អន្តរជាតិ
វិញ្ញាសា​នៃ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ចុងឆ្នាំ​២០១៥ ចេញ​លទ្ធផល​ល្អ​បណ្តើរៗ​ហើយ
01, Feb 2016 , 6:01 pm        
រូបភាព
ដោយ:
​លទ្ធផល​នៃ​វិញ្ញាសា​នៃ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​លើកដំបូង កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ បានចេញ​ជា​លទ្ធផល​ផ្លែផ្កា​បន្តិច​ម្តងៗ​ហើយ​។ មិន​ដូច​ការបោះឆ្នោត​អាណត្តិ​មុន អាណត្តិ​នេះ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD) របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី (Aung Sang Suu Kyi ) បានទទួល​នូវ​ការ​សាទរ​ទាំងពី​សំណាក់​មេដឹកនាំ​នយោបាយ​កំពូលៗ​រួមបញ្ចូល​ទាំង​ក្រុម​យោធា​ដែល​បាន​គ្រប់គ្រង​មី​យ៉ាន់​ម៉ា​ជា​ច្រើ​ទសវត្សរ៍​ហើយ​នោះ​។ លទ្ធផល​ដែល​គួរកត់សម្គាល់​នោះ​គឺ នៅ​ថ្ងៃ​ដំបូង​នៃ​ខែកុម្ភៈ​នេះ​សភា​មី​យ៉ាន់​ម៉ា បាន​បើក​សម័យកាល​ប្រជុំ​លើកដំបូង​ដោយ​រលូន​តាម​ការកំណត់​។



​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​នេះ សភា​មី​យ៉ាន់​ម៉ា បើក​សម័យប្រជុំ​ពេញអង្គ​នៃ​នីតិកាល​ថ្មី​ដែល​ត្រូវ​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD)​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី ដែល​ខុសពី​អាណត្តិ​មុន​កៅអី​សភា​ស្ទើរ​ទាំងអស់​ត្រូវ​កាន់កា​ប់​ដោយ​ក្រុម​យោធា​។ អាណត្តិ​ថ្មី​នេះ តំណាងរាស្ត្រ​បក្ស​លោកស្រី​ស៊ូ​ជី មាន​សមាសភាព​សរុប​នៅក្នុង​រដ្ឋសភា​២៥៥​នៃ​អាសនៈ​សរុប​៤៤០​និង​សមាសភាព​ក្នុង​ព្រឹទ្ធិ​សភា​១៣៥ នៃ​អាសនៈ​សរុប​២២៤​។

១. ជា​ប្រធាន​បក្ស​ឈ្នះឆ្នោត​តែ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី មិន​ធ្វើ​ប្រធានរដ្ឋសភា​?
​ដូច​បានកំណត់​ក្នុង​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា លោកស្រី​អ៊ុង​សាន ស៊ូ​ជី មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជា​បេក្ខភាព​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ដ្បិត​លោកស្រី មាន​ប្តី​និង​សែស្រលាយ​ជា​ជនជាតិ​បរទេស​។​ជា​ប្រធាន​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែលជា​បក្ស​ឈ្នះឆ្នោត និង​បក្ស​ដែល​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា លោកស្រី អាចមាន​លទ្ធភាព​ដើម្បី​ឈរឈ្មោះ​ជា​ប្រធានរដ្ឋសភា ឬក៏​ប្រធានព្រឹទ្ធសភា​បាន​។ យ៉ាងណាក៏ដោយ ក្នុងឱកាស​សម័យប្រជុំ​លើកដំបូង​នៃ​នីតិកាល​សភា​ថ្មី​មី​យ៉ាន់​ម៉ា​សមាជិក​រដ្ឋសភា បាន​បោះឆ្នោត​សម្រេច​តែងតាំង​លោក Win Myint ដែលជា​តំណាងរាស្ត្រ​បក្ស​លោកស្រី ស៊ូ​ជី ជា​ប្រធានរដ្ឋសភា​។ នេះ​មានន័យថា លោកស្រី​ស៊ូ​ជី មិនមាន​បំណង​ដើម្បី​កាន់កាប់​អំណាច​នៅក្នុង​សភា​នោះទេ​។

​តាមពិតទៅ​ការតស៊ូ និង​មហិច្ឆតា​របស់​ម្ចាស់​ពានរ​ងា្វ​ន់​ណូ​ប៊ែ​ល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី​ក្នុង រយៈពេល​ប្រមាណ​បី​ទសវត្សរ៍​កន្លងមកនេះ គឺ​ការដឹកនាំ​ប្រទេស​ស្របទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ពោលគឺ​ប្រធានាធិបតី​ដោយ​ស្របច្បាប់​។​កន្លងមក​ដោយសារតែ​លោកស្រី ត្រូវបាន​ហាមឃាត់​ពី​រដ្ឋធម្មនុញ្ញ លោកស្រី​ស៊ូ​ជី បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា លោកស្រី នឹងមាន​ដំណែង​ខ្ពស់ជាង ប្រធានាធិបតី​ទៅទៀត​។ ហើយ​នេះ ក៏​មិនមែន​មានន័យថា​លោកស្រី បាន​បោះបង់​ក្តី​ស្រ​ម៉ៃ​ក្នុង​ការធ្វើជា​ប្រធានាធិបតី​ដែរ​។​

​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ការបោះបង់​ដំណែង​ជាន់ខ្ពស់​នៅក្នុង​សភា​មី​យ៉ាន់​ម៉ា​គឺជា​ហេតុផល​មួយ​នៃ​ការ ឆ្ពោះទៅរក​ដំណែង​ប្រធានាធិបតី​។ ហើយ​នោះ​ក៏​ព្រោះតែ ជា​ជំហាន​ដំបូង​លោកស្រី ត្រូវតែ​រៀបចំ​នូវ ស្ថាប័ន​នីតិបញ្ញត្តិ​ឲ្យ​បាន​ស្រួលបួល​សិន ក្នុងនាម​ជា​បក្ស​ដែលមាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា និង​ជា​លើកដំបូង​ក្នុងការ​ដឹកនាំ​សភា​ផងដែរ​នោះ​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ តំណែង​ជាន់ខ្ពស់​សភា​ទាំងពីរ​ជាន់​ត្រូវបាន​ដាក់បញ្ចូល​ទាំង​បក្ស​ដែលមាន​សំឡេង​ភាគច្រើន សំឡេង​ភាគតិច និង​តំណាង​បក្ស​ជនជាតិភាគតិច​ផងដែរ​។ ការរៀប​ចំនេះ គឺ​គ្មានអ្វី​ក្រៅពី​ការបើកផ្លូវ​ដើម្បី​កែ​មាត្រា​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ជាពិសេស​មាត្រា​ដែល​ហាមឃាត់ លោកស្រី​មិន​ឲ្យ​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​។ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​មីនា​ខាងមុខ​។

២. ហេតុអ្វី​យោធា មិន​អន្តរាគមន៍​ដូច​ឆ្នាំ​១៩៩០ ?
​បើ​ងាក​ទៅរក​ព្រឹ​ត្ត​ការណ៍​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩០​វិញ បើទោះបីជា​បក្ស​លោកស្រី​ស៊ូ​ជី​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក៏ដោយ លោកស្រី​ស៊ូ​ជី មិនត្រូវ​អនុញ្ញាត​សូម្បីតែ​ចូលក្នុង​សភា​ពោលគឺ​ក្រុម​យោធា​ដែល​ដឹកនាំ​ដោយ​លោក ថា​ន់ ស្វេ បាន​ឡើងកាន់តំណែង​ជំនួស​វិញ​។ យ៉ាងណាក៏ដោយ ក្នុង អាណត្តិ​នេះ ពោលគឺ​ក្រោយ​ការបោះឆ្នោត ចុងឆ្នាំ​២០១៥ ក្រុម​យោធា និង​មេដឹកនាំ​នយោបាយ​ពាក់កណ្តាល​យោធា បានបង្ហាញ​ភាពចាស់ទុំ​របស់ខ្លួន ដោយ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែលជា​ការចង់បាន​រប​ស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ជាពិសេស​នោះ លោក​ប្រធានាធិបតី​ថេ​ន សេន ក៏បាន​សន្យា ថា​នឹង​ផ្ទេរតំណែង​ដោយ​សន្តិវិធី​ផងដែរ​។​

​តែ​រឿង​ដែល​នៅ​ពីក្រោយ​នៃ​ការបន្ទន់​ឥរិយាបថរ​បស់​ក្រុម​យោធា​ដែល​គេ​មិនអាច​ប្រកែក​បាន​នោះ​គឺ ការចរចា​របស់​ក្រុម​យោធា​ជាមួយនឹង​មេបក្ស​ឈ្នះឆ្នោត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​ផលប្រយោជន៍​មួយចំនួន​ទៀតផង​។ ក្រោយ​បញ្ចប់​ការបោះឆ្នោត លោកស្រី ស៊ូ​ជី បាន​ជួបពិភាក្សា​ជាមួយនឹង​មេ​ដឹក​កំពូល​ជាច្រើន​ដោយ​រួមមាន​ទាំង​អតីត​មេ​យោធា​កំពូល​លោក ថា​ន់ ស្វេ អតីត​មេ​យោធា​បច្ចុប្បន្ន លោក មិន អ៊ុង​ឡាំង និង​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ថេ​ន សេន​។

​ជា​លទ្ធផល​ចុងក្រោយ​ដែល​គេ​កត់សម្គាល់​នោះ គឺ​ក្រុម​សភា​បក្ស​ចាញ់ឆ្នោត​ដែល​កំពុងតែ​កាន់អំណាច ទទួលបាន​តំណែង​ជាន់ខ្ពស់​នៅក្នុង​សភា ហើយ​តាម​ការអះអាង​របស់លោក​ស្រី​ស៊ូ​ជី ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី ក៏​នឹងត្រូវ​បញ្ចូល​សមាជិក​បក្ស​ចាញ់ឆ្នោត​របស់លោក​ថេ​ន សេន​ផងដែរ​។ មួយវិញទៀត នោះ សភា​យោធា​អាណត្តិ​ចាស់​ដែល​ដឹកនាំ​ដោយ​បក្ស​លោក​ថេ​ន សេន ទើបតែ​សម្រេចបាន​ច្បាប់​ថ្មី ក្នុង​ការពារ​អតីត​ប្រធានាធិបតី​ពី​ការចោទប្រកាន់​លើ​បទល្មើស​ផ្សេងៗ​ក្នុងពេល​កាន់អំណាច​ដែល​ត្រូវ គេ​មើលឃើញថា​ជាការ​ការពារ​ទុកជាមុន​ចំពោះ​ការប្រព្រឹត្ត​របស់​ក្រុម​យោធា​កន្លងមក​៕


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com