ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទ្រង់ រណឫទ្ធិ បដិសេធ​បំណង​បណ្តេញ​លោក ញឹក ប៊ុនឆៃ ចេញពី​បក្ស​
15, Feb 2016 , 12:21 pm        
រូបភាព
ដោយ:
​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ចេញមុខ​បកស្រាយ​ចំពោះ​ការចាកចេញ​របស់​ក្រុម​លោក ញឹក ប៊ុនឆៃ ទៅ​បង្កើត​គណបក្ស​ថ្មី​ឈ្មោះ «​ខ្មែរ​រួប​រូ​ម​ជាតិ​»​។ ព្រះអង្គម្ចាស់​បញ្ជាក់ថា ការចាកចេញ​នេះ កន្លងមក​មានការ​សង្ស័យ​ថា ព្រះ​អង្គជា​អ្នក​ចង់​បណ្តេញ​លោក ញឹក ប៊ុនឆៃ ចេញពី​បក្ស​។

 


​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រកាសថា ទ្រង់​គ្មាន​បំណង​ណាមួយ​បណ្តេញ​លោក ញឹក ប៊ុនឆៃ និង​ក្រុម​បក្សពួក​របស់លោក ញឹក ប៊ុនឆៃ ចេញពី​បក្ស​ដូច​ការចោទប្រកាន់​រប​ស់លោក ញឹក ប៊ុនឆៃ នោះទេ​។ «​ពីព្រោះ​គោលបំណង​របស់ខ្ញុំ ធ្វើតាម​ព្រះរាជ​បណ្តាំ​ចុងក្រោយ​នៃ​ព្រះ​បរម​រតន​កោដ្ឋ ឲ្យ​រួបរួមគ្នា​ជា​កម្លាំង ដែល​ខ្ញុំ​មាន​ភារកិច្ច​ជា​អ្នកប្រមូល​អ្នករាជានិយម អ្នក​សីហនុ​និយម ដែល​បាន​បែកបាក់​គ្នា​»​។ នេះ​ជា​បន្ទូល​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​បានលើកឡើង​នៅក្នុង​លិខិត​បំភ្លឺ​របស់​ទ្រង់​កាលពីពេល​ថ្មីៗ​នេះ​។​

​បើតាម​សេចក្តីបំភ្លឺ​ដដែល សម្តេច​ក្រម​ព្រះ ក៏បាន​ចាត់ទុក​ព្រឹត្តិការណ៍​ដែល​កើតឡើង​កន្លងមក គឺជា​ទង្វើ​របស់លោក ញឹក ប៊ុនឆៃ និង​បក្សពួក​របស់ខ្លួន ដែល​ធ្វើតាម​មហិច្ឆតា​គិតទុក​ជាមុន ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ពួកខ្លួន​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ បន្ទាប់ពី​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​បង្កើត​បក្ស​ថ្មី លោក ញឹក ប៊ុនឆៃ បាន​ចោទ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថា មានបំណង​បណ្តេញ​លោក និង​មន្ត្រី​មួយចំនួន​ចេញពី​បក្ស​។ ជាង​នេះ លោក ញឹក ប៊ុ​ក​ឆៃ ក៏​បរិហារ​ព្រះអង្គ​បរិហារ​ថា ជា​មេដឹកនាំ​អាត្មានិយម និង​ដឹកនាំ​តាមបែប​អត្តា​ធិបតេយ្យ ធ្វើ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​ទ្រង់​ជាង ១ ឆ្នាំ មកនេះ មិន​រីកចម្រើន​ឡើយ​៕


Tag:
 នរោត្តម រណឫទ្ធិ​
  ញឹក ប៊ុនឆៃ​
© រក្សាសិទ្ធិដោយ thmeythmey.com