ជាតិ
គយ កម្ពុជា​-​ថៃ ប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែន​
15, Feb 2016 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
​គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដឹកនាំ​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ទៅ​ចូលរួម​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ថៃ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីក្រុង​ហួ​ហីន​នៃ​ព្រះរាជាណាចក្រ​ថៃ​។​



​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​។ កិច្ចប្រជុំ​នេះ​ក៏បាន​ពិនិត្យ និង​ពិភាក្សា​ចំណុច​ពាក់ព័ន្ធ​នឹង​ការងារ​គយ ដែល​មានចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២ ក្រោម​ប្រធានបទ «​ភាពជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព​» ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក ពីថ្ងៃ​ទី​១៨-១៩ ខែធ្នូ ឆ្នាំ​២០១៥ ។​

​អង្គប្រជុំ​បាន​ឯកភាព​លើ​ចំណុច​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​២​ដូចខាងក្រោម​៖
- បង្កើត​ចំណុច​ទំនាក់ទំនង​សម្រាប់​ផ្លាស់ប្ដូរ​ព័ត៌មាន​រវាង​រដ្ឋបាល​គយ​ទាំងពីរ​

- ចាត់តាំង​មន្ត្រី​គយ​ឲ្យ​ចូលរួម​ក្នុង​ក្រុមការងារ​ជាតិ​ឬ​ក្រុមការងារ​ចម្រុះ​ក្នុង​ការរៀបចំ​អនុវត្ត​ច្រក​អន្តរជាតិ​ថ្មី ស្ទឹង​បត់​-​ណង​អៀន ជាពិសេស​ការបង្កើត​និង​អនុវត្ត «​ការត្រួតពិនិត្យ​បញ្ជរ​តែមួយ​» និង «​ទីលាន​ត្រួតពិនិត្យ​រួម​» (Single Stop Inspection and Common Control Area) ស្របតាម​កិច្ចព្រមព្រៀង​មហា​អនុតំបន់​មេគង្គ​

- ត្រៀម​ធនធានមនុស្ស​និង​នីតិវិធី​គ្រប់គ្រង​ទំនិញ​និង​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​ដោយ​រថភ្លើង (​ឆ្លើយតប​នឹង​គម្រោង​ត​ភ្ជាប់​ផ្លូវដែក ភ្នំពេញ​-​បាងកក នៅ​ចុងឆ្នាំ​២០១៦​នេះ​)​។ ភាគី​គយ​ថៃ​បាន​ឯកភាព​ចែករំលែក​បទពិសោធន៍​នៃ​ការគ្រប់គ្រង​ទំនិញ​និង​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​រវាង​ថៃ​និង​ម៉ាឡេស៊ី​

- ជំរុញ​កិច្ចសហការ​លើ​ការងារ​បង្កើត​និង​ពង្រីក “​កម្មវិធី​លើកទឹកចិត្ត​ពាណិជ្ជករ​ល្អ​បំផុត​” និង “​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​” (Best Traders Incentives Program and Authorized Economic Operators) ក្នុង​ការផ្ដល់​ប្រព្រឹត្ត​កម្ម​ពិសេស​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម និង​ពាណិជ្ជកម្ម​

- ពង្រឹង​កិច្ចសហការ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើ​រត់ពន្ធ ជាពិសេស​ការគ្រប់គ្រង​ទំនិញ​ឆ្លងកាត់ (​ទំនិញ​នាំ​ចូលមក​កម្ពុជា ដោយ​ប្រើប្រាស់​របប​គយ​ឆ្លងកាត់​ប្រទេស​ថៃ​)

- ចំពោះ​វិស័យ​កសិកម្ម ភាគី​ទាំង​ពីរបាន​យល់ព្រម​ឱ្យមាន​កិច្ចប្រជុំ​ពិភាក្សា​បន្ថែមទៀត​រវាង​រដ្ឋបាល​គយ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​នៃ​ប្រទេស​ទាំងពីរ ។ ទន្ទឹមនេះ ភាគី​ថៃ​ក៏បាន​ឯកភាព​លើ​សំណើ​របស់​ភាគី​កម្ពុជា​ក្នុងការ​សម្រួលការ​នាំចេញ​កសិផល​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ទី​បី​ដែល​ឆ្លងកាត់​ទឹកដី​ថៃ​

- បាន​ឯកភាព​កំណត់​កិច្ចប្រជុំ​ឲ្យ​បាន​ទៀងទាត់​ទាំង​កម្រិត​អគ្គនាយកដ្ឋាន ក៏ដូចជា​កម្រិត​អង្គភាព​គយ​ខេត្ត​/​តំបន់​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ។​

​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព ភាគី​ទាំង​ពីរបាន​ឯកភាព​រៀបចំ​សេចក្ដីព្រាង “​អនុស្សារណៈ​ស្ដីពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ទ្វេភាគី និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​” ហើយ​គ្រោង​នឹង​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥-២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ភ្នំពេញ​។​


​គួរ​បញ្ជាក់ថា យោងតាម​លំដាប់​អក្ខរក្រម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នឹងត្រូវ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​នៅ​ឆ្នាំ​២០១៦​នេះ​៕


Tag:
 គយ​
  គុណ ញឹម​
© រក្សាសិទ្ធិដោយ thmeythmey.com