ជាតិ
កំណត់ពេល​ប្រឡង​ចេញ​ថ្នាក់ជាតិ​សម្រាប់​វិស័យ​សុខាភិបាល នៅ​ថ្ងៃទី​៥ មីនា​
10, Feb 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​សម្រាប់​ការបណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសថា ការប្រឡង​ថ្នាក់ជាតិ​សម្រាប់​វិស័យ​សុខាភិបាល នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល វិស័យ​សុខាភិបាល នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ​។​


​បើតាម​សេចក្ដីជូនដំណឹង​ស្ដីពី ការប្រឡង​ចេញ​ថ្នាក់ជាតិ គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​នឹង​រៀបចំ​ការប្រឡង​ចេញ​ថ្នាក់ជាតិ ទាំង​ផ្នែក​ទ្រឹស្តី និង​ផ្នែក ជំនាញ​គ្លីនិក សម្រាប់​និស្សិត​ទើបបាន​បញ្ចប់​ការសិក្សា នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល នៅ​ឆ្នាំ​២០១៥ និង​និស្សិត​បាន​ប្រឡង​ធ្លាក់ ឬ​មិនទាន់​ចូលរួម​ការប្រឡង​ចេញ​ថ្នាក់ជាតិ​កន្លងមក ក្នុង​ថ្នាក់ វេជ្ជបណ្ឌិត​ទូទៅ ទន្ត​បណ្ឌិត​ទូទៅ បរិញ្ញាបត្រ​ឱសថ និង​បរិញ្ញាបត្រ​គិលានុបដ្ឋាក ឆ្មប និង​បច្ចេកទេស​មន្ទី​ពិសោធន៍ ជាដើម​។ ចំពោះ​ការប្រឡង​ផ្នែក​ទ្រឹស្តី វិញ្ញាសា​សំណេរ គឺជា​ប្រភេទ​សំណួរចម្លើយ​ជ្រើសរើស Multiple Choice (MCQ) មាន​ចំនួន ២០០ សំណួរ តាម​មុខវិជ្ជា និង​កាលបរិច្ឆេទ​កំណត់​។​
 
​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​តម្រូវ​ឲ្យ​បេក្ខជន​បង់​ថវិកា ១​សែន​រៀល សម្រាប់​រៀបចំ​ការ ប្រឡង​ចេញ​ថ្នាក់ជាតិ រីឯ​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ត្រូវ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ សម្រាប​ដំណើរ​ការប្រឡង​ចេញ​ថ្នាក់ជាតិ​ផ្នែក​ជំនាញ​គ្លីនិក​។​
 
​កាលបរិច្ឆេទ និង​ទីកន្លែង​ទទួល​ពាក្យ​ប្រឡង ចាប់​ថ្ងៃ​ជូនដំណឹង ដល់​ម៉ោង ៥​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅតាម​គ្រឹះស្ថានសិក្សា​សុខាភិបាល​របស់​និស្សិត​ផ្ទាល់ រួមមាន សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សាកលវិទ្យាល័យ​អន្តរជាតិ វិទ្យាស្ថាន​សុខាភិបាល​កង​យុទ្ធ​ពល​ខេមរភូមិន្ទ សាកលវិទ្យាល័យ​ឡាយ​ហ្វ សាកលវិទ្យាល័យ​ចេនឡា និង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​។​
​បេក្ខជន​អាច​សួររក​សំណុំលិខិត​ពាក្យសុំ​ប្រឡង​ចេញ​ថ្នាក់ជាតិ និង​ព័ត៌មាន​ផ្សេងៗ​ទៀត នៅតាម​សាកលវិទ្យាល័យ​ពាក់ព័ន្ធ​ខាងលើ​៕

Tag:
 ប្រឡង​ចេញ​ថ្នាក់ជាតិ​
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com