កីឡាជាតិ
ជាតិ
រង្វាន់​អត្ត​ព​លិ​ក​ឆ្នើម អត្ត​ព​លិ​ក​ពិការ​ឆ្នើម គ្រូបង្វឹក​ឆ្នើម អត្ត​បទ​កីឡា​ឆ្នើម និង​រូបថត​កីឡា​ល្អ ប្រចាំឆ្នាំ​២០១៥
02, Feb 2016 , 5:22 pm        
រូបភាព
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ទីស្នាក់ការ NOCC ថា ដោយ​ទទួលបាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើ​ល NOCC នឹង​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ឆ្នើម​ប្រចាំឆ្នាំ​២០១៥ នា​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គា​វើ​ល​។ ព្រមទាំង​មានការ​បោះឆ្នោត​ជ្រើសរើស​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព និង​ការប្រគល់​រង្វាន់​ដល់​អ្នកសារព័ត៌មាន​កីឡា​ចំពោះ​អត្ថបទ​ឆ្នើម និង​រូបភាព​ដែល​ល្អ​ដាច់​គេ​ទៀតផង​។​



​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួលបាន​ការឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គា​វើ​ល​នឹង​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​ឆ្នើម​កម្ពុជា​ប្រចាំឆ្នាំ​២០១៥ នា​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​អគារ​ពាណិជ្ជកម្ម​លំដាប់​លេខ​១​នៅ​ឥណ្ឌូចិន​ណាហ្គា​វើ​ល​។ បន្ទាប់ពី​ប្រគល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​ឆ្នើម​ប្រចាំឆ្នាំ​ក៏មាន​ការប្រគល​រង្វាន់​ដល់​គ្រូបង្វឹក​ឆ្នើម កីឡាករ​មាន​ប្រជាប្រិយភាព​ដែល​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ និង​អ្នកសារព័ត៌មាន​កីឡា​ដែលមាន​ស្នាដៃ​ឆ្នើម និង​អ្នក​ថតរូប​ដែលមាន​រូបភាព​ល្អ​ដាច់​គេ​ថែម​ទៀតផង​។ សម្រាប់​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​កីឡាករ​កីឡា​រិ​នី​ឆ្នើម​ប្រចាំឆ្នាំ សាធារណជន​ទាំង​គ្រាប់​តែ​ចុច Like អត្ត​ព​លិ​ក​ដែល​ខ្លួន​ពេញចិត្ត​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ណាហ្គា​វើ​ល​។ ការបោះឆ្នោត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ​។ ហើយ​សម្រាប់​អត្ថបទ​កាសែត និង​រូបភាព​ត្រូវ​យកទៅដាក់​នៅ​ទីស្នាក់ការ NOCC​។
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងថា កា​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដល់​កីឡាករ​ដី​ឡា​ការិនី​ឆ្នើម​ប្រចាំឆ្នាំ​២០១៥​លើក​ទី​១​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​អត្ត​ព​លិ​ក​កម្ពុជា ក៏ដូចជា​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង និង​ដើម្បី​ស្វែងរក​ការលើកទឹកចិត្ត​ពី​ក្រុមហ៊ុន​សប្បុរសជន​នានា​ចំពោះ​អត្ត​ព​លិ​ក​កម្ពុជា​។ ហើយ​ការ​រៀ​កម្មវិធី​នេះ​ដោយ​ទទួលបាន​ការណែនាំ​រប​ស់ លោក ថោង ខុន រដ្ឋមន្ត្រី​សួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​វា​ស្របទៅនឹង​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ជាតិ​របស់​យើង ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ និង​បាន​ស្តារ​កិត្តិយស​ជាតិ​នាពេល​កន្លងមក​។​


​លោក​អគ្គលេខាធិការ NOCC រូបនេះ​បានប្រកាសថា ចាប់ពី​ឆ្នាំ​២០១៦ នេះ​តទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ក្នុងការ​ស្វែងរក​អត្ត​ព​លិ​ក​ឆ្នើម​ទាំង​មាន​កាយ​សម្បទាន​ពេញលេញ និង​អត្ត​ព​លិ​ក​ពិកា ព្រមទាំង​ស្វែងរក​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព និង​គ្រូ​ដែលមាន​សមត្ថ​ភាពល្អ​ក្នុងការ​បំពេញភារកិច្ច ដ៏​ដូចជា​អ្នកសារព័ត៌មាន​ដែល​សរសេរ​អត្ថបទ​ល្អ និង​មាន​រូបភាព​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​នៅក្នុង​ឆ្នាំ​២០១៥ ដើម្បី​ផ្តល់រ​ង្វាន់​ជា​ទឹកប្រាក់​ផង និង​ពាន​កិត្តិយស​ជា​រៀងរាល់ឆ្នាំ​។ NOCC បានចាត់ទុក​ផែន​នេះ​ថា វា​ជា​ផែនការ​មួយ​របស់​ផែនការមេ ក្នុង​ដំណើរ​ឆ្ពោះទៅ​រកស៊ី​ហ្គេម​លើក​ទី​៣២ ហើយ​បន្ទាប់ពី​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​រៀបចំ​ការលើកទឹកចិត្ត​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ​។​

​ទន្ទឹមនឹងនេះ លោក NUNO BASTOS នាយក​ផ្នែក​រៀបចំ​កម្មវិធី​កម្សាន្ត​នៅ​ណាហ្គា​វើ​ល​បាន​មានប្រសាសន៍ថា​៖«​ការរៀបចំ​កម្មវិធី​នេះ​មិន​ត្រឹមតែ​ទទួល​បានជា​ប្រាក់រង្វាន់​ប៉ុណ្ណោះ​ទេ គឺ​ទទួលបាន​ការទទួលស្គាល់​អត្ត​ព​លិ​ក​កម្ពុជា និង​សារព័ត៌មាន​កីឡា​ចំពោះ​ស្នាដៃ​របស់​ពួកគេ​ពេញ​មួយឆ្នាំ​កន្លងមក មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជួយ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​លទ្ធផល​ប្រសើរ​បន្តទៀត​»​។​

​លោក​បាន​បន្តទៀតថា កន្លងមក​ណ​ហ្គា​វើ​ល​តែងតែ​ធ្វើជា​ដៃគូ​សំខាន់​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កីឡា​កម្ពុជា​ជាច្រើន ហើយ​ណាហ្គា​វើ​ល​គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទី​១​ដែល​បាន​ចុះហត្ថលេខា​ជា​ដៃគូ​ជាមួយ NOCC ក្នុង​ឆ្នាំ​២០១១​ក្នុងការ​ជួយឧបត្ថម្ភ​ដល់​កម្ពុជា​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​, ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០១២ ក្នុង​ទីក្រុង​ឡុង​ដ៍​, កីឡា​អាស៊ាន​ហ្គេម​ឆ្នាំ​២០១៤ ក្នុង​ទីក្រុង អ៊ី​ន ឈាន់ ព្រមទាំង​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហ​បុរី​។ 

​លោក BASTOS បាន​បញ្ជាក់ថា សម្រាប់​រង្វាន់​អត្ត​ព​លិ​ក​ឆ្នើម​ទាំង​ពីរភេទ​ទទួលបាន ៣​ពាន់​ដុល្លារ  ខណៈ​អត្ត​ព​លិ​ក​ពិការ​ទាំង​ពីរភេទ​ទទួល​បាន ១.៥០០​ដុល្លារ ចំណែក​គ្រូបង្វឹក​ឆ្នើម ២​ពាន់​ដុល្លារ ឫ​ឯ​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព​ដែល​ទទួល​បានការ Like ច្រើនជាងគេ​ទទួលបាន ២​ពាន់​ដុល្លារ  អ្នកសារព័ត៌មាន​ដែលមាន​ស្នាដៃ​ល្អ និង​អ្នក​ថតរូប​ដែល​ល្អ​ដាច់​គេ​ទទួលបាន​ម្នាក់ ១​ពាន់​ដុល្លារ​ផងដែរ​៕


Tag:
 NOCC
© រក្សាសិទ្ធិដោយ thmeythmey.com