អន្តរជាតិ
កិច្ចចរចា​បញ្ចប់សង្គ្រាម​ស៊ីវិល​ស៊ី​រី​អាច​បរាជ័យ​ព្រោះតែ​ភាគី​គ្មាន​ឆន្ទៈ
01, Feb 2016 , 9:19 pm        
រូបភាព
​ការចរចា​សន្តិភាព​ក្រុង​ហ្សឺ​ណែវ ដែលជា​ក្តីសង្ឃឹម​តែមួយគត់​សម្រាប់​ប្រជាជន​ស៊ី​រី ចាប់ផ្តើម​ដំណើរការ​ដោយ​ស្ថិតនៅ​លើផ្លូវ​ដ៏​រលាក់ ​និង​មិន​ច្បាស់លាស់​ឡើយ​។ ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​រួមគ្នា​ជា​ធ្លុង​មួ​យមក​ចរចា ដោយ​ពួកគេ​សុំ​ដាក់​លក្ខខណ្ឌ​ជាមុន​សម្រាប់​រដ្ឋាភិបាល​ស៊ី​រី​។ តែ​រដ្ឋាភិបាល​ស៊ី​រី​ប្រាប់​ថា បើ​ដាក់​លក្ខខណ្ឌ​មុន​បែបនេះ មិនចាំបាច់​ចរចា​ទៀត​ទេ​។ ប្រទេស​មហាអំណាច​ដូចជា អាមេរិក​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ បន្ត​អត់ធ្មត់​ ប្រឹងប្រែង​បន្ត​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល៥​ឆ្នាំនេះ​។​



​កិច្ចចរចា​សន្តិភាព​ដើម្បី​ឈានទៅ​បញ្ចប់​សង្គ្រាមស៊ីវិល៥​ឆ្នាំ​នៅ​ស៊ី​រី​ បានចាប់ផ្តើម​ឡើង​តាំង​ពីថ្ងៃ​សុក្រ​ម្ល៉េះ ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប៉ុន្តែ​ស្ថានភាព​ជារួម​នៅតែ​ផុយស្រួយ​ និង​ចម្រូង​ចម្រាស​បំផុត​។ កាលដើមឡើយ​បញ្ហា​ចម្រូងចម្រាស ​គឺ​ក្រុម​ដែល​ត្រូវ​មក​ចូលរួម​ចរចា ប៉ុន្តែ​ដល់​តុ​ចរចា​បញ្ហា​ចម្រូងចម្រាស​ជាង​នេះ ​គឺ​ក្រុម​ឧទ្ទាម​ដាក់​លក្ខខណ្ឌ​ជាមុន​សម្រាប់​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ​។ កិច្ចចរចា​ដែលមាន​រយៈពេល​យូរ​បំផុត៦​ខែ ដែល​ដើរ​តាម​ផែនទី​សន្តិភាព ​គូស​ដោយ​សហគមន៍​អន្តរជាតិ​នេះ ជា​ក្តីសង្ឃឹម​តែមួយគត់​សម្រាប់​ប្រជាជន​ស៊ី​រី ប៉ុន្តែមាន​ភាគរយ​តិចតួច​ណាស់ ដែល​ថា​កា​រ​ចរចា​បញ្ចប់សង្គ្រាម​នេះ​អាច​ទទួលបាន​ផ្លែផ្កា​ឆាប់ៗ​។​

 ១.​អាមេរិក​សុំ​ឲ្យ​ភាគី​ទម្លាក់ចោល​លក្ខខណ្ឌ​មុន​ចរចា​

​បញ្ហា​ប្រឈម​ធំ​បំផុត ដូច​លើកឡើង​ខាងដើម​ស្រាប់​គឺ​ការដាក់​លក្ខខណ្ឌ​របស់​ក្រុម​ឧទ្ទាម​សម្រាប់​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក អាសាដ និង​សម្ព័ន្ធមិត្ត​ដូចជា​ទ័ព​រុស្ស៊ី​ជាដើម​ បញ្ចប់​ការទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ក្រុម​ឧទ្ទាម បើកផ្លូវ​ឲ្យ​មានការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌ ​ទៅកាន់​តំបន់​ដែល​ជន​ស៊ីវិល​កំពុង​រងគ្រោះ និង​ដោះលែង​អ្នក​ទោសនយោបាយ​ផង​។ តំណាង​ក្រុមប្រឆាំង គណៈកម្មការ​ចរចា​ជាន់ខ្ពស់ ​លោក Basma Kodmani បាន​អះអាង លោក​មក​ទីក្រុង​ហ្សឺ​ណែវ​ដើម្បី​ចរចា​បញ្ចប់​ជម្លោះ ប្រដាប់អាវុធ​មែន តែ​ការចរចា​ចាប់ផ្តើម​ទៅរួច ​ដរាបណា​រដ្ឋាភិបាល​បញ្ចប់​សកម្មភាព​ឧក្រិដ្ឋ​ជាមុនសិន​។ 

​ចំណែក​ខាង​រដ្ឋាភិបាល​វិញ បាន​ព្រមាន​ហើយ​ថា គេ​មិន​ទទួលយក​រាល់​លក្ខខណ្ឌ​ដែល​ដាក់​មក​មុន​ឡើយ​។ ​អគ្គរដ្ឋទូត​ស៊ី​រី ​ប្រចាំ​អង្គការសហប្រជាជាតិ Bashar al-Jaafari បាន​រិះគន់ថា ក្រុមប្រឆាំង​ ដូចជា​មិន​យកចិត្តទុកដាក់​ខ្លាំង ​ចំពោះ​ការចរចា​ឡើយ ហើយ​ពួកគេ​ដូចជា​មិន​ខ្នះខ្នែង​ចង់​បញ្ចប់សង្គ្រាម​សោះ​។

​ស្រប​ពេលដែល​ការចរចា​នៅតែ​ស្មុគស្មាញ​ និង​ផុយស្រួយ​ខ្លាំង ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃឺ​រី បាន​អំពាវនាវ​ឲ្យគូភាគី ​រក្សា​ឲ្យ​បាន​នូវ​ឱកាស​ដ៏​កម្រ​នេះ ​ដើម្បី​ចរចា​គ្នា​បញ្ចប់សង្គ្រាម​ឲ្យ​បាន​ជោគជ័យ​។ លោក​បាន​សង្កត់ធ្ងន់ថា វា​ជា​ពេលវេលា​ពិសេស​សម្រាប់​ប្រជាជន​ស៊ី​រី ដើម្បី​ឈានទៅ​កសាង​សន្តិភាព​។ ចំណែក​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក Staffan de Mistura បានបញ្ជាក់​ជាថ្មី​ថា ទោះជា​ស្ថានភាព​បែបណាក៏ដោយ ការចរចា​នេះ​មិនអាច​បរាជ័យ​បានឡើយ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​បែងចែក​ការពិភាក្សា​ដាច់ដោយឡែក​ ជាមួយ​ក្រុមប្រឆាំង និង​តំណាង​រដ្ឋាភិបាល​លោក អាសាដ ដើម្បី​សម្រួល​ឲ្យ​ការចរចា​ទៅមុខ​មិន​ជាប់គាំង​ និង​មិន​បរាជ័យ​។​

២. រដ្ឋាភិបាល​លោក អាសាដ រឹង​ដៃ​រឹង​ជើង​មិន​ចង់​ចរចា​

​ពាក់ព័ន្ធ​នឹងការចរចា​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ  មហាអំណាច​ជាច្រើន​ដូចជា អាមេរិក សហភាព​អឺរ៉ុប និង​រុស្ស៊ី​ជាដើម​នោះ ​កំពុង​ឆ្ការដៃ​ឆ្ការ​ជើង ​ជួយ​ឲ្យ​ការចរចា​គ្នា​នេះ​ទទួល​ជោគ​ជ័យ​ដែរ​។ អឺរ៉ុប​ចង់​ឲ្យ​វិបត្តិ​បញ្ចប់​ព្រោះ ពួកគេ​កំពុង​ក្រពុលមុខ​ព្រោះតែ​រឿង​ជនភៀសខ្លួន និង​រងគ្រោះថ្នាក់​ដោយសា​រ​តែ​ចលនា​ក្រុម​ភេរវជន​។ ប៉ុន្តែ​បញ្ហាសំខាន់​ គឺរដ្ឋាភិបាល​លោក អាសាដ មិនសូវ​ចង់​ចរចា​ឡើយ ហើយ​បើសិន​មានការ​លក្ខខណ្ឌ​មុន​ដូច្នេះ កុំ​សង្ឃឹមថា លោក អាសាដ​ ព្រម​បន្ត​ចរចា​ទៀត​ឲ្យ​សោះ​។ រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស ធ្លាប់​ត្រូវបានគេ​ចាត់ទុកថាជា​រដ្ឋាភិបាល​ខុសច្បាប់ ប៉ុន្តែ​ក្រោយមក​បណ្តា​ប្រទេស​អឺរ៉ុប​ និង​អាមេរិក​ផង​ហាក់ដូចជា​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​វិញ ព្រោះតែ លោក ​អាសាដ ក្លាយជា​តួអង្គ​សំខាន់​ដែល​អាចជួយ​កម្ចាត់​ក្រុម​ភេរវជន ជាពិសេស​ក្រុម​រដ្ឋ​ឥស្លាម ​ឬ​ក្រុម​ដែ​ស្ហ​។​

​ម្យ៉ាង​ការគាំទ្រ​របស់​រដ្ឋាភិបាល​រុស្ស៊ី និង​អ៊ីរ៉ង់ បានធ្វើ​ឲ្យ​ទ័ព អាសាដ រឹង​ដៃ​រឹង​ជើង និង​ឡើងចាង ព្រោះ​កងទ័ព​រដ្ឋាភិបាល ​បាន​វាយ​ដណ្តើមយក​ទឹកដី​ជាច្រើន​ពី​ក្រុម​ឧទ្ទាម​មកវិញ​ផងដែរ​។ បើសិនជាក្រុមប្រឆាំង​ នៅតែ​រឹងទទឹង​ទាមទារ​ដាក់​លក្ខខណ្ឌ​មុន​បែបនេះ វា​ជា​រឿង​ចៀស​មិន​ផុត​ដែល​ការចរចានឹងត្រូវ​បញ្ចប់​ ដោយ​ភាគី​មក​ផ្ទះ​វិញ​ដោយ​ដៃទទេ​៕


Tag:
 សង្គ្រាម​ស៊ីវិល​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com