អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ពិត​ស្អាតស្អំ​មិន​ពាក់ព័ន្ធ​រឿង​ពុករលួយ​មែន​?
03, Feb 2016 , 4:32 pm        
រូបភាព
​រដ្ឋអាជ្ញា​ស្វី​ស​លើកឡើងថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​មន្ត្រី​ដែល​រង​ការចោទប្រកាន់​ពីបទ​ពុករលួយ​ទ្រង់ទ្រាយ​ធំ ​ក្នុង​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី​ឡើយ​។ ការលើកឡើង​នេះ កើតឡើង​ក្រោយពេល​ស្ថាប័ន​អយ្យការ​ម៉ាឡេស៊ី ​ប្រកាសថា លោកនាយក​រដ្ឋមន្ត្រី​ មិន​ពាក់ព័ន្ធ​រឿងអាស្រូវ​ស៊ីសំណូក​លុយ​ជិត​៧០០​លាន​ដុល្លារ​ ដូច​ការសង្ស័យ​កន្លងមក​ឡើយ​។



​នៅ​ថ្ងៃ​អង្គារ​ទី២ ខែម្សិលមិញ មន្ត្រី​ស្វី​សបាន​ចេញមុខ​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ មិន​ស្ថិតក្នុង​បញ្ជី​ជន​ដែល​ត្រូវ​ចោទប្រកាន់​ ក្រោម​ការស៊ើបអង្កេត​បទ​ពុករលួយ ​របស់​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី 1MDB ឡើយ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  អ្នកនាំពាក្យ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ស្វី​សលោក Andre Marty បាន​ថ្លែងថា ការស៊ើបអង្កេត​បទឧក្រិដ្ឋ​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី​ កំពុង​បន្ត​ដំ​ណើរ​ការ ហើយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​មន្ត្រី​សារ​ធារ​ណ​រដ្ឋ ​ដែល​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ស៊ីសំណូកសូកប៉ាន់​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ​ គ្រាន់តែ​បញ្ជាក់ថា ក្រោយ​ការស៊ើបអង្កេត ករណី​ស៊ីសំណូក លាងលុយកខ្វក់ និង​អំពើ​ឧក្រិដ្ឋ​នានា ​ទាក់ទង​ការប្រើប្រាស់​លុយ​រដ្ឋ​នោះ​ មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ពីរ​នាក់​ ប៉ុន្តែ​គ្មាន​ការផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​មន្ត្រី​ទាំង​នោះទេ​។

​ត្រលប់​មកវិញ ស្ថាប័នរដ្ឋ​អាជ្ញា​ស្វី​ស​ ​បាន​បើក​ការស៊ើបអង្កេត​ពីបទ​ល្មើស​ពុករលួយរ​បស់​ក្រុម​រដ្ឋ​ម៉ាឡេស៊ី 1MDB ដែលមាន​លោក ណា​ជីប រ៉ា​ហ្សា​ក់​ជា​ប្រធាន​ក្រុមប្រឹក្សា តាំងពី​ខែសីហា​ឆ្នាំមុន​ម្ល៉េះ​។ កាលពី​សប្តាហ៍​មុន ស្ថាប័ន​នេះ​បានប្រកាសថា ខ្លួន​បានកំណត់​បាន​សំណុំរឿង​មិន​ប្រក្រតី បួន​ធំៗ ទាក់ទិន​ការស៊ីសំណូក​លុយ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី​។ ហើយ​កាលពី​សប្តាហ៍​មុន​ស្ថាប័ន​នេះ​ ក៏​ស្នើសុំ​ជំនួយ​ និង​ការសហការ​ពី​ភាគី​ម៉ាឡេស៊ី​ដែរ​ ដើម្បី​សម្រួល​ដល់​ការស៊ើបអង្កេត​។​

​តាមពិតទៅ​ការប្រកាស​របស់​ស្ថាប័ន​ស្វី​ស​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ស្ថាប័ន​រាជអាជ្ញា​ម៉ាឡេស៊ី​ ចេញ​សេចក្តីប្រកាស​បកស្រាយ​ថា លោក ណា​ជីប រ៉ា​ហ្សា​ក់​ មិន​ពាក់ព័ន្ធ​ករណី​រឿ​អាស្រូវ​លុយ ៦៨១ លាន​ដុល្លារ​ដូច​ការសង្ស័យ​កន្លងមក​ឡើយ​។ លុយ​ចំនួន​៦៨១​លាន​ដុល្លារ​ដែល​ត្រូវគេ​ផ្ទេរ​ចូល​គណនី​របស់លោក  ជា​កញ្ចប់​លុយ ដែល​ផ្តល់​ឲ្យ​ដោយ​គ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ប៉ុណ្ណោះ​។ កន្លងមក​លោក ណា​ជីប រ៉ា​ហ្សា​ក់ ក៏​ធ្លាប់​បដិសេធ​ការចោទប្រកាន់ថា លុយ​នេះ​ជា​លុយ​សំណូក​ដែរ ដោយ​លោក​អះអាងថា វា​ជា​ជំនួយ​នយោបាយ ​សម្រាប់​គណបក្ស​ប៉ុណ្ណោះ​។  ដូច្នេះលោក ប្រហែល​ស្អាតស្អំ​ មិនមាន​ពិរុទ្ធ​ ដូច​លោក​ធ្លាប់​លើកឡើង​មែនហើយ​។​ ប៉ុន្តែ​កុំភ្លេច​ថា មន្ត្រី​ជាច្រើន​ដែលធ្លាប់រិះគន់លោក និង​ពាក់ព័ន្ធការស៊ើបអង្កេតនេះ សុទ្ធតែសុំចុះចេញពីតំណែងនិងប្រឈមការបាត់បង់​តំណែងថែមទៀត។

​កន្លងមក រឿងអាស្រូវ​ពុករលួយ​របស់លោក នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​បញ្ឆេះ​កំហឹង​ប្រជាជន​ និង​ជំរុញ​ឲ្យ​ពួកគេ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​នេះ​។ នេះ​ក៏ដោយ​សារ​ពួកគេ​ចាត់ទុកថា ការផ្ទេរ​លុយ​ចូល​គណនី​ប្រមុខ​រដ្ឋាភិបាល​ ជា​រឿង​ពុករលួយ​។ ប្រជាជន​ម៉ាឡេស៊ី​ចោទ​ លោក រ៉ា​ហ្សា​ក់ ថា​បាន​កិបកេង​យកលុយ​ជិត​៧០០​លាន​ដុល្លារ ​ពី​មូលនិធិ​វិនិយោគ​( 1MDB) ដែល​លោក​បង្កើត​តាំងពី​ឆ្នាំ២០០៩​មក​នោះ ដើម្បី​ផ្លាស់ប្តូរ​ម៉ាឡេស៊ី​ ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ពិភពលោក​៕


Tag:
 ម៉ាឡេស៊ី​
  Najib Razak
© រក្សាសិទ្ធិដោយ thmeythmey.com