ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង បញ្ជាឲ្យនគរបាលជាតិ ការពារតំណាងរាស្រ្ត និងថ្នាក់ដឹកនាំបក្សប្រឆាំង
15, Feb 2016 , 5:19 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចត្រៀមកម្លាំងការពារ តំណាងរាស្រ្ត និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងអស់ បើសិនជាមានបាតុកម្មកើតឡើងប្រឆាំងនឹងគណបក្សសង្រ្គោះជាតិនេះ។



អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រោយពីបានទទួលលិខិតស្នើសុំអន្តរាគមន៍របស់គណបក្សសង្រ្គោះជាតិមក សម្ដេច ស ខេង ក៏បានចំណារលិខិតបញ្ជូនឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល ត្រៀមកម្លាំងការពារតំណាងរាស្រ្តគណបក្សប្រឆាំង ។ ប៉ុន្ដែលោក ខៀវ សុភ័គ មិនទាន់ដឹងថា តើអង្គភាពទាំងនោះគ្រោងនឹងត្រៀមកម្លាំងសមត្ថកិច្ចចំនួនប៉ុន្មាននោះទេ ហើយទីតាំងដែលត្រូវឈរជើងការពារតំណាងរាស្រ្តបក្សប្រឆាំង ក្នុងករណីមានបាតុកម្មកើតឡើងនោះក៏លោក មិនទាន់អាចដឹងច្បាស់ដែរ។

សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៅឡើយទេ។

កន្លងមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា នឹងមានបាតុកម្មប្រឆាំងនិងគណបក្សសង្គ្រោះជាតិនៅកម្ពុជាវិញ បើសិនជាមានប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក នៅសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី១២ខែកុម្ភៈកន្លងមក ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា បានបញ្ចូនលិខិតស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយ​អន្តរាគមន៍​ការពារសន្តិសុខ និងសុវត្ថិភាពតំណាងរាស្ត្រ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំង ដោយមានការព្រួយបារម្ភពីការធ្វើបាតុកម្មដែលអាចបំពានដល់រាងកាយពួកគេដូចពេលកន្លងមក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ កន្លងមក មានបាតុកម្មទម្លាក់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ពីសំណាក់អ្នកគាំទ្រគណបក្សប្រជាជននិងក្រោយសម្ដេច ហ៊ុន សែន ព្រមានថាមានបាតុកម្ម។ ហើយនៅថ្ងៃទី២៦ តុលាដដែលនោះ ក៏មានជនដៃដល់មួយក្រុមតូច បានប្រើអំពើហិង្សាលើទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ខណៈដែលតំណាងរាស្ត្រទាំងពីរនេះ ចាកចេញពីកិច្ចប្រជុំក្នុងរដ្ឋសភា ។ ក្រោយមកបាតុករក៏នាំគ្នាទៅតវ៉ាដល់មុខផ្ទះឯកឧត្តម កឹម សុខា ហើយក៏បានប្រើហិង្សាគប់ដុំថ្មចូលផ្ទះប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ដែលធ្វើឲ្យលោកនិងក្រុមគ្រួសារដែលនៅក្នុងផ្ទះមានការភិតភ័យផងដែរ៕


Tag:
 សម្តេច ស ខេង
  បក្សប្រឆាំង
  នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com