ជាតិ
ខ្មែរឈ្លោះគ្នា ខ្មែរខ្សោយ
12, Feb 2022 , 11:29 pm        
រូបភាព
ស្ពាន​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាលពីអតីតកាល។ ប្រភព​រូបថត៖ ហ្វេសប៊ុក
ស្ពាន​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាលពីអតីតកាល។ ប្រភព​រូបថត៖ ហ្វេសប៊ុក
ដោយ: រួបរួម
ឆ្លងតាម​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា ធ្លាប់ជា​មហាចក្រ​ភព ដែល​ល្បី​រន្ទឺ​នៅ​អាស៊ី ប៉ុន្តែ ក្រោយមក ដោយមាន​ជម្លោះផ្ទៃក្នុង​រវាង​ខ្មែរ​គ្នាឯង​ផង និង ការរីកចម្រើន​និង​ការឈ្លានពាន​របស់​បរ​ទេស​ផង នាំឱ្យ​ទឹកដី​នៃ​ប្រទេស​កម្ពុជា កាន់តែ​រួម​តូច​។ បន្ទាប់មកទៀត ក្នុងអំឡុងពេល ពី​ឆ្នាំ​១៨៦៣ ដល់ ១៩៥៣ កម្ពុជា​ស្ថិតក្រោម​ការគ្រប់គ្រង​និង​ការត្រួតត្រា​របស់​អា​និគម​និយម បារាំង​, ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០, ១៩៨០ និង ដើម​ទសវត្ស​ឆ្នាំ​១៩៩០ កម្ពុជា បាន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ ដែល​ធ្វើឱ្យ​សង្គម​ខ្មែរ​បាន​បែកបាក់ និង ចែកចេញជា​ច្រើន​បក្ស ច្រើន​ក្រុម ច្បាំង​គ្នាឯង ស្ទើរតែ​ជិត​ខិត​ទៅរក​ភាព​សាបសូន្យ​។

 

 
​ក្នុង​រយៈពេល​នៃ​ការបែកបាក់​និង​ក្នុង​រយៈពេល​នៃ​សង្គ្រាមស៊ីវិល​កន្លងមក ភាគី​ខ្មែរ​នីមួយៗ បាន​ប្រមូល​កៀងគរ​ទាំង​អ្នកគាំទ្រ​ដែលជា​ប្រជាជន​ខ្មែរ​ក្នុងប្រទេស​ផង និង បាន​ពឹង​បរទេស​ឱ្យជួយ​និង​គាំទ្រ​ផងដែរ ដូចជា បក្ស​ខ្លះ​ពឹង​ប្រទេស​ចិន ខ្លះ​ពឹង​ប្រទេស​អាមេរិក ខ្លះ​ពឹង​ប្រទេស​ថៃ ខ្លះ​ពឹង​ប្រទេស​វៀតណាម ជាដើម​។

​ជាធម្មតា ពេលដែល​កម្ពុជា​ពឹង​គេ កម្ពុជា​ជំពាក់​គុណ​គេ ហើយ​តិច​ឬ​ច្រើន កម្ពុជា​ត្រូវ​តបស្នង ឬ ក៏​រណប​នយោបាយ​រប​ស់​គេ​។ ជា​លទ្ធផល ក្នុង​រយៈពេល​នោះ ប្រជាជន​ខ្មែរ​ទាំង​ជន​ស៊ីវិល​និង​យោធា​បាន​ស្លាប់​រាប់លាន​នាក់ ជាពិសេស ក្នុង​របប ប៉ុល ពត​, ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​ឯកជន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​...​ត្រូវបាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់​។

ក្រោយមក​ក្នុង​ឆ្នាំ​១៩៩១ ដោយមាន​អន្តរាគមន៍​ពី​បរទេស និង មានការ​ព្រមព្រៀង​រវាង​ភាគី​ខ្មែរ​ខ្លួនឯង​ផង កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ត្រូវបាន​បង្កើតឡើង​។ ចាប់ពីពេលនោះ​មក កម្ពុជា បាន​ឈប់​ច្បាំង​គ្នា​ដើម្បី​ដណ្ដើម​អំណាច​ទៀតហើយ ក្រុម​ផ្សេងៗ​បាន​ក្លាយទៅជា​បក្សនយោបាយ និង បាន​ប្រកួតប្រជែង​គ្នា​តាមរយៈ​ការបោះឆ្នោត​ដើម្បី​ឡើងកាន់​អំណាច​។​
 
​បើ​គិត​មកដល់ពេលនេះ ថ្វីបើ​កម្ពុ​ជាមាន​សន្តិភាព ក្រុម​អ្នកតស៊ូ​ខ្មែរ​ទាំងអស់​ក្នុង​អតីតកាល​បានធ្វើ​សមាហរណកម្ម​ក្នុងសង្គម​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ បើ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​បន្តិច និ​ន្ន​ាកា​នយោបាយ​ខុសគ្នា នៅតែ​បង្ក​ភាព​ប្រទាំង​ប្រទើស​។​

​អ្នកនយោបាយ​ខ្មែរ ត្រូវតែ​រួមគ្នា​ដើម្បី​ចៀសឱ្យផុត​ពីបទ​ពិសោធ​ន៍​អាក្រក់​ក្នុង​អតីតកាល ហើយ​ត្រូវតែ​ចាំ​ថា បើ​ខ្មែរ​បែកបាក់​នឹង​ខ្មែរ​ស្លាប់ បើ​ខ្មែរ​រួបរួម​ទើប​ខ្មែរ​រស់ ដូចជា​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ស្ពាន​មួយកន្លែង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គេ​ឃើញ​បដា​ចង​នៅមុខ​ស្ពាន ដោយ​សរសេរថា «​ខ្មែរ​ឈ្លោះ​គ្នា ខ្មែរ​ខ្សោយ​»​។ ប្រភព​មួយចំនួន​បាន​អះអាងថា រូបថត​នេះ ត្រូវ​ថត​ឡើង​កាលពី​ឆ្នាំ​១៩៧៣ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​កាលបរិច្ឆេទ​ផ្លូវការ​នោះឡើយ​៕               


© រក្សាសិទ្ធិដោយ thmeythmey.com