ជាតិ
លោក សុខ ទូច ឡើង​ងារ​ជា​បណ្ឌិតសភា​ចា​រ្យ​
05, Feb 2016 , 3:04 pm        
រូបភាព
ដោយ:
ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង លោក សុខ ទូច ឲ្យ​ទទួល​គោរមងារ​ជា​បណ្ឌិត​សភាចា​រ្យ កាលពី​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ​ថ្មីៗ​នេះ​។​


 
​ពិធី​ទទួល​អាវ និង​គោរមងារ​ជា​បណ្ឌិត​សភាចា​រ្យ​របស់លោក សុខ ទូច រៀបចំឡើង​កាលពី​ចុងខែ​មករា ដោយ​គណៈកម្មការ​វាយតម្លៃ​បណ្ឌិតសភា​ចា​រ្យ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ លោក សុខ ទូច ប្រធាន​ក្រុម​​ស្រាវ​ជាវ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​ថ្លែងថា គណៈកម្មការ​វាយតម្លៃ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បានទទួល​ស្គាល់​នូវ​សមត្ថភាព​របស់លោក​ថា មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​គោរមងារ​ជា «​បណ្ឌិតសភា​ចា​រ្យ​»​។ « បន្ទាប់មក​គណៈកម្មកា​រ​នេះ បាន​បញ្ជូន​ឈ្មោះ​ខ្ញុំ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ប្រទាន​គោរមងារ​នេះ​។ ហើយ​ព្រះរាជក្រឹត្យ​ចុះ​ទី ២៧ ខែមករា បានផ្តល់​គោរមងារ​ដល់​ខ្ញុំ​»​។ នេះ​ជាការ​ពន្យល់​របស់លោក សុខ ទូច ដល់​សារព័ត៌មាន​ថ្មីៗ​។​
 
​បើតាម​លោក សុខ ទូច ដែលជា​អ្នកវិភាគ​នយោបាយ​ផង​នោះ  លក្ខណៈសម្បត្តិ​សំខាន់​ដែល​លោក​ទទួលបាន​ងារ​នេះ ដោយសារ​គណៈកម្មការ​វាយតម្លៃ យល់ថា រូបលោក​បង្កើត​គំនិត​ច្នៃប្រឌិត និង​ស្រាវជ្រាវ​ថ្មីៗ​។ លោក​បន្ត​អះអាង​បែបនេះ​ថា​៖« ជាពិសេស​លក្ខណៈសម្បត្តិ​សំខាន់​មួយទៀត​គឺ​ខ្ញុំ​បាន​សរសេរ​សៀវភៅ​សំខាន់ៗ​ចំនួន ៦ ក្បាល​។ ពាក្យ​បណ្ឌិត​សភាចា​រ្យ​នេះ គ្រាន់តែ​ជា​គោរមងារ​ដែល​ខ្ពស់ជាង​បណ្ឌិត និង​អ្នក​ដែល​ចេះដឹង​ច្រើន​។ ខ្ញុំ​មិនដឹងថា វា​មា​ន័យ​បែបណា​ទៀត​ទេ​»​។ 
 
​បើទោះបីជា​ពេញចិត្ត​នឹង​គោរមងារ​នេះ​ក៏ពិតមែន តែ​លោក សុខ ទូច មិន​ភ្លេច​រម្លឹក​ពី​លក្ខណៈសម្បត្តិ​របស់ខ្លួន​កាលពី​ជាង ១០ មុន​នោះទេ​។ លោក​ថា តាមពិត​គោរមងារ​នេះ លោក​ត្រូវ​ទទួលបាន​តាំងពី ១០ ឆ្នាំមុន​ម្លេះ តែដោយសារ​តែ​ការខ្វែងគំនិត​គ្នា​របស់​សមាជិក​រាជបណ្ឌិត្យ​សភា​កម្ពុជា ទើប​លោក​មិនអាច​ទទួលបាន​កាលពី​ពេលនោះ​។​
 
​សូមបញ្ជាក់ថា បើតាម​គេហទំព័រ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា ជន​ដែល​ទទួលបាន​គោរមងារ​ជា​បណ្ឌិត​ភា​ចា​រ្យ មាន​ជាអាទិ៍ សម្តេច ហ៊ុន សែន លោក សុខ អាន  លោក រស់ ច​ន្ត្រា​បុត្រ លោក សូត្រ សំណាង លោកស្រី ខ្លូត ធីតា លោក ស៊ន សំណាង លោក ច័ន្ទ សំណព្វ លោក ស៊ុំ ឈុំ​ប៊ុន លោក ខៀវ ថវិកា លោក ឆ​យ អូន លោក  ព្រុំ ម៉​ល់ លោក សោម សុ​មុនី លោក តិច សំណាង លោក សំ សោភាន់ លោក ជា ណេង​។ ហើយ​បណ្ឌិត​សភាចា​រ្យ​ចំនួន ៥ រូប​ផ្សេងទៀត បានទទួល​មរណភាព​៕
 

Tag:
 សុខ ទូច​
  បណ្ឌិតសភា​ចា​រ្យ
© រក្សាសិទ្ធិដោយ thmeythmey.com