អន្តរជាតិ
លោក អូ​បា​ម៉ា ទាមទារ​ឲ្យ​រុស្សី​ឈប់​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ឧទ្ទាម​ស៊ី​រី​
15, Feb 2016 , 8:19 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រាប់​ឲ្យ​រុស្សី​បញ្ឈប់​ការទម្លាក់​គ្រាប់បែក​លើ​ក្រុម​ឧទ្ទាម​ស៊ី​រី ដោយ​ចាត់ទុក​នេះ​ជា​ឧបសគ្គ​រារាំង​សន្តិភាព​នៅ​ស៊ី​រី​។ ការទម្លាក់​គ្រាប់​នេះ​បាន​ជួយ​កងទ័ព​ស៊ី​រី​ក្នុងការ​រុលទៅមុខ តែ​វា​បានធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​លោក អាសាដ ចុះខ្សោយ​យ៉ាងខ្លាំង​។



​ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​បាន​ឯកភាពគ្នា​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​មុយ​និ​ច​។ នៅពេលនោះ ប្រធានាធិបតី​អាមេរិក​បាន​ទទូច​ឲ្យ​សម​ភាគី​រុស្សី​បញ្ចប់​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី ជាពិសេស​ទៅលើ​ក្រុម​ឧទ្ទាម​ស៊ី​រី​ដែល​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ប្រធានាធិបតី បាស​សារ អាល់​អាសាដ​។​

​ក្នុង​សេចក្ដីប្រកាស​របស់​សេត​វិមាន ប្រធានាធិបតី​អូ​បា​ម៉ា ក៏បាន​គូសបញ្ជាក់​ពី​សារសំខាន់​ដែល​រុស្សី​ត្រូវ​បញ្ឈប់​យុទ្ធនាការ​ដែនអាកាសរ​បស់​ខ្លួន​ស្របតាម​កិច្ចព្រមព្រៀង​មុយ​និ​ច​។​កិច្ចព្រមព្រៀង​នេះ​ចេញ​ជា​រូបរាង​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ខណៈ​មហាអំណាច​ពិភពលោក​ជួបជុំគ្នា​នៅ​ទីនោះ​និង​បាន​ឯកភាពគ្នា​ដើម្បី​បញ្ឈប់​ការ​ប្រទូស្ត​រាយ​នៅ​ស៊ី​រី​។

​ប៉ុន្តែ​កិច្ចព្រមព្រៀង​ទីក្រុង​មុយ​និ​ច​ប្រហែលជា​មិនមាន​ប្រសិទ្ធភាព​នោះទេ ដ្បិត​នៅ​មិនទាន់​ចូល​ជា​ធរមាន​នៅឡើយ​ទេ​រហូតដល់​ចុង​សប្ដាហ៍​នេះ​។ ភាគី​ជម្លោះ​ទាំងអស់​នៅ​ស៊ី​រី​ទាំង​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​លោក អាសាដ ក៏​មិនទាន់បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះដែរ​។ ម្យ៉ាងទៀត រុស្សី​ក៏​និយាយ​ដែរ​ថា កិច្ចព្រមព្រៀង​មុយ​និ​ច មិនអាច​អនុវត្ត​លើ​យុទ្ធនាការ​ដែនអាកាសរ​បស់​ខ្លួន​ទេ​។​

​ជាមួយគ្នា​នោះ វិមាន​ក្រេ​ម​ឡាំង​និយាយថា រុស្សី​មានការ​ប្ដេជ្ញាចិត្ត​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម ក៏ដូចជា​ក្រុម​ភេ​វរ​កម្ម​ដទៃទៀត​។ នេះ​មានន័យថា សូម្បីតែ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងលិច​ដែល​កំពុងតែ​ប្រយុទ្ធ​ជាមួយ​ទាហាន​លោក​អាសាដ ក៏​ជា​គោលដៅ​នៃ​ការទម្លាក់​គ្រាប់បែក​របស់​រុស្សី​ផងដែរ​។ ក្រុម​ឧទ្ទាម​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងលិច​នេះ គឺមាន​មួយចំនួន​ទទួលបាន​ការគាំទ្រ​ពី​លោកខាងលិច​។

​លើសពីនេះទៅទៀត បើតាម Reuters ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម al Nusra ជា​មុខសញ្ញា​សំខាន់​នៃ​យុទ្ធនាការ​ដែនអាកាស​នេះ​។ ប៉ុន្តែ ក្រុម​លោកខាងលិច​បាន​ចោទ​រុស្សី​ថា ការទម្លាក់​គ្រាប់​មាន​គោលដៅ​លើ​ក្រុម​ឧទ្ទាម​ស៊ី​រី​ទៅវិញ​ទេ​។ តាំងពីដើម​មក ប​ស្ចឹ​ម​ប្រទេស​មិនសូវ​សប្បាយ​ចិត្តនឹង​រុស្សី​ប៉ុន្មាន​នោះទេ ដ្បិត​រុស្សី​មានបំណង​ការពារ​លោក​អាសាដ ជាជាង​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​។

​សូមបញ្ជាក់ថា យុទ្ធនាការ​ដែនអាកាស​ដែល​រួមបញ្ចូល​ទាំង​ការទម្លាក់​គ្រាប់បែក បាន​ជួយ​ឲ្យ​កងទ័ព​លោក អាសាដ មានប្រៀប​យ៉ាងខ្លាំង​លើ​ក្រុម​ឧទ្ទាម ដោយបាន​ដណ្ដើម​កាន់កាប់​មកវិញ​នូវ​ទីតាំង​ជាច្រើន​។ ជាក់ស្ដែង​នោះ កងទ័ព​ស៊ី​រី​ដោយមាន​ជំនួយ​ពី​កងកម្លាំង​អាកាស​រុស្សី​កំពុងតែ បើក​ប្រតិបត្តិការ​វាយ​ដណ្ដើម​ទីក្រុង​Aleppo​។ តែ​វា​ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ី​រី​ជាច្រើន​បាន​បាត់​បង់ជីវិត ព្រមទាំង​រត់​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ទៀតផង​៕


Tag:
 ​រុស្សី​
 ​អាមេរិក​
  ​វិបត្តិ​ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com