ពីនេះ ពីនោះ
E-government ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ពិបាក​កុហក​នាយករដ្ឋមន្ត្រី​
11, Feb 2016 , 3:05 pm        
រូបភាព
​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជាថ្មី​ម្តង​ទៀតថា រដ្ឋាភិបាល​របស់លោក​នៅពេលនេះ គឺជា​រដ្ឋាភិបាល​អេឡិចត្រូនិក​ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា E-government​។  E-government ពីព្រោះ សម្តេច​ផ្ទាល់ សម្តេច​ក៏មាន Page Facebook ដែល​អាច​ឆ្លងឆ្លើយ​ជាមួយ​ពលរដ្ឋ​ដោយផ្ទាល់​។



​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​សម្តេច​ដោះស្រាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​។ ម្យ៉ាងទៀត ក្រសួង​មួយចំនួន​ក៏​អនុញ្ញាត​ឲ្យ​មានការ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែរ​។ ទាក់ទង​ទៅនឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នេះ សម្តេច​សំណូមពរ​ឲ្យ​ក្រសួង​មន្ទី និង​បណ្តា​ខេត្ត​នានា​តាមដាន និង​ចូល​រូ​ម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​បំផុត​។

​អ្នក​រិះគន់​ខ្លះ​ស្តីបន្ទោស​សម្តេច ហ៊ុន សែន ថា ដឹកនាំ​ប្រទេស​ដោយ​បញ្ជា​មន្ត្រី​ថ្នាក់ក្រោម​តាមតែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ តែ​អ្នកគាំទ្រ​គំនិត​នាយករដ្ឋមន្ត្រី​មួយចំនួន​វិញ គិតថា សកម្មភាព​របស់​សម្តេច គឺ​ល្អ ពីព្រោះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សម្តេច​អាច​ដឹង​រឿងរ៉ាវ​គ្រប់យ៉ាង​ដែល​ផ្តល់​ឲ្យ​ដោយ​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​។ ហើយ​នេះ គឺជា​អ្វីដែល​សម្តេច​ពិបាក​ទទួលបាន ណាស់​កាលពី​ពេលមុន ប្រសិនបើ​មន្ត្រី​ថ្នាក់ក្រោម​ចង់​លាក់​ព័ត៌មាន ឬ​កុហក​ព័ត៌មាន​នោះ​។ ដូច្នេះ E-government នៅពេលនេះ ក្រៅពី​បង្កើន​ប្រសិទ្ធិភាព​ការងា​របស់​រដ្ឋ អាច​ថា ជាការ​បិទផ្លូវ​ភូតកុហក​របស់​មន្ត្រី​ថ្នាក់ក្រោម​ខិលខូច​មួយចំនួន​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com