អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្វី​គួរ​ដឹង​មុន​​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នៅ​កាលី​ហ្វ​រ​នីញ៉ា​?
10, Feb 2016 , 4:34 pm        
រូបភាព
​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន​ដែល​រៀបចំឡើង​នៅ​តំបន់ Sunnylands រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​អាស៊ាន​ទាំង​១០ នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ចំណងមិត្តភាព​អាស៊ាន​-​អាមេរិក​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ជំនួប​កំពូល​ក​ម្រិ​យ​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​និង​អាមេរិក​ដ៏​កម្រ​មាន​នេះ​ក៏​នឹង​ជួយ​ដល់ គោលនយោបាយ​អាមេរិក​ស្ថិតក្រោម​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​តំបន់​អាស៊ី​ឡើងវិញ​ផងដែរ​។ អាមេរិក​ចាត់ទុក​អាស៊ាន​ជា​ដៃគូ​សំខាន់​មិនអាច​ខ្វះ​បាន​។ តើ​អ្វីដែល​អ្នក​គួរ​យល់ដឹង​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​អាស៊ាន ?



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន ឬ​សន្និសីទ​កំពូល​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក អាស៊ាន ពីថ្ងៃ ១៥​ដល់​ថ្ងៃ ១៦​ខែកុម្ភៈ​ខាងមុខ​។ កិច្ចប្រជុំ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ទឹកដី Sunnylands  ទីក្រុង Rancho Mirage នៃ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា ដោយ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​១០ នឹងមាន​វត្តមាន​នៅលើ​ទឹកដី​អាមេរិក​នេះដែរ​។​កាលពី​ឆ្នាំ ២០១៣ ក្រុង Rancho Mirage នេះ​ជា​កន្លែង​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្វាគមន៍​និង​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង​។​
 
​អាច​និយាយថា កិច្ចប្រជុំ​លើក​នេះ​ជា​កិច្ចប្រជុំ​លើកទីមួយ​និង​កម្រ​បំផុត​ដែរ ព្រោះ​សូម្បីតែ​ចិន​ក៏​មិនទាន់​អាច​រៀបចំ​កិច្ចប្រជុំ​កំពូល ដោយ​អញ្ជើញ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន​ទៅ​ចូលរួម​ដូច្នេះ​ដែរ​។​
 
​កិច្ចប្រជុំ​នេះ​ត្រូវបាន​ស្នើឡើង​ភ្លាមៗ​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ផ្ទាល់​កាលពី​ចុង​ឆ្នាំមុន​ក្នុង​កិច្ចប្រជុំ​អាមេរិក -​អាស៊ាន​លើក​ទី​៣ នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ភាគី​បាន​ឯកភាពគ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ដល់​ដៃគូ​យុទ្ធសាស្ត្រ ដែលជា​កម្រិត​ខ្ពស់បំផុត​មួយ​។ ទំនាក់ទំនង​អាមេរិក​និង​អាស៊ាន​កាន់តែ​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​អាមេរិក​ក៏​សម្លឹង​ឃើញ​ពី​សារសំខាន់​នៃ​តំបន់​អាស៊ាន​ក្នុង​ការជួយ​ឲ្យ​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​ទទួលជោគជ័យ​ផងដែរ​។ តែ​ចិន​មិន​ត្រេកអរ​ឡើយ​នៅពេលដែល​សហរដ្ឋអាមេរិក​កាន់តែ​ស្និទ្ធ​ជាមួយ​អាស៊ាន​។ 
 
- សម្រាប់​អាមេរិក អាស៊ាន​ជា​អង្គការ​ថ្នាក់​តំបន់​ដ៏​រឹងមាំ​និង​សំខាន់​?
​អាស៊ាន​ជា​អង្គការ​ថ្នាក់​តំបន់​មួយ ដែលមាន​ដំណើរ​ការល្អ​ប្រសើរ និង​វិ​វត្ត​រហ័ស​ជាងគេ​បង្អស់​បើ​ប្រៀបធៀប​ជាមួយ​អង្គការ​តំបន់​ឯទៀត​។ អាស៊ាន​បាន​ដើរតួនាទី​យ៉ាងសំខាន់​កន្លងមក​ក្នុង​ការជួយ​រក្សា​សន្តិសុខ សន្តិភាព ស្ថិរភាព​នៅក្នុង​តំបន់ និង​អាចជួយ​ផ្តល់​ប្រយោជន៍​ដល់​ទាំង​ប្រទេស​តួច និង​ប្រទេស ធំ​។​
 
​នេះ​ក៏​ដោយសារ​អាស៊ាន​មាន​គោលការណ៍​ត្រឹមត្រូវ​និង​ច្បាប់ទម្លាប់​ច្បាស់លាស់ ដូចជា​អនុវត្តតាម គោលការណ៍​ស្នូល​អាស៊ាន  គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ អនុវត្ត​ខ្ជាប់ខ្ជួន​ដើម្បី​ធានាថា​អាស៊ាន​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​បន្ត​រក្សា​ឲ្យ​អាស៊ាន​ជា​តំបន់​នៃ​សន្តិភាព សេរីភាព និង​អព្យាក្រឹត ជាដើម​ផង​។​
 
​ជា​ឧទាហរណ៍ កិច្ចប្រជុំ​អាស៊ី​បូព៌ា ជា​វេទិកា​កំពូល​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​តូច​និង​ប្រទេស​ធំៗ និង​ជា​កន្លែង​សម្រាប់​ប្រទេស​មហាអំណាច​ជជែក​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និង​សន្តិសុខ​តំបន់​ថែម​ទៀតផង​។ អាមេរិក​ទើបតែ​ក្លាយជា​សមាជិក​នៃ​កិច្ចប្រជុំ​អាស៊ី​បូព៌ា​នៅក្នុង​ឆ្នាំ ២០១១ ជាមួយ​រុស្ស៊ី​ប៉ុណ្ណោះ​។​
 
១.​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី​ធ្វើ​ឲ្យ​អាស៊ាន​និង​អាមេរិក​កាន់តែ​ជិតស្និទ្ធ​
​អ្វីដែល​សំខាន់​សម្រាប់​ទំនាក់ទំនង​អាមេរិក​និង​អាស៊ាន គឺ​ការសម្រេច​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ឆ្នាំ​២០១៥ កន្លងមក​។​ដែល​នេះ​បានន័យថា ទំនាក់ទំនង​អាស៊ាន អាមេរិក​ឈាន​មកដល់​កម្រិត​ថ្មី ដែល​រឹងមាំ និង​កាន់តែ​ស៊ីជម្រៅ​ជាង​ពេលណាៗ​ទាំងអស់​។ ក្នុង​រយៈពេល ៧​ឆ្នាំ​ចុងក្រោយ អាមេរិក​បាន​ប្រឹងប្រែង​ពង្រឹង​ភាពជា​ដៃ​គួ​ជាមួយ​អាស៊ាន ហើយ​រហូតដល់ ២០១០ ក្រោម​រដ្ឋបាល​លោក អូ​បា​ម៉ា ទើប​អាមេរិក​ក្លាយជា​ដៃគូ​ពិភាក្សា​ជា​ផ្លូវការ​របស់​អាស៊ាន​។ បន្ទាប់មក​អាមេរិក​បានតែងតាំង​ឯកអគ្គរដ្ឋទូត​មកកាន់​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ហ្សា​ការ​តា​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រួមគ្នា​ឲ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។​
 
​ខណៈដែល​អាស៊ាន​ចាប់ផ្តើម​ដំណើរការ​សហគមន៍​សេដ្ឋកិច្ច​ជា​ផ្លូវការ​នោះ ភាព​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី​អាស៊ាន​និង​អាមេរិក​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ភាគី​ពង្រឹង​ចំណងមិត្តភាព​ឲ្យ​ស្អិត​ល្អួត​ខ្លាំង​នៅពេល​ខាងមុខ​ផង​។​
 
២.​កំណើនសេដ្ឋកិច្ច​អាស៊ាន​-​អាមេរិក​ពឹង​លើ​គ្នា​ទៅវិញទៅមក​
​និយាយ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច​អាស៊ាន និង​អាមេរិក​ពឹង​លើ​គ្នា​ទៅវិញទៅមក​។ អាមេរិក​ជាទី​ផ្សារ​ធំ​សម្រាប់​ផលិតផល​អាស៊ាន ហើយ​អាស៊ាន​វិញ​ក៏​ជាទី​ផ្សារ​ធំ​សម្រាប់​ផលិត​អាមេរិក​ដែរ​។  ដោយសារ សហគមន៍​អាស៊ាន​មាន​ប្រជាជន​ប្រហែល ៦៦០ លាន​នាក់​ភាគច្រើន​ក្មេងៗ  ស្រប​ពេលដែល​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ៧ របស់​ពិភពលោក ផលិតផល​អាមេរិក​ក្លាយជា​ផលិតផល​ដ៏​ពេញនិយម​នៅក្នុង​តំបន់​អាស៊ាន​ដែរ​។   ហើយ​បើ​យោងតាម​របាយការណ៍​ក្រសួងការបរទេស​អាមេរិក ទីផ្សារ​អាស៊ាន​នេះ​បាន​ជួយ​គាំទ្រ​ដល់​ការងារ​ប្រជាជន​អាមេរិក​កន្លះ​លាន​ឯណោះ​។ សម្រាប់​អាស៊ាន អាមេរិក​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ហើយ​អាស៊ាន​ទីផ្សារ​ធំ​ទី​៤​សម្រាប់​ផលិតផល​អាមេរិក ហើយ​អាមេរិក​វិញ​ជាទី​ផ្សារ​ធំ​លេខ​រៀង​ទី​៣​សម្រាប់​អាស៊ាន​។ 
 
៣.​អាស៊ាន​ជា​ដៃគូ​សំខាន់​ក្នុង​ដោះស្រាយ​បញ្ហា​សន្តិសុខ​រួមគ្នា​?
​ក្រៅពី​សេដ្ឋកិច្ច  អាស៊ាន​ក៏​ជា​តួអង្គ​សំខាន់​ដែល​អាមេរិក​អាច​សហការ​បាន​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​ជាច្រើន​។ អាស៊ាន​មាន​តួនាទី​ស្នូល ហើយ​ក្រុង​វ៉ាស៊ីនតោន​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានឡើយ​បើ​គ្មាន​ការសហការ​ជាមួយ​អាស៊ាន​ទេ​។ បញ្ហា​សន្តិសុខ​ទាំងនោះ​រួមមាន​ទាំង​ភេរវកម្ម ហិង្សា​ជ្រុលនិយម ប្រែប្រួល​អាកាសធាតុ បញ្ហា​បំពុលបរិស្ថាន ថាមពល សន្តិសុខ​អ៊ិន​ធឺ​ណែ​ត ជួញដូរ​មនុស្ស ជួញដូរ​សត្វ​ផ្សៃ ឈើ នេសាទ​ខុសច្បាប់ ការជួញដូរ​អាវុធ​និង​ការ​សាយ​ភាព​នៃ​អាវុធ​មហា​ប្រល័យ និង​ចុងក្រោយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត​៕
 
 

Tag:
 អាស៊ាន
  កាលី​ហ្វ​រ​នីញ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com