ជាតិ
កម្ពុជា​ប្រឈម​នឹង​ភាព​សុំា​ទៅនឹង​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​
16, Feb 2016 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជំងឺគ្រុនចាញ់​ដែលមាន​ភាព​សុំា​ទៅនឹង​ថ្នាំ​បាន​រីក​រាលដាល និង​វិ​វ​ឌ្ឍ​ខ្លួនឯង​យ៉ាង​ឆាប់​រហ​ស័​ក្នុងប្រទេស​កម្ពុជា និង​នៅ​អនុតំបន់​ទន្លេមេគង្គ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ អ្នកជំនាញ​សុខាភិបាល​កំពុង​រិះរក​វិធី​ផ្សេងៗ រួមទាំង​ការផ្លាស់ប្តូរ​ថ្នាំ​ជា​ញឹកញយ ដើម្បី​ទប់ទល់​នឹង​ការ​សុំា​ថ្នាំ​យ៉ាង​ឆាប់រហ័ស​នេះ​។ ការណ៍​នេះ​ដែលជា​ក្តីបារម្ភ​របស់​អង្គការ​សុខ​ពិភពលោក និង​អង្គការ​ដៃគូ​នានា​។



​ទោះជា​អត្រា​ឆ្លង​នៃ​ជំងឺគ្រុនចាញ់​ក្នុងប្រទេស​កម្ពុជា និង​ក្នុងប្រទេស​តំបន់​ទន្លេមេគង្គ​ធា្ល​ក់​ចុះ​ក៏ដោយ​នៅក្នុង​ឆ្នាំ​២០១៥ ក៏​ការរីក​រាលដាល​នៃ​ជំងឺគ្រុនចាញ់​ដែលមាន​ភាព​សុំា​ទៅនឹង​ថ្នាំ នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​មន្ត្រី​សុខាភិបាល​ជាតិ និង​អន្តរជាតិ​។ នេះ​បើ​យោងតាម​ក្រុមមន្ត្រី​សុខាភិបាល​កម្ពុជា​។ ស្ថិតិ​នា​ឆ្នាំ​២០១៥​កន្លងមក​បានបង្ហាញ​ពី​ការជោគជ័យ​នៃ​ការកាត់បន្ថយ​ភាព​ឆ្លង​នៃ​ជំងឺគ្រុនចាញ់​ធម្មតា​ក្នុងប្រទេស​កម្ពុជា​។​

​ក៏ប៉ុន្តែ ជំងឺគ្រុនចាញ់ ដែលមាន​ភាព​សុំា​ទៅនឹង​ថ្នាំ​អា​តេ​ម៉ី​សានិ​ន (Artemisinin) ដែល​គេ​ចាត់ទុកថា ជា​ថ្នាំ​តែមួយ​ប្រទេស​ភេទ​ដែលមាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​ជំងឺគ្រុនចាញ់​នេះ​។ ភាព​សុំា​ថ្នាំ​នៃ​ជំងឺគ្រុនចាញ់​ប្រភេទ​នេះ ត្រូវបាន​គេ​រកឃើញ​ដំបូងបង្អស់​នៅក្នុង​ឆ្នាំ​២០០៦ នៅ​ខេត្ត​បៃ​លិ​ន ដែលជា​អតីត​តំបន់​កាន់កាប់​ដោយ​ពួក​ខ្មែរក្រហម​។​

​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៃ​ក្រសួងសុខាភិបាល បាន​ប្រាប់ VOA ថា ករណី​ឆ្លង និង​ជំងឺគ្រុនចាញ់​ក្នុងប្រទេស​កម្ពុជា បាន​ធ្លា​ក់មក​ត្រឹម​៥,១២០០​ករណី​នា​ឆ្នាំ​២០១៥​។ ចំនួន​នេះ​គឺ​ធ្លាក់ចុះ​៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​មួយឆ្នាំ​ពេញ​នា​ឆ្នាំ​២០១៤​។ លោក​បន្តថា អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ក៏​ធ្លាក់​មក​នៅត្រឹម​១០​នាក់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ ដែលមាន​ដល់​ទៅ​១៨​នាក់​នោះ​។​

​យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត​រូបនេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា ជំងឺគ្រុនចាញ់​ដែលមាន​ប្រភេទ​សុំា​ទៅនឹង​ថ្នាំ បាន​ឆ្លង​រាលដាល​យ៉ាង​លឿន​ពី​ខេត្ត​មួយចំនួន ដែល​នៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា​ទៅ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​នេះ រួមទាំង​ខេត្ត​រតនៈគីរី និង​មណ្ឌល​គី​រី​ជាដើម​។​

«​នៅក្នុង​នេះ យើង​បានធ្វើ​ការកំណត់​តាមរយៈ​ការសិក្សា ដែល​យើង​ធ្វើការ​អង្កេត​តាមដាន​រហូតមកដល់​ឆ្នាំ​២០១៣​កន្លងមកនេះ​។ កាល​លើក​មុន​យើង​បាន​កំណត់ថា ការ​សុំា​ថ្នាំ​ហ្នឹង​មាន​ត្រឹមតែ​៦​ខេត្ត​ទេ​។ ប៉ុន្តែ​ឥឡូវនេះ វា​មាន​ការរីក​រាលដាល​ទៅកាន់​បី​ខេត្ត​ទៀត ឡើងទៅ​ដល់​៩​ខេត្ត​ឥឡូវនេះ​»​។​

​ជន​ចំណាកស្រុក ដែល​ធ្វើដំណើរ​ពី​តំបន់​មួយ​ទៅតាម​តំបន់​ច្រើន​ទៀត​ក្នុងប្រទេស​កម្ពុជា គឺជា​ភ្នាក់ងារ​មួយ​ដ៏​សកម្ម ដែល​ចម្លងជំងឺ​គ្រុនចាញ់ និង​ធ្វើ​ឲ្យ​ភាព​សុំា​នៃ​ជំងឺ​ទៅនឹង​ថ្នាំ​កាន់តែខ្លាំង​ឡើង ពេលដែល​ពួកគាត់​មិនបាន​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា ឬ​ឲ្យ​បាន​ត្រឹមត្រូវ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ហ៊ុយ រ៉េ​កុល​។​

​ក្នុង​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​(WHO) កាលពី​ខែកញ្ញា​កន្លងទៅនេះ បាន​បញ្ជាក់ថា ការប្រើប្រាស់​ថ្នាំ​ប្រភេទ​អា​តេ​ម៉ី​សានិ​ន​(Artemisinin) លាយ​នឹង​ថ្នាំ​ផ្សេងទៀត នៅតែ​ជា​ពិធី​តែមួយគត់​អាចជួយ​ឲ្យ​មានការ​កម្ចាត់​បរាសិត Plasmodium falciparum ដែលជា​ដើម​ចង​នៃ​ភាព​សុំា​ថ្នាំ​នេះ​។​

​ក៏ប៉ុន្តែ វិធានការ​នេះ​បានចាប់ផ្តើម​បរាជ័យ​ក្នុងការ​ព្យាបាល​ជំងឺគ្រុនចាញ់​ប្រភេទ​សុំា​ថ្នាំ​ជា​បន្តបន្ទាប់​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​។ អ្នក​វេជ្ជសាស្ត្រ​ជឿជាក់ថា ការវិវឌ្ឍ​របស់​បរា​សិត​ជំងឺគ្រុនចាញ់​នេះ គឺធ្វើឡើង​នៅក្នុង​អ្វី ដែល​គេ​ហៅថា K13 ដែល​វា​បាន​វិវឌ្ឍន៍​ខ្លួនឯង​យ៉ាង​ឆាប់រហ័ស​។​

​លោក​វេជ្ជ​ប​ណ្ឌិ ហ៊ុយ រ៉េ​កុល នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បាន​ប្រាប់ VOA ថា ដោយហេតុ​នេះហើយ រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​នានា បាន​ប្តូរ​ថ្នាំ​ដៃគូ ដែល​ប្រើ​ជាមួយ​ថ្នាំ​អា​តេ​ម៉ី​សានិ​ន (Artemisinin) ដែលជា​ថ្នាំ​តែមួយគត់​ក្នុងការ​កម្ចាត់​មេរោគ​គ្រុនចាញ់​ក្នុង​រយៈពេល​បួន​ទៅ​ប្រាំ​ឆ្នាំ ដើម្បី​ទប់ទល់​នឹង​ភាព​សុំា​ថ្នាំ​នៃ​បរាសិត Plasmodium falciparum​។​

«​ពាក្យ​បច្ចេកទេស​យើង​និយាយថា គេ​រកឃើញ​ត្រឹមតែ​ប្រភេទ K13 ។ ឥឡូវនេះ​ការវិវឌ្ឍ​របស់ខ្លួន​មេរោគ​នេះ គឺ​វារឹតតែ​លឿន​ទៅទៀត ដែលមាន​ប្រភេទ​ថ្មី​ទៅទៀត​រហូតដល់​៥២ គេ​ហៅថា K52​។ នេះ​បានន័យថា វា​ជា​ចំណុច​មួយ ដែល​យើង​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់គ្នា ថា​ការវិវឌ្ឍ​នៃ​បរាសិត​នឹងមាន​ការវិវឌ្ឍ​លឿន កាលណា​បើ​យើង​នៅ​ប្រើ​ថ្នាំ​ដដែលៗ​លើសពី​៥​ឆ្នាំ​ឡើងទៅ​»​។​

​លោក ស៊ីវ សុ​វណ្ណារ​ត្ន័ ប្រធានការិយាល័យ​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្ពុជា​បាន​ប្រើប្រាស់​ថ្នាំ​ផ្សំ​ជាមួយ​អា​តេ​ម៉ី​សានិ​ន (Artemisinin) ចំនួន​បី​ប្រភេទ​រួម​មកហើយ ចាប់តាំងពី​ឆ្នាំ​២០០៨ បានធ្វើការ​ផ្លាស់ប្តូ​វា​ទៅវិញទៅមក​។ ក៏ប៉ុន្តែ​លោក​ថា ថ្នាំ​ដៃគូ​ទាំងនោះ​ចាប់ផ្តើម​បរាជ័យ​ក្នុងការ​កម្ចាត់​ជំងឺគ្រុនចាញ់ ដែលមាន​ភាព​សុំា​កាន់តែខ្លាំង​ឡើងៗ នាពេល​ចុង​ក្រោយនេះ​។​

​លោក​បាន​លើក​ករណី​ថ្នាំ​ដៃគូ​មួយ​ប្រភេទ ដែល​គេ​ឲ្យ​ឈ្មោះថា DHA Piperaquine ដែល​បាន​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​រហូត​ដល់​ចុងឆ្នាំ​២០១៥​ថា ជា​បរាជ័យ​ក្នុងការ​ព្យាបាល​ជំងឺគ្រុនចាញ់ ដែលមាន​ភាព​សុំា​នឹង​ថ្នាំ​។ នៅក្នុង​ឆ្នាំ​២០១៤ គេ​រកឃើញថា អត្រា​បរាជ័យ​របស់​ថ្នាំ​ប្រភេទ​នេះ​បាន​កើន​ឡើងដល់​៣០​ភាគរយ ស្ទើរ​ទូទាំងប្រទេស​កម្ពុ​ជា​។​

​អ្នកជំនាញ​រូបនេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្ពុជា​សម្រេច​ប្តូរ​ថ្នាំ​ដៃគូ​របស់​ថ្នាំ​អា​តេ​ម៉ី​សានិ​ន (Artemisinin) ពី​ប្រភេទ DHA Piperaquine ទៅជា Artesunate mefloquine ដែល​ធ្លាប់ប្រើ​ម្តង​រួចមកហើយ​នា​អំឡុង​ឆ្នាំ​២០០៨​។ ក៏ប៉ុន្តែ ការប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​បានចាប់ផ្តើម​ប្រើប្រាស់​សារជាថ្មី​នា​ចុងឆ្នាំ​២០១៥​កន្លងមកនេះ ដោយសារ​ភាពយឺតយ៉ាវ​នៃ​ការដឹកជញ្ជូន​។​

«​អញ្ចឹង​បច្ចុប្បន្ន ការសន្និដ្ឋាន​ជារួម​គឺ​ការណ៍​ដែល​យើង​ចង់ containce artemisinin resistance (​ទប់​កុំ​ឲ្យ​មានការ​សុំា​ថ្នាំ អា​តេ​ម៉ី​សានិ​ន​) នេះ​គឺ​មិនអាច​ទៅរួច​ទេ ពីព្រោះ​វា​មិន​ត្រឹមតែ Spread (​រាលដាល​) ទេ​។ វា​កើតឡើង​ខ្លួន​វា​ទៀត​។ អញ្ចឹង​ម​ធ្យា​យ​តែមួយ​ដើម្បី eliminate Drug Resistance (​បំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​សុំា​នឹង​ថ្នាំ​) គឺ​មានន័យថា Elimate Malaria (​បំបាត់​ជំងឺគ្រុនចាញ់​)»​។​

​បរាជ័យ​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺគ្រុនចាញ់​ប្រភេទ​សុំា​នឹង​ថ្នាំ​នេះ​គឺជា​ក្តីបារម្ភ​របស់​សកលលោក​។ អ្នកជំនាញ​ធ្លាប់បាន​ព្រមាន​ផងដែរ​ថា ជំងឺគ្រុនចាញ់​ប្រភេទ​ថ្មី និង​ការវិវឌ្ឍ​នៃ​ភាព​សុំា​ទាំងនេះ​អាច​នឹង​រាលដាល​ទៅដល់​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​សាហា​រា (Saharan) នៃ​ទ្វីបអាហ្វ្រិក ជាទី​ដែល​អត្រា​ស្លាប់​នៃ​ជំងឺគ្រុនចាញ់​មាន​កម្រិត​ខ្ពស់​ដល់​ទៅ​៩០​ភាគរយ​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​មួយ ដើម្បី​កម្ចាត់​ជំងឺគ្រុនចាញ់​ចេញពី​បណ្តា​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០​។ ប្រទេស​ក្នុង​តំបន់​ដែល​រួមមាន កម្ពុជា ថៃ ឡាវ និង​ប្រទេស​មួយចំនួន​ផ្សេងទៀត បានទទួល​ស្គាល់ និង​រួមចំណែក​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ដែល​អាច​ចំណាយ​ទឹកប្រាក់​ប្រហែល​ជាង​៣​ពាន់​លាន​ដុល្លារ​នេះ​ផងដែរ​។​

​ដោយឡែក​នា​ចុងខែ​មករា​កន្លងទៅ ប្រទេស​កម្ពុជា​ក៏បាន​ប្រកាស​ពី​គម្រោង​ថ្នាក់ជាតិ​របស់ខ្លួន​រយៈ​ពេល​៥​ឆ្នាំ ក្នុងការ​កម្ចាត់​ជំងឺគ្រុនចាញ់​នេះ ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​១៤២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​ឲ្យ VOA ដឹងថា ស្ថាប​ន័​របស់លោក​កំពុងតែ​រក​មូលនិធិ​ពាក់កណ្តាល​ផ្សេងទៀត​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​បំពេញ​ផែនការ​យុទ្ធសាស្ត្រ​នេះ​។​

​អ្នកជំនាញ​ដដែល​ក៏បាន​បន្តថា ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំនេះ​គឺជា​ផ្នែក​មួយ​របស់​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​២៥​ឆ្នាំ ដែល​ចុះហត្ថលេខា​ដោយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ឆ្នាំ​២០១១ ហើយ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ផ្តោតលើ​ទិសដៅ​ប្រាំ​ចំណុច​។​

​លោក ហ៊ុយ រ៉េ​កុល បន្តថា​៖«​ទី​១​ទាក់ទង​នឹង​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​។ ទី​២​គឺ​ការទប់ស្កាត់​ភ្នាក់ងារ ដោយ​ប្រើប្រាស់​មុង ឬក៏​វិធានការណ៍ បង្ការ​ការចម្លង​ពី​ភ្នាក់ងារ​មូស​ផ្សេងទៀត​។ ទី​៣​គឺ​ទាក់ទង​ទៅនឹង​ការ​ទប់ទល់​ឱសថ​ក្លែងក្លាយ​។ ទី​៤​គឺ​ពង្រឹង​ប្រព​ន្ធ័​អង្កេត​តាមដាន ហើយ​និង​ទី​៥​គឺពាក់ព័ន្ធ​នឹង​ការពង្រឹង​សុខភាព លើកកម្ពស់​សុខភាព​ស​ហ​គម​ន៏​»​។​

​លោក​ថា ផែនការ​ទាំងនេះ​ត្រូវបាន​គេ​អនុវត្ត​ដោយមាន​ប្រសិទ្ធិភាព​ទូទាំងប្រទេស​កម្ពុជា ហើយ​លោក​ក៏​មានជំនឿថា ជំងឺគ្រុនចាញ់​ប្រភេទ​ដែល​សុំា​ថ្នាំ​នេះ​នឹង​ត្រូវបាន​កម្ចាត់​ចេញពី​ប្រទេស​កម្ពុជា ដូច​ជំងឺ​មួយចំនួនទៀត​ផងដែរ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com