង់​។ សម្ដេច​ប៉ាប Francis បានស្នើ​លោក រ៉ូ​ហា​នី ធ្វើការ​ជាមួយ​ប្រទេស​ផ្សេងទៀត​ដើម្បី​ជំរុញ​សន្តិភាព និង​បញ្ឈប់​សកម្មភាព​របស់​ពួក​ជ្រុលនិយម ព្រមទាំង​ការរត់ពន្ធ​អាវុធ​ផងដែរ​។ លោក រ៉ូ​ហា​នី និយាយថា​៖«​ប្រសិនបើ​យើង​ចង់​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​និង​ក្រុម​ភេ​វក​ម្ម ផ្លូវ​មួយ​ដែល​នៅ​ចំពោះមុខ​យើង​គឺ​បង្កើត​ការងារ​និង​ជំរុញ​ការលូតលាស់​»​។ លោក​បន្តថា កង្វះ​ការរីកចម្រើន​នឹង​បង្កើតជា​កម្លាំង​ភេ​វរ​កម្ម ហើយ​កង្វះ​ការងារ​នឹង​បង្កើត​ទាហាន​នៃ​ភេ​វរ​កម្ម​»​។ 
 
​សូមបញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន រ៉ូ​ហា​នី ទៅកាន់​ទ្វីបអឺរ៉ុប ក្រោយពេល​លោក​ខាងលើ​កលែង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កាលពី​ពីរ​សប្ដាហ៍​មុន​។ ការលើកលែង​នេះ ធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់​បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាង​អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​៦​ផ្សេងទៀត​។ បន្ទាប់ពី​ចាកចេញ​ពី​អ៊ីតាលី ប្រធានាធិបតី​អ៊ីរ៉ង់ នឹង​ហោះហើរ​ទៅកាន់​ប្រទេស​បារាំង​បន្តទៀត​៕ 
 
         

Tag:
 អ៊ីរ៉ង់​
  ជ្រុលនិយម
© រក្សាសិទ្ធិដោយ thmeythmey.com