ជាតិ
សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅមុន​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​នៅ​Sunnylands
15, Feb 2016 , 10:21 am        
រូបភាព
SunnyLands-សហរដ្ឋអាមេរិក៖ នៅមុន​ពេលមកដល់​នៃ​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​យ៉ាងខ្លាំង​នៅ​រមណីយដ្ឋាន​Sunnylands រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​។ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​អាស៊ាន​ភាគច្រើន ដោយ​រួមទាំង​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច ហ៊ុន សែន បាន​ទៅដល់​ទីក្រុង Rancho Mirage​ហើយ សម្រាប់​ជំនួប​កំពូល​នេះ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥​ដល់​១៦ ខែកុម្ភៈ (​ម៉ោង​នៅ​អាមេរិក​)​។​



​ក្រុមមន្ត្រី​អាមេរិក​និង​អាស៊ាន​បាន​ជួបគ្នា​ដើម្បី​រៀបចំ​ជា​ចុងក្រោយ​នូវ​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​នៅ​រមណីយដ្ឋាន​Sunnylands​។ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង​នៅ​ទីកន្លែង​ប្រជុំ ដែល​ចូលរួម​ដោយ​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​១០ ខណៈ​មានការ​ប្រកាសថា​នឹងមាន​ការធ្វើ​បាតុកម្ម ប្រឆាំងនឹង​វត្តមាន​មេដឹកនាំ​អាស៊ាន​នៅ​ទីនោះ​។​
​ភ្នាក់ងារ​សម្ងាត់​អាមេរិក​នឹង​ដឹកនាំ​លើ​ការងារ​សន្តិសុខ​នេះ ហើយនឹង​មានការ​ចូល​រួម​ពី ភ្នាក់ងារ​ពិសេស​FBI ព្រមទាំង​ប៉ូលិស​ប្រចាំ​តំបន់​ផងដែរ​។​

​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃនេះ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​អាមេរិក​និង​រដ្ឋ​អាស៊ាន​ដែលមាន​ប្រជាជន​ជាង​៦០០​លាន​នាក់​។ សម្រាប់​ថ្ងៃទី​១ ទំនាក់ទំនង​សេដ្ឋកិច្ច​អាចជា​ប្រធានបទ​ចម្បង​សម្រាប់​កិច្ចប្រជុំ​នេះ ហើយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ក៏​នឹងត្រូវ​លើកឡើង​ផងដែរ​។ បញ្ហា​សន្តិសុខ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម គឺជា​ប្រធានបទ​សំខាន់​ក្នុង​ថ្ងៃទី​២ ខណៈ​បញ្ហា​ដែនសមុទ្រ​ចិន​សមុទ្រ​ខាងត្បូង​ក៏ត្រូវ​ដាក់​តុ​ពិភាក្សា​ផងដែរ​៕ រាយការណ៍​បន្ថែម​ដោយ តន ចាន់រិទ្ធារ៉ា

 
 

Tag:
 Sunnylands
  អាមេរិក-អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com