ជាតិ
​ពុទ្ធសាសនបណ្ឌិត្យ​ឲ្យ​ណាហ្គា​វើ​ល​ជួសជុល​ការខូចខាត​ដោយសារ​សំណង់​ផ្លូវ​ក្រោម​ដី​
05, Feb 2016 , 2:38 pm        
រូបភាព
ដោយ:
​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា នា​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានស្នើ​សុំ​សម្ដេច ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ ឆាប់​កសាង​ខ្លោងទ្វារ និង​ជួសជុល​ផលប៉ះពាល់​នានា​ ដែល​បណ្ដាលមកពី​សំ​ណង់​ផ្លូវ​ក្រោម​ដីរបស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​។ នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​អះអាង​បន្ថែមថា ភាគី​ណាហ្គា​វើ​ល ហាក់ដូចជា​មិនទាន់មាន​គម្រោងការ​ណា​មួយ​ ដើម្បី​ប៉ះប៉ូវ​ការខូចខាត​នោះឡើយ​។​

 
​ប្រធាន​ពុទ្ធសាសនបណ្ឌិត្យ លោក ស សុខ​នី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា មកដល់ពេលនេះ​គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​របស់​ក្រុម​ណាហ្គា​វើ​ល ជិត​បញ្ចប់​ទៅហើយ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ដូចជា​មិនទាន់មាន​វិធានការ​ណាមួយ ដើម្បី​កសាង​ក្លោងទ្វារ សួន និង​ជួសជុល​ផលប៉ះពាល់​នានា​ របស់​ពុទ្ធសាសនបណ្ឌិត្យ​នៅឡើយ​ទេ​។ 
 
​លោក សុខ​នី បាន​បន្តថា កន្លងមក​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា រួមជាមួយ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក៏បាន​ដាក់​លិខិត​ឲ្យ​ក្រុមហ៊ុន​ឆាប់​ធ្វើការ​កែលម្អ ​និង​កសាង​អ្វី​ដែលជា​របស់​ដើម ជូន​ពុទ្ធសាសនបណ្ឌិត្យ​ឡើងវិញ ជា​ច្រើនដង​រួចមកហើយ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ​រយៈពេល​ជិត​២​ឆ្នាំ ​គឺ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៤ តែ​មិនទាន់មាន​ការឆ្លើយតប​ណាមួយ ពី​ក្រុមហ៊ុន​សាងសង់​របស់​ណាហ្គា​វើ​ល​នៅឡើយ​នោះទេ​។  
 
​ការសម្រេច​ស្នើសុំ​ឲ្យ​សម្ដេច​ហ៊ុន សែន ជួយ​អន្តរាគមន៍​នៅពេលនេះ ​ដោយសារពុទ្ធសាសនបណ្ឌិត្យ​មើលឃើញថា មានតែ​ពឹង​លើ​ថ្នាក់ដឹកនាំ​ទេ ទើប​អាច​ឆាប់​មាន​ដំណោះស្រាយ​ជូន​ពុទ្ធសាសនបណ្ឌិត្យ​បាន​។ ​ការដែល​ចង់​ឲ្យ​មានការ​អន្តរាគមន៍​នេះ ព្រោះ​ពុទ្ធសាសនបណ្ឌិត្យ​ចង់បាន​អ្វី​ដែលជា​របស់ខ្លួន​មកវិញ និង​ដើម្បី​ឲ្យ​អ្នកគ្រប់គ្រង បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​សាធារណជន ដែល​តែងតែ​តាមដាន​លើ​បញ្ហា​នេះ​អស់ចិត្ត​ ចំពោះ​ការខ្លាច​បាត់បង់​របស់​សាធារណៈ​។   
 
​នៅក្នុង​សំណើ​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​អន្តរាគមន៍​នេះ ពុទ្ធសាសនបណ្ឌិត្យ​បានស្នើ​ឲ្យក្រុមហ៊ុន ​អនុវត្តន៍តាម​អនុសាសន៍​របស់​សម្ដេច កាលពី​ថ្ងៃ​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ និងឲ្យ​ក្រុមហ៊ុន ណាហ្គា​វើ​ល ឲ្យ​ឆាប់​កសាង​ខ្លោងទ្វារ និង​ជួសជុល​ផលប៉ះពាល់​នានា​ ដែល​បណ្ដាលមកពី​សំណង់​ផ្លូវ​ក្រោម​ដី​នេះ ជូន​ពុទ្ធសាសនបណ្ឌិត្យ​វិញ ​តាម​លិខិត​ស្នើសុំ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ ៕

Tag:
 ពុទ្ធសាសនបណ្ឌិត្យ​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com