អន្តរជាតិ
មី​យ៉ាន់​ម៉ា​ត្រៀម​សង់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ធំ​បំផុតក្នុងប្រទេស​
31, Jan 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​មី​យ៉ាន់​ម៉ាន​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សឹង្ហ​បុរី​និង​ជប៉ុន​ដើម្បី​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ Hanthawaddy ធំជាងគេ​បង្អស់​នៅ​មី​យ៉ាន់​ម៉ា​។ គម្រោង​នឹងត្រូវ​ចំណាយ​អស់ ១.៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ការសាងសង់​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២២ ។ នេះ​បើតាម​សារព័ត៌មាន Channel News Asia​។



​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​មី​យ៉ាន់​ម៉ា បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​មួយ​ជាមួយ​តំណាង​ក្រុមហ៊ុន​អន្តរជាតិ ដើម្បី​ឈានទៅ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការសង់​អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ Hanthawaddy ។ ក្រុមហ៊ុន​បរទេស​ដែល​សុំ​សិទ្ធិ​សង់​អាកាស​យាន្ត​ដ្ឋា​ន​នេះ មាន​ជប៉ុន (JGC Corporation) ដែលមាន​ភាគហ៊ុន​ច្រើនជាងគេ​រហូត​៥៥​ភាគរយ និង​បន្ទាប់មក​មាន​ក្រុមហ៊ុន​សង្ហ​បុរី​មាន (Changi Airports International)  និង​ក្រុមហ៊ុន YHL​។ 

​យោងតាម​គម្រោង​បឋម អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ Hanthawaddy នឹងត្រូវ​សង់​ឡើងលើ​ផ្ទៃដី​៣៦៤២​ហិកតា ស្ថិតនៅ​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ​ភាគ​ខាងជើង​អតីត​រដ្ឋធានី​យ៉ង់​ហ្គូ​ន​។ ព្រលានយន្តហោះ​នេះ​នឹង​អាច​ទទួល​អ្នកដំណើរ​បា​ន ១២​លាន​នាក់  ហើយ​វា​ក៏​នឹង​ក្លាយជា​ច្រក​អន្តរជាតិ​សំខាន់បំផុត​សម្រាប់​មី​យ៉ាន់​ម៉ា​។​

​ក្រោយ​ការចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ ការចរចា​និង​ពិភាក្សាគ្នា​នឹងត្រូវ​ធ្វើ​បន្តទៀត​។ ហើយ​បន្ទាប់មក កិច្ចព្រមព្រៀង​សម្បទាន​មួយទៀត​នឹងត្រូវ​បង្កើតឡើង​រវាង​ក្រុមហ៊ុន​ឯកជន​ខាងលើ និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅ​ត្រីមាស​ទី​បី​ឆ្នាំ ២០១៦​ខាងមុខ​។ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនេះ​ចាប់ផ្តើម​គម្រោង​សាងសង់​របស់ខ្លួន​ជា​ផ្លូវការ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន  គម្រោង​សាងសង់​អាកាស​យាន្ត​ដ្ឋា​ន​ដែលមាន​ការសហការ​ពី​ក្រុមហ៊ុន​ឯកជន​និង​រដ្ឋ​នេះ នឹងត្រូវ​ចំណាយលុយ​អស់​ប្រហែល ១.៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​គម្រោង​នឹង​ចប់សព្វគ្រប់​នៅ​ឆ្នាំ ២០២២ ខាងមុខ​។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ស្ថិតក្រោម​ការគាំទ្រ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្តល់​ដល់​រដ្ឋាភិបាល​ជប៉ុន​៕


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com