ជាតិ
សម្តេច​ថា បើ​កម្ពុជា​មិន​ពេញចិត្ត សេចក្តីថ្លែងការណ៍​រួម​រវាង​អាមេរិក​អាស៊ាន​នឹង​ចេញ​មិន​រួច​ឡើយ​
15, Feb 2016 , 9:19 pm        
រូបភាព
​កាលី​ហ្វ​រ​នីញ៉ា​៖ ក្នុងពេល​ជជែក​សំណេះសំណាល​ជាមួយ​ប្រជាជន​កម្ពុជា​រស់នៅ​សហរដ្ឋអាមេរិក​ក្នុង​ក្រុង Rancho Mirage សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន ថ្ងៃ ១៥ និង​ថ្ងៃ ១៦ កុម្ភៈ​នេះ បើ​មាន​សេចក្តីថ្លែងការណ៍​រួម​ណាមួយ​ដែល​កម្ពុជា​មិន​ពេញចិត្ត នឹងមិន​អាច​រួច​ឡើយ​។ លោក​ថ្លែង​បែបនេះ ក្នុងពេល​លោក​ពន្យល់​ពី​មូល​ហេតុដែល​សហគមន៍​អាស៊ាន​សំខាន់​សម្រាប់​កម្ពុជា​។​



« សេចក្តីថ្លែងការណ៍​រួម​ណាមួយ​ដែល​ត្រូវ​ចេញ​នៅក្នុង​ប្រជុំ​ថ្ងៃស្អែក ឬ​ខានស្អែក​រវាង​អាមេរិក និង​អាស៊ាន បើ​កម្ពុជា​មិន​ពេញចិត្ត កម្ពុជា​មិន​ឯកភាព គឺ​ចេញ​មិន​រួច​»​។ នេះ​ជាការ​លើក​ឡើងជា​ឧទាហរណ៍​របស់​សម្តេច ហ៊ុន សែន ក្នុងពេលដែល​លោក​បកស្រាយ​ពី​សារសំខាន់​នៃ​គោល​ការ​ឯក​ច្ឆ័​ន​ដែលជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អាស៊ាន​រួបរួមគ្នា​និង​ធ្វើ​ឲ្យ​កម្ពុជា​ចូលរួម​ជាមួយ​អាស៊ាន​។​

​សម្តេច ជឿជាក់ថា  គោលការណ៍​សម្រេចចិត្ត​ជា​ឯក​ច្ឆ័​ន​វា​សំខាន់​ណាស់​សម្រាប់​ធានា​ការ​រួបរួមគ្នា​និង​សាមគ្គី​គ្នា​រវាង​អង្គការ​ថ្នាក់​តំបន់​អាស៊ាន​នេះ  ហើយ​វា​ក៏​ជួយ​បង្កើត​ឲ្យ​មានការ​ស្មើភាព និង​ស្មើ​សិទ្ធិ​រវាង​រដ្ឋ​តូច​រដ្ឋ​ធំ​ផងដែរ​។ លោក​ក៏បាន​សង្កត់ធ្ងន់​ផង​ថា បើសិន​អាស៊ាន​យក​ការសម្រេចចិត្ត​តាម​ការបោះឆ្នោត​នោះ​អាស៊ាន​នឹង​បែកខ្ញែក​គ្នា​ជា​ចំណែក​។​

​ទាក់ទង​នឹង​ការលើកឡើង​នេះ​ពី​បញ្ហា​សេចក្តីថ្លែងការណ៍​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន​នេះ  អាចជា​សារ​មួយ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់ថា បញ្ហា​នានា​ដែល​កម្ពុជា​គិតថា ប៉ះពាល់​ប្រយោជន៍​កម្ពុជា​ក្នុង​កិច្ចប្រជុំ​ពិសេស​ខាងមុខ កម្ពុជា​នឹង​បិទ​មិន​ឲ្យ​មាន​ការចេញ​សេចក្តីថ្លែងការណ៍​បាន​។

​កង្វល់​មួយ​សម្រាប់​មជ្ឈដ្ឋាន​អ្នកតាមដាន​ស្ថានការណ៍​តំបន់​គឺ​កិច្ចប្រជុំ​ខាងមុខ​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​សន្តិសុខ​ដែនសមុទ្រ​។ កិច្ចប្រជុំ​ខាងមុខ​នឹង​ជជែក​ពី​បញ្ហា​ច្រើន​ជាពិសេសសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នឹង​ក្លាយជា​ប្រធានបទ​សំខាន់ និង​ក្តៅ​បំផុត​ដែរ​។  កន្លងមក សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា អាស៊ានមិនមែនជា​តុលាការ​ដែល​អាច​កាត់ក្តី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទេ ហើយ​បញ្ហា​នេះ​គួរតែ​ត្រូវ​ដោះស្រាយ​តាម​ការចរចា​ជា​លក្ខណៈ​ទ្វេភាគី​រវាង​រដ្ឋ​ជម្លោះ​ជាមួយ​ចិន​វិញ​។ ដូច្នេះ​បើសិន​កិច្ចប្រជុំ​ស្អែក​នឹង​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ការចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​នេះ វា​ជាការ​លំបាក​កើត​ចេញទៅ​រួច បើសិនជា​កម្ពុជា​គិតថា ខ្លួន​មិន​ពេញចិត្ត​។

​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង សមាជិក​អាស៊ាន​មិនអាច​ស្វែងរក​ចំណុចរួម​គ្នា​និង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ចរចា​ជាមួយ​ចិន​ឡើយ​។ ប្រទេស​អាស៊ាន​យល់ឃើញ​បែ្ល​កៗ​គ្នា និង​បែកខ្ញែក​គ្នា​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយសារ​ទំនាក់ទំនង​ពួកគេ​ជាមួយ​ចិន​។ កម្ពុជា​នេះ​ត្រូវគេ​ទុក​ថា​ជា​ប្រទេស​ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​ចិន​ដោយសារ​ចំណង​ទំនាក់ទំនង​ស្អិតល្មួត​ទ្វេរ​ភា​គិ​។ ហើយ​ការបរាជ័យ​របស់​កម្ពុ​ជា​ដែលជា​ប្រធាន​អាស៊ាន​ក្នុងការ​ជំរុញ​ឲ្យ​មានការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​កាលពី​ឆ្នាំ ២០១២ នោះ​ក៏​រឹតតែ​ធ្វើ​ឲ្យ​គេ​រិះគន់​កម្ពុជា​ខ្លាំង​ទៀត​។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ ការចេញ​សេចក្តីថ្លែងការណ៍​រួម​នេះ យោងតាម​មន្ត្រីជាន់ខ្ពស់​អាមេរិក ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក Daniel Russel បានលើកឡើង​កាលពី​សប្តាហ៍​មុន​ថា កិច្ចប្រជុំ​អាមេរិក និង​អាស៊ាន​នេះ​ជា​កិច្ចប្រជុំ​ពិសេស​។ ដូច្នេះ​វា​អាចមាន​ឬ​អាច​អត់​សេចក្តីថ្លែងការណ៍​រួមគ្នា​នៅ​ចុងក្រោយ​កិច្ចប្រជុំ​។ ដែល​នេះ​មានន័យថា វា​មិន​សំខាន់ ដែល​ចាំបាច់​ត្រូវតែមាន​ឡើយ​៕


Tag:
 ​អាស៊ាន​-​អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com