ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេចក្រុមព្រះ ស្នើ​ឲ្យ​សម្ដេច ស ខេង ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក ញឹក ប៊ុនឆៃ​
04, Feb 2016 , 9:57 am        
រូបភាព
​បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ប្រកាស​បង្កើត​គណបក្ស​ថ្មី​មិនទាន់បាន​មួយថ្ងៃ​ផង សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​លិខិត​ទៅ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក ញឹក ប៊ុនឆៃ​។​



​ក្នុង​លិខិត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ បាន​ជម្រាប​សម្ដេច ស ខេង ថា មាន​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចមួយក្រុម​ បានរៀបចំ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ​ដែល​យក​លំនាំ​ឈ្មោះ​ហ្វ៊ុនស៊ិនប៉ិច និង​ស្លាក​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់បាន​ប្រើ​ពីមុន និង​រៀបចំ​សមាជ​តាម​ក្រោយ​។ ព្រះអង្គម្ចាស់ រណឫទ្ធិ ក៏បាន​បញ្ជាក់ថា ទ្រង់​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា ឬ​ក្រុម​ណា​ រៀបចំ​សមាជ​បង្កើត​គណបក្ស​មួយ​ថ្មី ជំនួស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន ដោយ​​ប្រើប្រាស់​​រូប​សញ្ញា​គណបក្ស ​សម្រាប់​បម្រើ​ផលប្រយោជន៍​គណបក្ស​ខ្លួន​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ សម្ដេចក្រុមព្រះក៏បាន​ស្នើសុំ​ឲ្យ​សម្ដេច ស ខេង ចាត់វិធានការ​សមស្រប​ សម្រាប់​ករណី​រំលោភច្បាប់ ​ស្ដីពី​គណបក្សនយោបាយ ដែល​សំដៅ​ទៅលើ​ក្រុម​លោក ញឹក ប៊ុនឆៃ ដែល​ទើបតែ​ចែកផ្លូវ​គ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​។​

​លិខិត​ចុះ​ថ្ងៃទី​០៣ កុម្ភៈ ដែល​សម្តេចក្រុមព្រះ បានស្នើ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដូច្នេះ​ថា​៖«ចំពោះ​អ្នកមាន​ឈ្មោះ​ក្នុង​រចនាសម្ព័ន្ធ​ផ្សេងៗ ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គួរ​តម្រូវ​លាឈប់​ពី​តួនាទី​ខ្លួន​ក្នុង​គណបក្ស​ជាមុនសិន​។ ចំពោះ​ឈ្មោះ​គណបក្ស ខ្ញុំ​សុំ​ជំទាស់​ជាមុន​ ដោយ​អនុវត្តន៍តាម​មាត្រា​១១ នៃ​ច្បាប់​នយោបាយ មិន​អនុញ្ញាតឲ្យ​គណបក្ស​ណា យកឈ្មោះ និង​សញ្ញា​គណបក្ស​ដែលមាន​កន្លងមក ដោយ​ចម្លង ​ឬ​កែសម្រួល​យកទៅ​ប្រើប្រាស់​ស​ម្គា​ល់​គណបក្ស​ខ្លួន​ឡើយ​»។

​លោក ញឹក ប៊ុនឆៃ បាន​ចាក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ទៅ​បង្កើត​គណបក្ស​ថ្មី​ឈ្មោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ លោក ញឹក ប៊ុនឆៃ បាន​យក​Logo ចាស់​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែលមាន​រូប​វិមានឯករាជ្យ និងមាន​រស្មី​ព័ទ្ធជុំវិញ​ មក​ធ្វើជា​ស្លាក​សញ្ញា​បក្ស​របស់ខ្លួន​។​

​ទាក់ទង​នឹង Logo បក្ស​នេះ លោក ញឹក ប៊ុនឆៃ ពន្យល់ថា មូលហេតុ​ដែល​លោក​យក Logo  គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់​មក​ប្រើ ដោយសារ​លោក​ចង់​រក្សា​មរតក​ដើម​ហ្វ៊ុនស៊ិនប៉ិច ដែល​ព្រះ​បរម​រតន​កោដ្ឋ​បាន​បន្សល់ទុក ក្រោយពី​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​បោះចោល​Logo ចាស់​នេះ ទៅ​បង្កើត​Logo ថ្មី កាលពី​ឆ្នាំ​២០១៥​កន្លងមក​៕


Tag:
 ញឹក ប៊ុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com