ជាតិ
សង្គម​ស៊ីវិល​៣៤​ស្ថាប័ន ថ្កោលទោស​អំពើហិង្សា​លើ​អ្នក​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​កា​ពី​តូ​ល​
07, Feb 2016 , 11:15 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ បន្ទាប់ពី​មាន​អំពើហិង្សា​រវាង​ក្រុមបាតុករ​ជា​អតីត​អ្នកបើក​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន​កា​ពី​តូ​ល ជាមួយ​ក្រុម​អ្នករត់​កង់​បី​ណ ដែលជា​សមាជិកសមាគម​រួបរួម​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​បានធ្វើ​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ និង​ស្រាល​១៤​នាក់​។ នៅ​ល្ងាច​ថ្ងៃទី​០៦ កុម្ភៈ ម្សិលមិញ​នេះ អង្គការសិទ្ធិមនុស្ស សង្គម​ស៊ីវិល សហគមន៍ និង​សមាគមន៍ ទាំងអស់​ចំនួន​៣៤​ស្ថាប័ន បានចេញ​សេចក្តី​ថ្លែង​ការរួម​គ្នា​មួយ ថ្កោលទោស​ចំពោះ​អំពើហិង្សា​នេះ និង​បាន​អំពាវ​ឲ្យ​សមត្ថកិច្ច​ដោះលែង​ជនរងគ្រោះ​ចំនួន​ពីរ​នាក់ និង​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ហិង្សា​នេះ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូរ ចុះផ្សាយ កាលពី​ថ្ងៃទី​០៦ កុម្ភៈ ម្សិលមិញ​។​



យ៉ាងហោចណាស់ មាន​មនុស្ស​១៤​នាក់ បាន​រង​បួស​ធ្ងន់ និង​ស្រាល​។ ក្នុងនោះ មាន​ម្នាក់​បាក់ដៃ និង​ជាច្រើន​នាក់​ទៀត​របួស​មុខ និង​ក្បាល ក្នុង​ព្រឹត្តិការណ៍​អំពើហិង្សា រវាង​ក្រុមអ្នកតវ៉ា ដែលជា​អតីត​អ្នកបើករថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល ដែល​ត្រូវ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ពី​ការងារ និង​អ្នករត់​កង់​បី ដែលជា​សមាជិកសមាគម​រួបរួម​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​។ អ្នក​រង​បួស​ទាំង​១៤​នាក់ រួមមាន​៖ អ្នកបើកបរ​រថយន្ត​ក្រុង​ដែលជា​អ្នក​តវ៉ា និង​អ្នកគាំទ្រ​អ្នក​ទាំងនោះ​ជាច្រើន​នាក់ អ្នកឃ្លាំមើល​សិ​ទិ្ធ​មនុស្ស ១​នាក់ និង​មន្ត្រីនគរបាល ១​នាក់​។

​សេចក្តី​ថ្លែង​ការ​ដដែល​បាន​សរសេរ​រៀបរាប់​ពី​ព្រឹត្តិការណ៍​អំពើហិង្សា​យ៉ាង​ដូច្នេះ​ថា​៖«​នៅវេលា​ម៉ោង​ប្រមាណ ៩ និង​៤០​នាទី ព្រឹក អ្នក​តវ៉ា​មួយចំនួន​ក្នុងចំណោម​អ្នក​តវ៉ា ៥០​នាក់ ដែល​បាន​តវ៉ា​នៅក្បែរ​ការិយាល័យ​ក្រុមហ៊ុន​រថយន្តក្រុង​កា​ពី​តូ​ល នៅក្បែរ​ផ្សារ​អូរ​ឬ​ស្សី ក្នុង​រាជធានី​ភ្នំពេញ តាំងពី​ម៉ោង ៨​ព្រឹក បាន​ព្យាយាម​រារាំង​រថយន្តក្រុង​មួយ ដោយ​មិន​ឲ្យ​ចាក​ចេញពី​ស្ថានីយ៍​។ អ្នកគាំទ្រ​ប្រមាណ ៥០​នាក់ មកពី​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ភាគច្រើន​បាន​ស្លៀក​សំលៀកបំពាក់​ពណ៌​ខ្មៅ និង​ពាក់មួក​សុវត្ថិភាព បាន​ដើរទៅ “​ការពារ​រថយន្តក្រុង​” ហើយ​អំពើហិង្សា​បានចាប់ផ្តើម​ឡើង​។ ភ្លាមៗ​បន្ទាប់ពីនោះ សមាជិក​មួយចំនួន​នៃ​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​កាន់​ញញួរ និង​ដំបង​ដែក វាយ​ទៅលើ​ក្រុមមនុស្ស ដោយបាន​វាយដំ និង​ទាត់​ធាក់​យ៉ាងខ្លាំង​ទៅលើ​អ្នក​តវ៉ា​និង​អ្នកគាំទ្រ​ទាំងនោះ​»​។​

​សេចក្តី​ថ្លែង​ការ​ដដែល​បាន​សរសេរ​បន្តថា​៖«​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា នគរបាល​បាន​រុញ​អ្នកបើកបរ​និង​អ្នកគាំទ្រ​អ្នក​ទាំងនោះ​ថយក្រោយ និង​បាន​ចាប់ខ្លួន​មនុស្ស​ពី​នាក់ ជា​អ្នកបើកបរ​ម្នាក់ និង​អ្នកបើក​រ៉ឺម៉ក​កង់​បី​ម្នាក់​មកពី​សហភាព​ការងារ​កម្ពុជា​។ មិនមាន​សមាជិក​មក​ពី​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុ​ជាណា​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នោះទេ​»​។​

​លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ ដែល​បាន​ឃ្លាំមើល​នៅក្នុង​ព្រឹត្តិការណ៍​ហិង្សា​នោះ បាន​មានប្រសាសន៍ថា​៖ “​មនុស្ស​ជាច្រើន ត្រូវបាន​ក្រុម​អ្នក​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​វាយដំ ហើយ​នគរបាល​មិនបាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​អំពើហិង្សា​នេះ​នោះទេ​”​។ លោក បាន​បន្តទៀតថា​៖ “​មិនមាន​នរណាម្នាក់​ដែល​ទទួលខុសត្រូវ និង​ចាប់ខ្លួន ទាក់ទង​នឹង​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នក​ស្លៀកពាក់​ស៊ីវិល និង​នគរបាល​បង្ក្រាប​បាតុកម្ម​នោះទេ​”​។​

​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស បាន​មានប្រសាសន៍ថា​៖ “​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​នា​ថ្ងៃនេះ បង្ហាញថា ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ការតវ៉ា​ជា​សាធារណៈ​នានា នឹងត្រូវ​ចាប់ខ្លួន ឬ​គម្រាមកំហែង​ដល់​អាយុជីវិត​។ នេះ​ក៏​ជា​ភស្តុតាង​បន្ថែម​នៃ​ការប្រើប្រាស់​អំពើហិង្សា​ដែល​មិនមាន​ភាពស្មើគ្នា​របស់​អា​ជ្ញា​ធរ​ដែលមាន​និ​ទណ្ឌ​ភាព​ទាំងស្រុង ដើម្បី​បំភិតបំភ័យ និង​បំបែក​កម្មករ​ដែល​កំពុង​តវ៉ា​”​។​

​សេចក្តី​ថ្លែង​ការ​ដដែល​បានសរសេរថា សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែលជា​សមាគម​តូច​មួយ​នៃ​អ្នករត់ម៉ូតូឌុប​និង​រ៉ឺម៉ក​កង់​បី​បាន​អះអាងថា ការតវ៉ា​របស់​អ្នកបើកបរ​រថយន្តក្រុង​ទាំងនេះ បាន​រំខាន​ដល់​អាជីវកម្ម​អ្នកបើក​រ៉ឺម៉ក​កង់​បី​ដែល​នៅ​ជុំវិញ​ស្ថានីយ៍​។ សមាគម​នេះ មិន​តំណាង​ឲ្យ​អ្នកបើកបរ​រថយន្តក្រុង​នោះទេ ហើយក៏​មិនមាន​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​នៅក្នុង​ជម្លោះ​នេះដែរ​។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៣ អ្នកចូលរួម​ពីរ​នាក់​នៅក្នុង​ការតវ៉ា​នៅពេលនោះ​របស់​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​បាន​រាយការណ៍​ដល់​សារព័ត៌មាន​ថា អ្នក​ទាំងនោះ​ត្រូវបាន​គេ​សន្យា​ផ្តល់ប្រាក់​ដើម្បី​ចូលរួម​ក្នុង​ការតវ៉ា ហើយ​មិនបាន​ដឹងថា​តើ​គេ​តវ៉ា​អំពី​អ្វី​នោះទេ​។

​អំពើហិង្សា​នេះ ត្រូវបាន​សង្គម​ស៊ីវិល​ចំនួន​៣៤​ស្ថាន​ប័ន ក្នុងនោះ​រួមមាន​៖ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូរ (LICADHO) អង្គការ​អាដហុក (ADHOC) មជ្ឈមណ្ឌល់​អប់រំ​ច្បាប់ សម្រាប់​សហគមន៍​(CLEC) និង​ស្ថាប័ន​ចំនួន​៣១​ស្ថាប័ន​ទៀត បាន​ថ្កោលទោស​យ៉ាងខ្លាំង និង​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ជនរងគ្រោះ ដែល​បាន​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់រហ័ស មាន​តម្លាភាព និង​ឯករាជ្យភាព​។​

​សូមបញ្ជាក់ថា អ្នកបើកបរ​រថយន្ត​ក្រុង កា​ពី​តូ​ល​ចំនួន​៤៥​នាក់ បានធ្វើ​ការតវ៉ា​អស់​រយៈពេល​ប្រហែល ២​ខែ​មកហើយ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ ដោយសារ​ពួកគេ បាន​ព្យាយាម​បង្កើត​សហជីព​។ ក្រោយពី​មានការ​ស្នើសុំ​ពី​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ក្រុមហ៊ុន​រថយន្តក្រុង​នេះ​ពិចារណា​ទទួលយក​អ្នកបើកបរ​ទាំងនោះ​វិញ​។ ក្រុមអ្នកតវ៉ា​ក៏បាន​ផ្អាក​ការតវ៉ា​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​២៦ ខែមករា​។ បន្ទាប់ពី​ក្រុមហ៊ុន​រថយន្តក្រុង​នេះ មិន​អើពើ​នឹង​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ពួកគេ​ក៏បាន​ចាប់ផ្តើម​តវ៉ា​ជាថ្មី នៅ​ថ្ងៃទី​០៦ កុម្ភ​នេះ ម្សិល​មិញ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com