ជាតិ
សង្គមជាតិ
ក្រុម​អ្នកជិះ​កង់​នៅ​សៀមរាប​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​ពេទ្យ​គន្ធបុប្ផា​លើក​ទី៣
15, Feb 2016 , 11:09 am        
រូបភាព
សៀមរាប៖ មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា គឺជា​មន្ទីរពេទ្យ​ដ៏​ល្បីល្បាញ ហើយ​គេ​ទទួលស្គាល់ថា​ជា​មន្ទីរពេទ្យ​ទេវតា ដែល​បានទទួល​ព្យាបាល​ដោយ​ឥត​បង់ប្រាក់​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅក្នុង​ប្រទេស​កម្ពុជា។ ជាង២៤ឆ្នាំកន្លងមក មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ព្យាបាល​អ្នកជំងឺ​ជាង១៤,៨៣លាន​នាក់ និង​កុមារ​ដែល​ឈឺធ្ងន់ធ្ងរ​ប្រមាណ១.៥១លាន​នាក់។ ប្រសិនបើ​គ្មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ កុមារ​អភ័ព្វ​ចំនួន៣២០០នាក់​នឹងត្រូវ​បាត់បង់​ជីវិត​ជា​រៀងរាល់ខែ​នៅក្នុង​ប្រទេស​កម្ពុជា។



មន្ទីរពេទ្យ​នេះ​ទទួល​រ៉ាប់រង​ព្យាបាល​កុមារ​ទីទាល់ក្រ​ដែលមាន​ជំងឺ​ទូទាំងប្រទេស​ពី៨៥% ទៅ៩០% ពោលគឺ​ពួកគេ​គ្មាន​លទ្ធភាព​បង់ថ្លៃ​ពេទ្យ​ទាល់តែសោះ។ ជា​អកុសល ថ្មីៗនេះ លោក​វេជ្ជបណ្ឌិត​បេ​អាត រី​ជ​ន័​រ ដែលជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​បានប្រកាស​ពី​ការខ្វះខាត​ថវិកា​ជំនួយ​ដើម្បី​ផ្គត់ផ្គង់​ដល់​ដំណើរការ​មន្ទីរពេទ្យ​នេះ​នាពេល​អ​នា​គត់​ដ៏​ខ្លី។ មូលហេតុ​នេះហើយ ទើប​យើងខ្ញុំ​ជា​ក្រុម​អ្នក​ជិៈ​កង់​ដើម្បី​សហគមន៍ បាន​មូលមតិ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​មួយ​ឈ្មោះ ជិៈ​កង់​ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​កៀងគរ​ស្វែងរក​ថវិកា​បន្ថែម​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។

ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគមន៍ គឺជា​ក្រុម​ជិះ​កង់​សប្បុរសធម៌​មួយ​ដែល​មិន​ស្វែងរក​ផលចំណេញ។ យើង​បង្កើត​ព្រឹត្តិការណ៍ផ្សេងៗទាក់ទង​នឹង​ការ​ជិះ​កង់​ដើម្បី​បុព្វហេតុ​សប្បុរសធម៌។ យើង​បានរៀបចំ​ព្រឹត្តិការណ៍​នេះ ២ដង​រួចមក​ហើយដោយ​លើក​ទី១ នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ យើង​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ប្រកបដោយ​ជោគជ័យ​ដោយ​ប្រមូលបាន​ថវិកា​ចំនួន២,៥៤៣ដុល្លារ ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​សំណាក់​អ្នកជិះ​កង់​ចំនួន២០៥នាក់ និង​បណ្តា​ក្រុមហ៊ុនផ្សេងៗចំនួន២៣ក្រុមហ៊ុន​ដែល​បាន​ជួយឧបត្ថម្ភ។
លើក​ទី២ នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ យើង​បានរៀបចំ​ព្រឹត្តិការណ៍​នេះ ជា​លើក​ទី២ប្រកបដោយ​ជោគជ័យ​ដោយ​ប្រមូលបាន​ថវិកា ចំនួន៧,០៩៧ដុល្លារ ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​សំណាក់​អ្នកជិះ​កង់​ចំនួន៣៣៨នាក់ និង​បណ្តា​ក្រុមហ៊ុនផ្សេងៗចំនួន៣៦ក្រុមហ៊ុន​ដែល​បាន​ជួយឧបត្ថម្ភ។

គំរោង​លើក​ទី៣ នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ ជា​លើក​ទី៣ហើយ​យើង​សង្ឃឹមថា​នឹងមាន​អ្នកចូលរួម​ជិះ​កង់​ប្រហែល៤០០នាក់ ដែល​មកពី​បណ្តា​ស្ថាប័នរដ្ឋ ឯកជន សិស្សានុសិស្ស និង​បណ្តា​ក្រុមហ៊ុនផ្សេងៗដែល​បាន​ជួយឧបត្ថម្ភ ដើម្បី​រក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប។

ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ពុំមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ដោយ​ខ្លួន​យើង​តែឯង​ឡើយ ប៉ុន្តែ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការឧបត្ថម្ភ​របស់លោក​អ្នក និង​ពី​ស្ថាប័នផ្សេងៗនឹង​អាចធ្វើ​អោយមាន​ភាពប្រសើ​រ​ឡើង​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា។

ទទួល​ចុះឈ្មោះ​ជិះ​កង់​ចាប់ពី​ថ្ងៃទី១ មិនា រហូតដល់​ថ្ងៃទី១០ ខែមេសា។ ចំណែក​អ្នក​ចង់​ចូលរួម​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍ យើង​នឹង​ចាប់​ទទួល​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី១ ខែមេសា៕

យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​ដំណឹង​ល្អ​ពី​លោកអ្នក។
ព័ត៌មាន​បន្ថែម​អំពី​ការឧបត្ថម្ភ ទាក់ទង កញ្ញា ហង្ស សុ​វណ្ណា​រី ០១៦ ២៤៤ ២៥៥
អ៊ីមែល :
www.facebook.com/cyclingcommunityclub

សូម​លោក លោកស្រី​មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​យើងខ្ញុំ
ប្រធាន ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគម​ន៏
គិ​ម ប៊ុន​ថា​ន់
០១២៦៥២១១១ / ០១៥៦៥២១១១
 


© រក្សាសិទ្ធិដោយ thmeythmey.com