ពីនេះ ពីនោះ
អប់រំ​មនុស្ស គឺ​ទើប​ជា​មូលដ្ឋាន​កសាង​ជាតិ​ពិតប្រាកដ
11, Feb 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការរៀបចំ​សង្គម​ដើម្បី​ឲ្យ​ក្លាយជា​រដ្ឋ​ទំនើប ជឿនលឿន​ល្បីល្បាញ ទាំង​វិស័យសេដ្ឋកិច្ច សង្គម និង​នយោបាយ មាន​អ្នកដឹកនាំ​មួយចំនួន​មានការ​កំណត់ ផ្សេងៗ​គ្នា​នៅក្នុង​ទស្សនវិស័យ​កសាង​ជាតិ​នោះ​។ អ្នកដឹកនាំ​ខ្លះ​ថា​គួរ​ចាប់ផ្ដើម​ពី​វិស័យសេដ្ឋកិច្ច អ្នកខ្លះ​ថា រៀបចំ​ប្រព័ន្ធ​នយោបាយ អ្នកខ្លះ​ថា​ផ្ដើម​ពី​វិស័យ​អប់រំ អ្នកខ្លះ​ថា​ផ្ដើម​ពី ការគិតគូរ​សេចក្ដីស្រេកឃ្លាន​របស់​ប្រជាពលរដ្ឋ​ជាមុន​។​



​ការគិត​បែប​នោះ​គឺ​មិនមែនជា​គំនិត​ដែល​ត្រូវ​និយាយថា​ខុស​ឬ​ត្រូវ​នោះទេ​។ ព្រោះ​បរិបទ​នៃ​សង្គម​វា​មាន​ស្ថាន​ភាពខុសៗ​គ្នា ថា​ចំណាប់​ផ្ដើម​របស់​រដ្ឋ​ត្រូវ​ចាប់ផ្ដើម​ពី​ចំណុច​ណា​មក​មុន​។ ក៏ប៉ុន្តែ​ប្រសិនបើ​យើង​ងាក​ទៅរក​គំនិត​របស់​ទស្សនវិទូ​ល្បីៗ​មួយចំនួនធំ​ដូចជា សូ​ក្រា​ត ប្លា​តុង អា​រី​ស្តូ​ត ខុង​ជឺ និង​ទស្សនវិទូ​នានា​ជាច្រើន​ទៀត  គឺ​ឲ្យ​តម្លៃ​ទៅលើ​ការអប់រំ​មនុស្ស​ខ្លាំង​ជាង​អ្វី​ទាំងអស់ ដើម្បី​យក​ជា​ជំហាន​ដំបូង​ក្នុង​ការកសាង​សង្គម​។ មិនតែប៉ុណ្ណោះ​សូម្បី​នៅក្នុង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ ក៏​ឲ្យ​តម្លៃ​លើ​ការគិតគូរ​អំពី​ភាពអវិជ្ជា​របស់​មនុស្ស ដើម្បី​កសាង​មនុស្ស​ម្នាក់​ឲ្យ​កា្ល​យ​ជា​មនុ​ស្សពិត​។​

​ចំពោះ​ការអប់រំ​មនុស្ស គឺជា​ជំហាន​ដ៏​សំខាន់ ដែល​គេ​ត្រូវ​គិត​អំពី​លក្ខណៈសម្បត្តិ​របស់​មនុស្ស​។ ព្រោះ​ការអប់រំ​ធ្វើ​ឲ្យ​មនុស្ស​មានតម្លៃ មាន​សីលធម៌​ថ្លៃថ្នូរ​ល្អ កសាង​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ និង​កសាង​ឧត្តមភាព​ក្នុងនាម​ជាម​នុស្ស ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មានតម្លៃ​មួយរូប​។ ហើយ​ការអប់រំ អាចធ្វើ​ឲ្យ​មនុស្ស​មាន​បេះដូង ចិត្ត មនោគតិ​បរិសុទ្ធ មិន​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន តែមាន​ការគិត​ជួយ​ដល់​អ្នក​ដ៏​ទៃ ដល់​សង្គម ដែល​អ្វី​ទាំងនេះ​គឺ​ចាប់ផ្តើម​ពី​ការអប់រំ​។​

​ការអប់រំ ធ្វើ​ឲ្យ​មនុស្សយ​ល់ពី​កាតព្វកិច្ច​របស់ខ្លួន ក្នុងការ​ចូលរួម​សកម្មភាព កសាង​សង្គម​ដែល​ខ្លួន​ចង់បាន ចង់​ឲ្យ​ជាតិ​រឹងមាំ សង្គម​សីលធម៌ សង្គម​យុត្តិធម៌ សង្គម​ប្រជាធិបតេយ្យ​សេរី ដែល​កត្តា​ទាំងនេះ​មិនអាច​កើតមានឡើង​ដោយ​ឯកឯង​បាន​នោះទេ​។​

​ជាក់ស្ដែង​ណាស់ នៅពេល​បុគ្គល​ម្នាក់​ទទួលបាន​ការអប់រំ គឺ​ពុំមែន​គ្រាន់តែ​លើ​យកតែ​ទ្រឹស្ដី និង​ចំណេះដឹង​មក​និយាយ​រិះគន់​សង្គម​ប៉ុណ្ណោះ​នោះទេ​។ ប៉ុន្តែ​ការចូលរួម​ដោះស្រាយ​បញ្ហា និង​កសាង​សង្គម គឺជា​បេសកកម្ម​ដ៏​សំខាន់បំផុត​របស់​ក្រុម​បញ្ញវន្ត និង​អ្នកសិក្សា​គ្រប់រូប​។ នៅក្នុង​ការរៀបចំ​សង្គម​នោះ​ទៀតសោត គ្រប់​បញ្ញវន្ត​ទាំងអស់​ត្រូវតែមាន​ផែនការ​កសាង​ជាតិ​ឲ្យ​ពិតប្រាកដ ដែល​ត្រូវអនុវត្ត​ទៅតាម​លំដាប់លំដោយ ច្បាស់លាស់ ដើម្បី​បញ្ជៀ​ស​ផល​អវិជ្ជមាន​គ្រប់បែបយ៉ាង នឹងធ្វើ​ឲ្យ​ជាតិ​មានការ​រីកចម្រើន​កាន់តែ ប្រសើរឡើង ប្រជាជន​រស់នៅ​មានសង្ឃឹម​រស់​ខ្ពស់​។ ហើយ​បញ្ញវន្ត​មិនត្រូវ​គិតថា ជាតិ​ទន់ជ្រាយ ប្រជាជន​ល្ងង់ រដ្ឋ​គ្មាន​សមត្ថភាព ក្នុងការ​កសាង​ជាតិ ទាំង​ខ្លួនឯង ក្នុងនាម​ជា​បញ្ញវន្ត​មួយរូប​បានតែ​ទ្រឹស្ដី ស្ដីបន្ទោស​គេ តែ​ការប្រតិបត្តិ​ជាក់ស្ដែង​ដោយ​ខ្លួនឯង មិនអាច​ធ្វើបាន​ផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com