ជាតិ
កម្ពុជា​កំពុង​ពិចារណា​ការចូល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ដែល​ដឹកនាំ​ដោយ​អាមេរិក​
05, Feb 2016 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ច​ន ឃែ​រី (John Kerry) រដ្ឋមន្ត្រីការបរទេស​របស់​សហរដ្ឋអាមេរិក​មកកាន់​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​កាលពី​ចុងខែ​មករា​កន្លងទៅនេះ មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​បង្ហើប​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​កំពុង​ពិចារណា​លើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ TPP​។ យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ​ក​ម្ពុ​ជា​និង​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​និយាយថា ប្រទេស​កម្ពុជា​ត្រូវ​សិក្សា​ស្វែងយល់​លម្អិត​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​សិន មុននឹង​សម្រេច​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​។



​មន្ត្រី​នៃ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ថ្លែងថា កិច្ចព្រមព្រៀង TPP កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​រដ្ឋាភិបាល បន្ទាប់ពី​លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ពី​ចេតនា​របស់​សហរដ្ឋអាមេរិក​ក្នុង​ការដែល​ចង់​ឲ្យ​កម្ពុជា​ក្លាយជា សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ​។​

​ការសម្រេច​ពិចារណា​លើ​កិច្ចព្រមព្រៀង​នេះ កើត​មាននៅ​ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋអាមេរិក​នា​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខនេះ​។ គេ​រំពឹង​ទុកជាមុន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP នឹង​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​កន្លែង​លំហែកាយ Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ នៅ​ទីនោះ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) នឹង​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស​។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា មានប្រសាសន៍ប្រាប់ VOA ថា ក្រសួង​ជំនាញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិនិត្យមើល​លទ្ធភាព​នៃ​ការចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​។​

«​ខាង​ភាគី​កម្ពុជា​កំពុងតែ​សិក្សា សិក្សា​អំពី​កាលានុវត្តន​ភាព ហើយ​និង​ការ​ប្រឈម យើង​ត្រូវ​ការសិក្សា​ឲ្យ​បាន​ហ្មត់ចត់​សិន​ពី​រឿង​បញ្ហា​ហ្នឹង​។ ការចូល​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​មួយៗ យើង​សិក្សា​អំពី​បញ្ហា​អស់ហ្នឹង​»​។​

​លោក​បញ្ជាក់ទៀតថា លោក ច​ន ឃែ​រី បាន​ថ្លែងប្រាប់​លោក​រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ថា សហរដ្ឋអាមេរិក តៀម​ចាំ​ទទួល​ប្រទេស​កម្ពុជា ឲ្យ​ក្លាយជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​នេះ​ផងដែរ​។​

«​នៅពេលដែល​លោក ច​ន ឃែ​រី មក​ទស្សនកិច្ច​ក៏​គាត់​បាន​ជំរាបជូន​ឯកឧត្តម​ឧ​ប​ដែលថា អាមេរិក​ស្វាគមន៍​បំណង​របស់​កម្ពុជា​ក្នុង​ការចូល​ជា​សមាជិក​របស់ TPP»​។​

VOA ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រី​និង​មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​សេដ្ឋកិច្ច ដើម្បី​សុំ​ការអធិប្បាយ​តាំងពី​ថ្ងៃ​អង្គារ​មកដល់​ថ្ងៃ​ពុធ​នេះ តែ​មិនទាន់​អាចទាក់ទង​បានទេ ព្រោះ​ទូរស័ព្ទ​រោទិ៍ តែ​ពុំមាន​អ្នកទទួល​។ រីឯ​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សុំ​មិន​ធ្វើ​អធិប្បាយ​ទេ​នៅ​ថ្ងៃ​ពុធ​នេះ​។

​រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ស្វះ​ស្វែងរក​វិធី​នានា ដើម្បី​ធ្វើ​ឲ្យ​ចំណងមិត្តភាព​ផ្នែក​យោធា​និង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន មាន​ភាពប្រសើរឡើង ដែល​នេះ គឺជា​ផ្នែក​មួយ​ដែល​គេ​ពណ៌នា​ថា ជាការ​ធ្វើ​ឲ្យ​មាន​«​តុល្យភាព​ឡើងវិញ​» ជាមួយ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​។​

​នៅក្នុង​កិច្ចខិតខំ​របស់លោក​អូ​បា​ម៉ា ក្នុងការ​ជំរុញ​ឲ្យ​មាន​តុល្យភាព​ឡើងវិញ​នេះ សហរដ្ឋអាមេរិក​និង​ប្រជាជាតិ​១២​ផ្សេងទៀត បាន​ចុះ​កិច្ចព្រមព្រៀង​TPP កាលពី​ខែតុលា​ឆ្នាំ​២០១៥​។​

​ប្រទេស​សមាជិក​របស់​សមាគម​អាស៊ាន​ចំនួន​បួន គឺ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហ​បុរី និង​វៀតណាម បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រជាជាតិ​ចំនួន​១២ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង TPP ដែលជា​ចំណុច​សេដ្ឋកិច្ច​គន្លឹះ​មួយ​នៃ​ស្នូល​សន្តិសុខ និង​សេដ្ឋកិច្ច​ចំពោះ​អាស៊ី ដើម្បី​ឆ្លើយតប​ទៅនឹង​អំណាច​របស់​ប្រទេស​ចិន​ដែល​កំពុង​កើនឡើង​។​

​លោក អ៊ូ វីរៈ ជា​អ្នកវិភាគ​នយោបាយ​កម្ពុ​ជា និង ជា​ប្រធាន​វេទិកា​អនាគត ដែលជា​មជ្ឈមណ្ឌល សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ក្នុងស្រុក មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ហាញ​ចេតនា ឲ្យ​សហរដ្ឋអាមេរិក​ឃើញថា ខ្លួន​ចង់​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ តែ​មិនត្រូវ​រួសរាន់ សុំចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​នៅក្នុង​រយៈពេល​ខ្លី​នោះឡើយ​។​

​លោក​ពន្យល់ថា​៖ «​ខ្ញុំ​ថា ប្រទេស​កម្ពុ​ជាមាន​រយៈ​ពេល​ប្រហែល ២ [​ទៅ​] ៣​ឆ្នាំ ក្នុងការ​រង់ចាំ​ឃ្លាំមើល ប៉ុន្តែ​ប្រទេស​កម្ពុជា គួរ​ផ្ញើ​សារ​ទៅ​សហរដ្ឋអាមេរិក​ពី​ឆន្ទៈ​មួយ​ថា មានបំណង​ថ្ងៃ​ណាមួយ​នឹង​អាច​ចូលទៅ​ធី​ភីភី (TPP) ប៉ុន្តែ​មិន មិនគួរ​ចូល​នៅពេល​បច្ចុប្បន្ន ឬមួយ​ក៏​ដាក់ពាក្យ​ចូល​ពេលបច្ចុប្បន្ន​ទេ​។ ប៉ុន្តែ​គួរ​បង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន​។ ប៉ុន្តែ​ទន្ទឹមពេល​នឹង​ដែរ ក៏​បង្ហាញ​ឆន្ទៈ​ទៅ​ប្រទេស​ចិន​ទៅ​ថា​យើង​មិន មិនទាន់​ចូល​ទេ​។ ប៉ុន្តែ​ដរាបណា​យើង​នៅ​ពឹងផ្អែក​ប្រទេស​ចិន គឺ​យើង​នៅតែ​គ្រោះថ្នាក់​អញ្ចឹង ព្រោះ​អីយើ​ង​នៅ​ជា​ឧបករណ៍​គេ​អញ្ចឹង​»​។​

​លោក​បន្តថា ប្រទេស​កម្ពុជា​អាច​នឹង​រក​ជម្រើស​ផ្សេង ក្រៅពី​កា​រពឹក​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា ដើ​ល​ធ្វើ​ឲ្យ​ប្រទេស​មិនអាច​មាន​ឯករាជ្យ​ពី​ឥទ្ធិពល​បរទេស ជាពិសេស​នោះ គឺ​កិច្ចព្រមព្រៀង TPP នេះ​តែម្តង​។​

​លោក អ៊ូ វីរៈ ថ្លែងថា​៖ «​យក​ល្អ​ជាងគេ អត់​មាន​ជម្រើស​អី​ផ្សេង​ក្រៅតែពី​រៀបចំ​ធ្វើ​ម៉េច​ឲ្យ​ថវិកាជាតិ​របស់​យើង​ក្នុង​រយៈពេល ១០​ឆ្នាំ​ទៅមុខទៀត​គឺអាច​ឈប់​ពឹង​ផ្អែកទៅលើ​ប្រទេស​ពិភពលោក​បាន​។ ហើយ យើង​អាច​ពឹងផ្អែក​ពី​សេដ្ឋកិច្ច ការពង្រឹង​សេដ្ឋកិច្ច និង​ការនាំចេញ​ផលិតផល​វិញ​។ ហ្នឹង​គឺជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​សុវត្ថិភាព​ប្រទេស​កម្ពុជា​»​។​

​ប្រជាជាតិ​ចំនួន​១២ ដែល​រួមមាន​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី និង​វៀតណាម​ជាដើម បាន​ចុះ​កិច្ចព្រមព្រៀង TPP ស្រប​ពេលដែល​ប្រទេស​ទាំងនេះ កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន ជុំវិញ​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ប្រទេស​ហ្វីលីពីន​ក៏​ស្ថិតក្នុង​ជម្លោះ​នេះដែរ​។ ដែន​កោះ​ដែល​កំពុង​ស្ថិតក្នុង​ភាពចម្រូងចម្រាស​នៅក្នុង​សមុទ្រ​ខាងត្បូង គឺ​ប្រជុំ​កោះ Spratlys និង Paracels​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​យល់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP អាចជា​ជ​ន្ទ​ល់​របស់​សហរដ្ឋអាមេរិក​ក្នុង​ការជួយជ្រោមជ្រែង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន ហើយ​ដែល​កំពុង​ជាប់ផុង​ក្នុង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ត្រូវគេ​ដឹងថា អាច​នឹង​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋអាមេរិក​។​

​លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព ថ្លែងថា កម្ពុជា​នៅតែ​អាច​ធ្វើជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​មាន​សារៈសំខាន់​នេះ​បាន​ដដែល ដោយ​កម្ពុជា​ត្រូវ​ចែក​ឲ្យ​ដាច់​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​របស់​ប្រទេស​អាស៊ាន​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​មហាអំណាច​ចិន​។​

«​យើង​គឺជា​ប្រទេស​ដែល​អព្យាក្រឹត​មិន​ចូលបក្ស​សម្ព័ន្ធ អញ្ចឹង​យើង​អត់​ខ្វល់​ពី​គេ​ប្រទាញប្រទង់​ជាមួយ​មហាអំណាច​ណាក៏ដោយ យើង​អត់​ខ្វល់​ទេ​។ ប៉ុន្តែ​ផលប្រយោជន៍ ឧ​ត្ត​ម​ប្រយោជន៍​បំផុត​របស់​កម្ពុជា គឺ​ពង្រីក​វិស័យ​ទំនាក់ទំនង​ការបរទេស ជាពិសេស​គឺ​ពាណិជ្ជកម្ម​និង​វិនិយោគទុន​នេះឯង​»​។​

​យ៉ាងណាក៏ដោយ បណ្ឌិត ចាប សុថា​រិ​ទ្ធ ថ្លែងថា កម្ពុជា​មិនទាន់​ដល់ពេល​ត្រូវ​ចូលក្នុង​កិច្ចព្រមព្រៀង TPP ដែល​បង្កប់​យុទ្ធសាស្ត្រ​ទប់​ទល់នឹង​បម្រែបម្រួល​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​។ លោក​ថា ប្រទេស​កម្ពុជា​អាច​ត្រូវ​ប្រើពេល​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​ទៀត ពីព្រោះ​ប្រទេស​កម្ពុជា ជាដំបូង​ត្រូវ​ចូល​ជា​សមាជិក​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation) ដែលមាន​សមាជិក​នៃ​សេដ្ឋកិច្ច​ធំៗ​ចំនួន​២១​សមាជិក ក្នុងនោះ​មាន សហរដ្ឋអាមេរិក និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​។ លោក​ឲ្យ​ដឹង​បន្ថែមថា ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន ប្រសិនបើ​ប្រទេស​កម្ពុជា​ក្លាយជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ​។​

«​បើ​យើង​ចូល​ចំណេញ​ច្រើនណាស់ ដោយសារ អា TPP ហ្នឹង​គឺ​សមាជិក​សុទ្ធតែជា​ប្រទេស​ធំៗ ដែលមាន​អាមេរិក ដែលមាន​ប្រទេស​នៅ​អាមេរិក​ឡាទីន ដូចជា ប៉េ​រូ ឈី​លី អី​សុទ្ធតែជា​ប្រទេស​ធំៗ ដែល​យើង​អាច​នាំចេញ​ផលិតផល​យើង ដោយ​អត់​មាន​ជាប់ពន្ធ​ណា​អូន​។ អញ្ចឹង​យើង​មាន​ទីផ្សារ​ទូលំទូលាយ​ច្រើនណាស់​សម្រាប់​អនាគត​ផលិតផល​កម្ពុជា​យើង ជាពិសេស​គឺ​ខាង​កសិកម្ម​ហ្នឹង​តែម្តង​។ បើសិនជា​យើង​បាន​ចូល​អាហ្នឹង គឺ​អា​គោលការណ៍​ដែល​យើង​ចង់​នាំ​អង្ករ​មួយ​លាន​តោន​អីហ្នឹង គឺថា វា​ជា​ការងាយ​»​។​

​នៅមុន​ពេល​នៃ​ការចេញដំណើរ​របស់លោក​ទៅកាន់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ហោ ណាំហុង ថ្លែងប្រាប់​អ្នកយកព័ត៌មាន VOA ថា កម្ពុជា​និង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត នឹង​រឹតចំណង​ពាណិជ្ជកម្ម​ឲ្យ​តែ​កាន់​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក នៅក្នុង​ជំនួប​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅរ​ដ្ឋ​កាលីហ្វ័រ​ញ៉ា បើទោះជា​លោក​មិនបាន​មានប្រសាសន៍​ដល់​កិច្ចព្រមព្រៀង TPP នេះ​ក៏ដោយ​។

«​រីកចម្រើន​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ដៃគូ​យុទ្ធសាស្ត្រ និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ជាមួយ​អាមេរិកាំង ព្រោះថា ធ្វើ​យ៉ាងម៉េច​ឲ្យ​សហគមន៍​អាស៊ាន​នេះ កាត់​តែ​ឈានទៅ​មុខ កាន់តែ​រីកចម្រើន​កាន់តែខ្លាំង​សម្រាប់​ប្រជាជន​អាស៊ាន​ទាំង​១០​ប្រទេស​ដែលមាន​សព្វថ្ងៃ ជាង​៦០០​លាន​នាក់​»​។

​កិច្ចព្រមព្រៀង TPP ដែល​នឹង​បន្ទាប​ពន្ធ​នាំចូល​លើ​ទំនិញ​កសិកម្ម​និង​ឧស្សាហកម្ម​ជាច្រើន ហើយនឹង​ដោះស្រាយ​ភាពស្មុគស្មាញ​ផ្នែក​ពាណិជ្ជកម្ម​ដូចជា បញ្ញត្តិ​ការពារ​ប៉ាតង់​សម្រាប់​ឱសថ​សង្គ្រោះ​ជីវិត​នោះ នៅ​រង់ចាំ​ការអនុម័ត​របស់​សភា​អាមេរិក​និង​សភា​របស់​ប្រទេស​ជា​សមាជិក មុនពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។ ដំណើរការ​នេះ​អាច​ត្រូវការ​ពេល​ជាច្រើន​ឆ្នាំ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com