អន្តរជាតិ
អង់គ្លេស​ថា រុស្ស៊ី​បំផ្លាញ​ការចរចា​សន្តិភាព​ស៊ី​រី​
02, Feb 2016 , 5:04 pm        
រូបភាព
​ម្សិលមិញ​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​សម្រាប់​ស៊ី​រី​បានប្រកាស​បើក​កិច្ចចរចា​បញ្ចប់​ជម្លោះ​ស៊ី​រី​ជា​ផ្លូវការ​។ ការប្រកាស​នេះ​កើតឡើង​ក្រោយ​មន្ត្រី​រូបនេះ​ជួបជាមួយ​ភាគីប្រឆាំង​និង​តំណាង​រដ្ឋាភិបាល​ស៊ី​រី​។ ​អ្វីដែលជា​សញ្ញា​វិជ្ជមាន​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​បានបង្ហាញ​ឆន្ទៈ​ដោយ​ឯកភាព​បើកផ្លូវ​ឲ្យ​មានការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ទៅ​ទីក្រុង​បី​ក្នុងនោះ​មាន Madaya​។ តែ​គេ​ក៏​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ថា​ការចរចា​អាច​នឹង​ជោគជ័យ​ដែរ​ព្រោះ​រឿងរ៉ាវ​វា​ស្មុគស្មាញ​ខ្លាំង​។ តែ​អង់គ្លេស​ដែលជា​អ្នកផ្គត់ផ្គង់​ក្រុម​ឧទ្ទាម​នោះបាន​រិះគន់​ប្រធានាធិបតី​រុស្ស៊ី​ថា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ការចរចា​បញ្ចប់​ជម្លោះ​ស៊ី​រី​ស្មុគស្មាញ​ខ្លាំង​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក Staffan de Mistura បានប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ថ្ងៃ ១ កុម្ភៈ​ម្សិលមិញ​នេះ ក្រោយពី​លោក​ចំណាយពេល​ជួប​ជជែក​ជាមួយ​ភាគី​ជម្លោះ​ទាំងពីរ​ដាច់ដោយឡែក​ពីគ្នា​។ ជំនួប​ដាច់​ដូច​ឡែក​ជួយ​ឲ្យ​អ្នកតំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​នេះ​ស្វែងយល់​ពី​បញ្ហា​ចម្បង​និង​ចម្រូងចម្រាស​ខ្លាំង​ដែល​ភាគី​មិនអាច​ត្រូវរ៉ូវ​គ្នា​។ ដូច​រៀបរាប់​ម្សិលមិញ​នេះ​ស្រាប់ ការដាក់​លក្ខខណ្ឌ​ជាមុន​របស់​គណកម្មកា​រ​ចរចា​ជាន់ខ្ពស់​ដែល​តំណាង​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ី​រី ជា​បញ្ហា​ដែល​រារាំង​មិន​ឲ្យ​ភាគី​ឯកភាពគ្នា ព្រោះ​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ទាត់ចោល​លក្ខ​ណ្ឌ​នេះ​។ តំណាង​រដ្ឋាភិបាល​ស៊ី​រី​ដែល​មក​ចរចា​នៅ​ហ្សឺ​ណែវ​នោះ Bashar al-Jaafari បាន​សង្កត់ធ្ងន់ថា លក្ខខណ្ឌ​ទាំង​អម្បាល មានការ​ដាក់​បទ​ឈប់​បាញ់ ដោះលែង​អ្នកទោស និង​ឈប់​ទម្លាក់​គ្រាប់បែក គួរតែ​លទ្ធផល​ដែល​កើតឡើង​ក្រោយ​ការចរចា មិន​មក​ដាក់​មុន​ដូច​ច្នេះ​ទេ​។​

១.​អង្គការសហប្រជាជាតិ​នៅតែ​យល់ថា​ការចរចា​ដើរ​លើផ្លូវ​វិជ្ជមាន​
​តាមពិតទៅ​ការប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​នេះ កើតឡើង​ស្រប​ពេលដែល​ភាគី​រដ្ឋាភិបាល​ស៊ី​រី​បាន​ឯកភាព​បើក​ឲ្យ​មានការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ទៅកាន់​តំបន់​សំខាន់ៗ​ចំនួន​៣​ផងដែរ ដើម្បី​សង្គ្រោះ​ជន​ស៊ីវិល​ដែល​កំពុង​រងគ្រោះ​ព្រោះ​ខ្វះខាត​ស្បៀង​និង​រត់គេច​ពី​ការទម្លាក់​គ្រាប់​។ ការឯកភាព​នេះ ជាការ​បង្ហាញ​ឆន្ទៈ​ល្អ​របស់​ក្រុង​ដា​ម៉ាស​ក្នុង​ការចរចា ព្រោះ​ការបើក​ឲ្យ​មាន​ការនាំ​ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​រងគ្រោះ​ខ្លាំង​នេះ​ជា​ចំណុច​ដែល​ក្រុមប្រឆាំង​ទាមទារ​និង​ស្របតាម​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​លេខ ២២៥៤ ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការចរចា​នៅ​ហ្សឺ​ណែវ​នេះ បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ខាងលើ​បានបង្ហាញ​ភាព​សុទិដ្ឋិនិយម​ចំពោះ​ការចរចា​រវាង​ភាគី​ព្រោះ​លោក​បាន​ជួប​ជជែក​ជាមួយ​ភាគី​ទាំងពីរ​ផ្ទាល់​និង​ស្វែងយល់​ពី​គោលជំហរ​របស់​ភាគី​ផង​។ លោក​ថា ភាពជោគជ័យ​សម្រាប់​លោក ដរាបណា​លោក​អាច​រក្សា​ការជជែក​ចរចា​របស់​ភាគី​បន្ត​ទៅមុខ​រហូត​ដល់​ថ្ងៃទី​១១​កុម្ភៈ​នៅពេលដែល​តំណាង​សហគមន៍​អន្តរជាតិ​មាន​សហភាព​អឺរ៉ុប អាមេរិក អ៊ីរ៉ង់  រុស្ស៊ី​និង​មហាអំណាច​តំបន់​អារ៉ាប់​ជួបប្រជុំគ្នា​ដើម្បី​ជជែក​បញ្ហា​នេះ​។ នេះ​មានន័យថា ទាំង​ភាគី​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​មិន​ដើរ​ចេញពី​តុ​ចរចា មុន​ថ្ងៃ​កំណត់​។ ប្រមុខ​ការទូត​ប្រទេស​ធំៗ​ដែលមាន​ឈ្មោះ​ខាងលើ​កំពុង​ឆ្ការដៃឆ្ការជើង​ជួយ​ជ្រោមជ្រែង​ដំណើរ​ការចរចា ហើយ​ពួកគេ​នឹង​ជួប​ជជែក​គ្នា​នៅ​សន្និសីទ​ស្តីពី​បញ្ហា​ស៊ី​រី​ដែល​រៀបចំឡើង​នៅ​ទីក្រុង​ឡុង​ដ៏​ពីថ្ងៃ ៣ ដល់ ៤ ខែកុម្ភៈ​នេះ​ផង​។​

​ក្រៅពី​មាន​ការជជែក​ដាច់ដោយឡែក​រវាង​តំណាង​អង្គការសហប្រជាជាតិ​និង​ភាគី​ជម្លោះ រដ្ឋាភិបាល​រុស្ស៊ី​ក៏បាន​ស្នើសុំ​ជួប​ជាមួយ​តំណាង​ក្រុមប្រឆាំង​ស៊ី​រី​ដែរ ដើម្បី​ជជែក​លើ​ដំណើរ​ការចរចា​សន្តិភាព​នេះ​។ ក្រុមប្រឆាំង​ដែល​ស្ថិតក្រោម​ការគាំទ្រ​របស់​លោកខាងលិច​និង​រដ្ឋ​អារ៉ាប់​នេះ​តែង​ចាត់ទុក​រុស្ស៊ី​ជា​ខ្នងបង្អែក និង​សមគំនិត​ជាមួយ​រដ្ឋាភិបាល អាសាដ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​តាម​ការទម្លាក់​គ្រាប់បែក​ឥត​សំចៃ​រយៈពេល​ជាង​៣​ខែ​មកនេះ​។ 

២.​អង់គ្លេស​ថា​រុស្ស៊ី​កំពុង​ធ្វើ​ឲ្យ​ការចរចា​ស្មុគស្មាញ
​ដោយឡែក​ពី​ការចរចា​សន្តិភាព រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Philip Hammond  បាន​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី​ខ្លាំង នៅពេល​លោក​ទៅ​ទស្សនកិច្ច​ជំរំ​ជនភៀសខ្លួន​នៅ​ហ្សកដានី​ថ្ងៃ​ចន្ទ ទី​១​កុម្ភៈ​ម្សិលមិញ​នេះ​។ លោក​លើកឡើងថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នេះហើយ​ជា​អ្នកធ្វើ​ឲ្យ​ការចរចា​ស្មុគស្មាញ​និង​ផុយស្រួយ​ខ្លាំង​ហើយ​វា​ជា​ល្បែង​របស់​រុស្ស៊ី​ច្រើនជាង​យុទ្ធសាស្ត្រ​ជួយ​បញ្ចប់​សង្គ្រាមស៊ីវិល​។ ប្រមុខ​ការទូត​អង់គ្លេស​រូបនេះ​បកស្រាយ​ថា របប​ដឹកនាំ​ក្រេ​ម​ឡាំង​ក្រោម​ការដឹកនាំ​របស់លោក ពូ​ទីន ព្យាយាម​ជួយ​ឲ្យ​របប​ផ្តាច់ការ​អាសាដ ខ្លាំង​ជាង​មុន ដោយ​ទម្លាក់​គ្រាប់បែក​លើ​ក្រុមប្រឆាំង​និង​ជន​ស៊ីវិល​ក្រោមលេស​តាម​ប្រមាញ់​ភេរវកម្ម​។​

​វា​ជា​ការពិត​ដែលថា ភាគី​រដ្ឋាភិបាល​អាសាដ​កាន់តែ​រឹងមាំ​ខ្លាំង​ទាំង​ផ្នែក​កងទ័ព​និង​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ ក្រោយ​ការជួយ​អន្តរាគមន៍​របស់​រុស្ស៊ី និង​អ៊ីរ៉ង់​ផង​នោះ​។ ដូច្នេះហើយ​ទើបបានជា​អាសាដ មិនសូវមាន​ឆន្ទៈ​ចង់​ចរចា កាលណា​បើ​ក្រុម​ឧទ្ទាម​ដាក់​លក្ខខណ្ឌ​ឲ្យ​ខ្លួន​ជាមុន​នោះ​។ អ្វីដែល​សំខាន់ វត្តមាន​ទ័ព​និង​សព្វាវុធ​របស់​រុស្ស៊ី​នៅ​ទឹកដី​ស៊ី​រី បាន​បង្ខំ​ឲ្យ​លោកខាងលិច​ដែល​បាននាំគ្នា​ទម្លាក់​គ្រាប់​នៅ​ស៊ី​រី​ដោយ​មិន​សុំ​ការអនុញ្ញាត​ជាមុន​នោះ​ងាក​មកសុំ​ការសហការ​ពី​រុស្ស៊ី និង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ផងដែរ​។​

​សូម​រម្លឹក​បន្តិច​ថា រុស្ស៊ី​បាន​ចូលប្រឡូក​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​ចុងខែ​កញ្ញា​ឆ្នាំមុន ក្រោយ​ពេលដែល​លោក ជួបពិភាក្សា​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​។ រុស្ស៊ី​ថា​ខ្លួន​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម តែ​ក្រុមប្រឆាំង​និង​លោកខាងលិច​បាន​ចោទប្រកាន់ថា យុទ្ធនាការ​ទម្លាក់​គ្រាប់​តែ​៣០​ភាគរយ​ប៉ុណ្ណោះ​រៀបចំឡើង​ដើម្បី​បំផ្លាញ​សំបុក​ក្រុម​ភេរវជន ហើយ​ក្រៅពីនោះ​គឺ​វាយប្រហារ​លើ​ទីតាំង​ក្រុម​ឧទ្ទាម​និង​ជន​ស៊ីវិល​ប៉ុណ្ណោះ​៕


Tag:
 អង់គ្លេស
  ស្ស៊ី​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com