ជាតិ
មនុស្ស​៣១​នាក់ ត្រូវបាន​ចាប់ខ្លួន​និង​គំរាមកំហែង ដោយសារ​បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក​
09, Feb 2016 , 7:39 pm        
រូបភាព
​ព្រោះតែ​ការបញ្ចេញមតិ​របស់ខ្លួន នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មនុស្ស ៧​នាក់ ត្រូវបាន​ចាប់ខ្លួន ហើយ ២៤​នាក់​ផ្សេងទៀត កំពុងតែ​ស្ថិតនៅក្រោម​ការគំរាមកំហែង ពី​សំណាក់​អ្នកមានអំណាច ដោយ​គិត​ត្រឹម​ខែ សីហា ឆ្នាំ ២០១៥  មកដល​ខែ កុម្ភៈ ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍ ស្តីពី​ការបង្ក្រាប​ទៅលើ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។



​ក្នុងចំណោម​ជនរងគ្រោះ​៧​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ជនរងគ្រោះ​៦​នាក់ ត្រូវបាន​ដោះលែង ហើយ​ជនរងគ្រោះ​១​នាក់ កំពុងតែ​ស្ថិតក្នុង​ពន្ធនាគារ​រហូតមក​ប​ច្ចុ​ប្បន្ន​។ ក្រៅពី​ចាប់ខ្លួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទាំង​៧​នាក់​ខាងលើ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ២៤​នាក់​ទៀត កំពុងតែ​ត្រូវបាន គំរាមកំហែង ព្រោះតែ​ការបញ្ចេញមតិ​និង​ការរិះគន់​របស់​ពួក ទៅលើ​បណ្តា​អ្នកនយោបាយ និង​អ្នកមានអំណាច​មួយចំនួន ។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចាត់ទុក​ការបង្ក្រាប​នេះ ថា​ជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ប្រជាពលរដ្ឋ​តែងតែ​ត្រូវបាន​ចាប់ខ្លួន​ឬ​ព្រមាន ដោយសារតែ​ការបញ្ចេញមតិ និង​ការរិះគន់​របស់​ពួកគេ​ទៅលើ​ប្រមុខ​រដ្ឋាភិបាល ឥស្សរជន​នយោបាយ ព្រមទាំង​មន្ត្រីរាជការ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​លើសពីនេះទៅទៀត អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ ក៏បាន​លើកឡើងថា ការកើនឡើង​នូវ​ការចាប់ខ្លួន និង​ការគំរាមកំហែង​នេះ គឺជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ព​ល​រដ្ឋ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ដែល​ប៉ះពាល់​និង​រារាំង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​៕


Tag:
 ​ហ្វេ​ស​ប៊ុ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com