អន្តរជាតិ
រុស្ស៊ី​ទារ​ឲ្យ​អាមេរិក​បកស្រាយ​រឿង​ចោទ​លោកពូ​ទីន ថា​ពុករលួយ​
01, Feb 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​ដឹកនាំ​ក្រុង​ម៉ូស្គូ​ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ពាក់ព័ន្ធ​សេចក្តីថ្លែងការណ៍​មួយ ​របស់​មន្ត្រី​ដែល​ចោទប្រកាន់ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ​ពុករលួយ​។ វិមាន​ក្រេ​ម​ឡាំង​បាន​ហៅ​ការលើកឡើង​នេះ ​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ ព្រោះ​វា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​និង​ជាការ​ញុះញង់ ​និង​បរិហារ​មេដឹកនាំ​កំពូល​។



​រដ្ឋាភិបាល​រុស្ស៊ី​បង្ហាញ​ការខឹង​សម្បារ​ជាខ្លាំង​ ចំពោះ​ការលើកឡើង​របស់​មន្ត្រី​អាមេរិក ​ក្នុងន័យ​ចោទប្រកាន់​ប្រមុខរដ្ឋ​រុស្ស៊ី ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ប្រព្រឹត្ត​អំពើពុករលួយ​។ រុស្ស៊ី​បានទាមទារ​ឲ្យ​មន្ត្រីជាន់ខ្ពស់ ​ប្រញាប់ប្រញាល់​បកស្រាយ​ឲ្យ​ច្បាស់លាស់​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ​ ព្រោះ​ទង្វើ​នេះ ​ជាការ​ប្រមាថ​មើល​ងាយ ​និង​បង្ខូច​កេរ្តិ៍ឈ្មោះ​មេដឹកនាំ​ខ្លួន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង Dmitry Peskov បាន​សង្កត់ធ្ងន់ថា​៖«យើង​រកឃើញថាសេចក្តីថ្លែងការណ៍​រប​ស់​មន្ត្រី​សេត​វិមាន​អាមេរិក ​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ បើសិន​ផ្អែកលើ​ការអនុវត្ត​ជាទូទៅ ​នៃ​ទំនាក់ទំនង​អន្តរជាតិ ​និង​ទំនាក់ទំនង​ទ្វេភាគី​ រវាង​អាមេរិក​ និង​រុស្ស៊ី​។ ​យើង​ជឿជាក់ថា សកម្មភាព​របស់​អាមេរិក​ជាការ​វាយប្រហារ​ផ្នែក​ការទូត​ និង​ទង្វើ​ហួសហេតុ​មួយ​»​។​

​រឿងរ៉ាវ​វា​ចាប់​ផ្តើមឡើង​កាលពីដើម​សប្តាហ៍​មុន នៅពេលដែល​សារព័ត៌មាន​អង់គ្លេស BBC បាន​ចុះផ្សាយ​វីដេអូ​មួយ​ បង្ហាញ​ពី​មន្ត្រី​រតនាគារ​អាមេរិក​លោក Adam Szubin ដែល​ចោទប្រកាន់​លោក ពូ​ទីន ថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ពុករលួយ​ទ្រង់ទ្រាយ​ធំ​។ ក្រៅ​ខ្សែ​វីដេអូ​នេះ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​សប្តាហ៍​មុន ​លោក Josh Earnest អ្នកនាំពាក្យ​សេដ្ឋ​វិមាន បានប្រកាស​គាំទ្រ​ពាក្យសម្តី​របស់​មន្ត្រី​រត​នាគារ​នេះ​ទៀត​។ ​ដោយសារ​សកម្មភាព​នេះ ​ទើ​បានជា​មន្ត្រី​រុស្ស៊ី​ខឹងសម្បារ ​រហូតដល់​ទាមទារ​ឲ្យ​មានការ​បកស្រាយ​បែបនេះ​តែម្តង​។​

​លោក Dmitry Peskov បាន​បន្ថែម​ផងដែរ​ថា រដ្ឋាភិបាល​រុស្ស៊ី​រង់ចាំ​ការបកស្រាយ​ ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​រប​ស់​អាមេរិក​ពាក់ព័ន្ធ​បញ្ហា​នេះ​។ អ្វីដែល​សំខាន់​មន្ត្រី​រុស្ស៊ី​ខាងលើ​ បាន​ហៅ​ទង្វើ​របស់​មន្ត្រីជាន់ខ្ពស់​របស់​អាមេរិក ​ថា​ជា​ភាពទន់ខ្សោយ​ផ្នែក​ការទូត​របស់​រដ្ឋាភិបាល​អាមេរិក  ។​

សូមបញ្ជាក់ថា ទំនាក់ទំនង​អាមេរិក ​និង​រុស្ ស៊ី​បាន​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន​តាំងពី​ចប់​សង្គ្រាមត្រជាក់ ក្រោយ​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន ​និង​លេប​យក​ទឹកដី Crimea កាលពីដើមឆ្នាំ ២០១៤។ ហើយ​ក្រោយមក​ការ​ប្រឡូក​ចូលក្នុង​ជម្លោះ​ស៊ី​រី របស់​រុស្ស៊ី​ ក៏​ក្លាយជា​រឿងចម្រូងចម្រាស ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្វេភាគី​ប្រទេស​ទាំងពីរ​ទៀត​៕


Tag:
 រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com