ជាតិ
អ្នកនាំពាក្យ​ថា ឯកឧត្តម សម រង្ស៊ី កុំ​យក​អន្តរជាតិ​មក​ធានា​ខ្លួន​ចូល​ស្រុក ព្រោះ​គ្មាន​សង្ឃឹម​ឡើយ​
09, Feb 2016 , 3:40 pm        
រូបភាព
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី គឺ​ពិបាក​នឹង​ចូលមក​កម្ពុជា​វិញ បើ​មិនមាន​ការលើកដៃ​ហត្ថលេខា​ស្នើសុំ​លើកលែងទោស​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ចំអក​វិញ​ថា ឯកឧត្តម សម រង្ស៊ី មិនចាំបាច់​យក​អន្តរជាតិ​មក​ធានា​លោក ចូល​ស្រុក​វិញ​ទេ​ព្រោះ​វា​គ្មាន​សង្ឃឹម​ឡើយ​។ ឯកឧត្តម សម រង្ស៊ី បាន​អះអាងថា អន្តរជាតិ​កំពុង​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហើយ​ពួកគេ​នឹង​អន្តរាគមន៍​ជួយ​ធានា​ឲ្យ​លោក ចូលមក​កម្ពុជា​នៅពេល​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​សកល​ឆ្នាំ​២០១៨​។​



​ក្រោយពី​ឮ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី នេះ លោក សុខ ឥសាន តប​វិញ​ថា  ទោះជា ឯកឧត្តម សម រង្ស៊ី យក​អន្តរជាតិ​មក​ធានា​ខ្លួន​ឲ្យ​ចូល​ស្រុក​វិញ ក៏​គ្មាន​សង្ឃឹម​ឡើយ ព្រោះ​ប្រទេស​ទាំងនោះ​គ្មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ហើយ​កម្ពុ​ជាមាន​ឯករាជ្យ និង​អធិបតេយ្យភាព​ខ្លួន មិន​ស្ថិតក្រោម​ប្រទេស​ណាមួយ​ឡើយ ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ចំអក​ទៅ​ឯកឧត្តម សម រង្ស៊ី វិញ​ថា ការ​លើកយក​អន្តរជាតិ​មក​ការពារ​ខ្លួន​នេះ គឺ​គ្រាន់តែ​ជាការ​អះអាង​របស់​ប្រធាន​គណបក្សប្រឆាំង​មួយ​នេះ ដើម្បី​ដាក់​គំនាប​មក​កម្ពុជា​ប៉ុណ្ណោះ តែ​ធាតុពិត​សហគមន៍​អន្តរជាតិ​មិនដែល​ចង់​លូកដៃ​ចូល​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ទេ​។​

​ទន្ទឹមនឹងនេះ​លោក សុខ ឥសាន ក៏បាន​រំ​ឮ​ក​ប្រសាសន៍​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឯកឧត្តម សម រង្ស៊ី ថា លោក​នឹង​មិនអាច​ចូលមក​កម្ពុជា​វិញ​ទេ បើ​មិនមាន​ការលើកដៃ​ហត្ថលេខា​ស្នើសុំ​លើកលែងទោស​ជូន​ឯកឧត្តម សម រង្ស៊ី ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​សម្ដេច ហ៊ុន សែន បានប្រកាស​រួចហើយ​ថា លោក​នឹង​កាត់​ដៃស្ដាំ​ចោល​បើសិនជា​លើកដៃ​ចុះហត្ថលេខា​លើកលែងទោស​ដល់​អ្នកណា​ម្នាក់ទៀត​។ ដូចនេះ​លោក សម រង្ស៊ី នឹងមិន​អាច​ចូល​ស្រុក​វិញ​បានទេ បើ​គ្មាន​ការលើកដៃ​ចុះហត្ថលេខា​ពីស​ម្ដេច​សុំ​លើកលែងទោស​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។ ហើយ​ការ​លើកយក​សហគមន៍​អន្តរជាតិ​នេះ គឺ​គាត់​គ្រាន់តែ​អះអាង​ខ្លួនឯង​ដាក់​គំនាប​មក​កម្ពុជា ប៉ុន្ដែ​អន្តរជាតិ​ទាំងនោះ​គ្មាន​សិទ្ធិ​លូកដៃ​ចូល​បញ្ហា​កម្ពុជា​ទេ ហើយ​ដូច​EU​ជាដើម​ពួកគេ​គ្មាន​បំណង​កាត់​ជំនួយ​កម្ពុជា ដូច​ការលើកឡើង​រប​ស់លោក សម រង្ស៊ី ដែរ​»​។​

​កន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹង​កាត់​ដៃស្តាំ​ខ្លួនឯង​ចោល​ប្រសិនបើ​សម្តេច​ស្នើ​ឲ្យ​លើកទោស​លើក​ទី ៣ ដល់​អ្នកណាម្នាក់​។ បើទោះបីជា​ប្រមុខ​រដ្ឋាភិបាល​មិន​និយាយ​ចំឈ្មោះ​ឯកឧត្តម សម រង្ស៊ី មេបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​គេ​ដឹងថា​ការលើកឡើង​របស់​សម្តេច ធ្វើឡើង​ទំនង​ផ្ញើ​សារ​ប្រាប់​ទៅ​ឯកឧត្តម សម រង្ស៊ី​។​

​តែ​យ៉ាងណា​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បញ្ហានយោបាយ​នៅ​កម្ពុជា​គឺ​តែងតែមាន​ការផ្លាស់ប្ដូរ​ទៅតាម​ចិត្ត​អ្នកនយោបាយ​។ អ្នកវិភាគ​រូបនេះ យល់ឃើញថា បើទោះជា​សម្ដេច ហ៊ុន សែន ប្រកាស​កាត់​ដៃ​ចោល បើសិន​លើកទោស​ដល់​អ្នកណាម្នាក់​ក៏ដោយ តែ​លោក​ជឿថា ឯកឧត្តម សម រង្ស៊ី នឹង​អាច​ចូលមក​កម្ពុជា​វិញ តាមរយៈ​ការចចារ​នយោបាយ​ដូច​ឆ្នាំ​២០១៣​កន្លងមក​ដែរ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី ដែល​កំពុងមាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល តាមរយៈ​ប្រព័ន្ធ​ស្កេ​ប​(Skype) កាលពីពេល​ថ្មីៗ ថា លោក​បាន​ជួប​ជាមួយ​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​នយោបាយ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក តំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​អាមេរិក និង​អ្នក​ដែល​បាន​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ អះអាងថា សហរដ្ឋអាមេរិក​កំពុងតែ​រៀបចំ​ជួយ​ដល់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​នៅ​កម្ពុជា និង​ធានា​ការវិលត្រឡប់​របស់លោក​ចូលមក​ប្រទេស​កម្ពុជា​វិញ​នៅពេល​បោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ​០២១៧ និង​មុនពេល​បោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com