ជាតិ
លោក ប្រុស រក​ចំណូល​ពី​ការដាំ​បន្លែ​បាន​៣​លាន​ក្នុង​មួយខែ​
15, Feb 2016 , 7:39 pm        
រូបភាព
​សៀមរាប​៖ ដោយ​មើលឃើញ​ពីស​ក្កា​នុព​ល​ខាង​កសិកម្ម​ក្នុង​ខេត្តសៀមរាប លោក ប្រុស ដែលជា​កសិករ​រស់នៅ​ក្រុង​សៀមរាប បាន​ចាប់​មុខរបរ​មួយ​នេះ​សម្រាប់​រក​ចំណូល​ចូល​គ្រួសារ​។ ដំណាំ​ដែល​លោក ប្រុស បាននិងកំពុង​ដាំ​រួមមាន ស្ពៃ ខ្ទឹម ត្រសក់​។​ល​។ នៅលើ​ផ្ទៃដី​មួយ​ហិកតា ដែល​លោកប្រុស កំពុង​ដាំំ​ដុះ​បន្លែ​សព្វថ្ងៃនេះ គឺ​លោក​អាច​ទាញ​ចំណូល​បាន​៣​លាន​រៀល​ក្នុង​មួយខែ ក្រោយពី​ផាត់​ចំណាយ​រួច​។​



​ជាង​២​ឆ្នាំ​មកហើយ ដែល​លោក ប្រុស និង​គ្រួសារ ចាប់​អាជីព​ជា​កសិករ ដាំ​បន្លែ​ដើម្បី​ផ្គត់​ផ្គន់​ទីផ្សារ​សៀមរាប​។ មុនដំបូង​បុរស​វ័យ ៣២​ឆ្នាំ​រូបនេះ ដាំ​ផ្កាចន្ធូ លើ​ផ្ទៃដី​៣០០០​ការ៉េ ប៉ុន្តែ​ដោយសារ​ផ្កាចន្ធូ ចុះ​ទឹក​ខ្លាំង និង​ទាមទារ​ឲ្យ​មានការ​ថែទាំ​ដិតដល់​នោះ លោក ប្រុស ក៏​ងៀ​កម​កដាំ​បន្លែ​ជំនួស​វិញ​។​

​ស្ថិតនៅ​ភូមិ​ក្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប លើដី​វាល​មួយកន្លែង​ទំហំ​១​ហិកតា គឺជា​ទីតាំង​ដាំ​បន្លែ​របស់លោក​ប្រុស​។ បុរស​សម្បុរ​ស្រអែម​រូបនេះ បាន​អះអាងថា លោក​និង​បងប្រុស​ខ្លួន បាន​ជួល​ដី​ពី​គេ ក្នុងតម្លៃ​៤៥០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​លោកប្រុស ក៏បាន​ចិញ្ចឹម​មាន់​មួយចំនួន​ផងដែរ ហើយ​លោក​អាច​យក​លាមក​មាន់​ទុក​ធ្វើ​ជី​ផង​។



​ក្នុង​វាល​ដី​ដំណាំ​របស់លោក ប្រុស គេ​ឃើញ​មាន​ដំណាំ​ស្ពៃ​ដែល​រៀង​លូតលាស់​ច្រើនជាងគេ បន្ទាប់មក​គឺ​ត្រសក់ ខ្ទឹម សណ្តែកកួរ​។​ល​។ ក្នុងចំណោម​បន្លែ​ទាំងអស់ លោក ប្រុស​ប្រាប់ថា គឺ​ដំណាំ​ខ្ទឹម ដែល​លក់បាន​ថ្លៃ​ជាងគេ​។ ខ្ទឹម​ខ្យល់​ក្នុង​មួយ​គីឡូ លោកប្រុស​អាច​លក់បាន​ពី​តម្លៃ ៧​ពាន់​ទៅ​៨​ពាន់​រៀល ហើយ​ងាយស្រួល​ដាំ​ផងដែរ គឺ​ប្រើពេល​ចន្លោះ​ពី​២៥​ថ្ងៃ ទៅ​១​ខែ​ប៉ុណ្ណោះ គឺ​វា​អាស្រ័យ​តាម​អាកាសធាតុ​ក្តៅ​ឫ​ត្រជាក់​។ ក្នុង​រដូវ​ត្រជាក់ ខ្ទឹម​ត្រូវការ​ពេល​ពី​២៥​ថ្ងៃ ទៅ​២៨​ថ្ងៃ​ប៉ុណ្ណោះ ចំណែក​ខែ​ក្តៅ គឺ​វា​ត្រូវការ​ពេល​ដល់​ទៅ​១​ខែ​១០​ថ្ងៃ ទើប​អាច​ទទួលផល​បាន​។​« ក្នុង​មួយ​ម៉ែត្រការ៉េ បាន​ផល​ពី​៥​ទៅ​៦​គីឡូ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រុស ដែល​លូច​អួត​ពី​ដាំ​ណាំ​ខ្ទឹម​ខ្យល់​របស់លោក​។



​ក្រៅពី​ខ្ទឹម​លោក ប្រុស ក៏​ជោគជ័យ​លើ​បន្លែ​ស្ពៃ​គួរសម​ដែរ​។ លោកប្រុស ដាំ​ស្ពី​ក្រញាញ់ និង​ស្ពី​ចង្កឹះ ហើយ​ការ​ទទួលផល​ក៏​មិនយូរ​ដែរ​។ ចន្លោះ​ពី​២ ទៅ​៤​សប្តាហ៍ លោកប្រុស​អាច​វិលជុំ ក្នុងការ​ដាំំ​ស្ពៃ​នេះ​បាន​យ៉ាង​ងាយស្រួល ហើយ​អាច​លក់​ក្នុងតម្លៃ​ពី​២៥០០​រៀល ទៅ​៣០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​យ៉ាងណាក៏ដោយ លោក ប្រុស​អះអាងថា ការដាំ​បន្លែ​ក្នុង​ខេត្តសៀមរាប មាន​ផល​លំបាក​ជាង​បណ្តា​ខេត្ត​មួយចំនួន​។ ទឹក​មិនសូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ តែ​គឺ​បញ្ហា​ដី​។ ដី​នៅ​ខេត្តសៀមរាប គឺជា​ប្រភេទ​ដីល្បាយខ្សាច់ ដែល​ពិបាក​ក្នុង​ការលើក​រោង​ដាំ​បន្លែ​។ ទឹកនឹង​ហូរ​ច្រោះ​រោងបន្លែ​ឲ្យ​រាបស្មើ​ដី ហើយ​កសិករ​ពិបាក​ដាំ​បន្លែ​បំផុត ក្នុង​រដូវភ្លៀង​។ អាច​និយាយបានថា ដោយសារ​មិនសូវ​អំណោយផល​ផ្នែក​ភូមិសាស្ត្រ​នេះហើយ ទើប​ធ្វើ​កសិករ​ក្នុង​ក្រុង​សៀមរាប មិនអាច​ផ្គត់ផ្គង់​តម្រូវការ​បន្លែ​ទៅដល់​ទីផ្សារ​ទាំងមូល​បាន ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​ចូល​បន្លែ​គីមី​ជាច្រើន​សន្ធឹក ពី​ប្រទេសជិតខាង មាន​ថៃ និង​វៀតណាម​។​ល​។​



​ក្នុង​សំដី​មិន​លាក់លៀម លោក ប្រុស បាន​រៀបរាប់ថា ក្រោយពី​ផាត់​ចំណាយ​ហើយ ក្នុង​មួយខែ​លោក​អាច​សល់ ៣​លាន​រៀល​ពីមុខ​របរ​ដាំ​បន្លែ​នេះ​។ ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ និង​រៀង​បែរ​ចេញ​បន្តិច លោក ប្រុស បាន​ទទួលស្គាល់ថា ការដាំ​បន្លែ​គឺ​ជៀស​មិន​ផុតពី​ការប្រើ​ថ្នាំ​គីមី​ឡើយ​។ ថ្នាំ​គីមី គឺមាន​ឥទ្ធិពល​ខ្លាំង​មកលើ​ដាំ​ណាំ​បន្លែ​។ ត្រង់ចំណុច​នេះ លោក ប្រុស ពន្យល់ថា​៖« រឿង​បន្លែ គឺ​គេច​មិន​ផុតពី​រឿង​ថ្នាំសង្កូវ ថ្នាំ​គីមី​ឡើយ​។ បើ​មិន​ប្រើ គឺ​គ្មាន​ផល ខាត​កម្លាំង​ឥតអំពើ ពួក​ដង្កូវ សត្វល្អិត នឹង​ស៊ី​អស់​ជាក់​ជាមិនខាន​»​។​

​យ៉ាងណាក៏ដោយ លោក ប្រុស បញ្ជាក់ថា លោក​រីករាយ​សហការ​នឹង​ក្រុម​អ្នកជំនាញ​កសិកម្ម ដើម្បី​ដាំ​បន្លែ​តាម​គោលការណ៍​ធម្មជាតិ ដោយ​មិន​ប្រើ​សារធាតុ​គីមី​។ ដោយ​បច្ចុប្បន្ន លោក ប្រុស ដាំ​បន្លែ​ដោយ​រៀន​ត​ពី​អ្នកជិតខាង​ក៏ពិតមែន តែ​លោក​ពន្យល់ថា នឹង​ងៀក​ទៅ​ដាំ​បន្លែ​ធម្មជាតិ​វិញ ប្រសិនបើ​ទិន្នផល​ប្រហាក់ប្រហែល​នឹង​ការដាំ​ដោយ​ប្រើ​ថ្នាំ​គីមី​នោះ​៕








© រក្សាសិទ្ធិដោយ thmeythmey.com