ជាតិ
សាលា​រាជធានី​ចាប់ផ្ដើម​គម្រោង​«​បញ្ជា​ភ្លើងស្ដុប បញ្ចៀស​ការកកស្ទះ​» តាម​ស្តង់ដារ​ជប៉ុន​
15, Feb 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​គម្រោង​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជា​ភ្លើងស្ដុប ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ តាម​គំរូ​ស្តង់ដារ​ចរាចរណ៍​ពី​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ បច្ចេកវិទ្យា​ថ្មី​នេះ នឹងត្រូវ​យកទៅ​បំពាក់​ជាមួយ​ភ្លើងស្តុប​ចាស់​ដែល​នឹងត្រូវ​កែលម្អ និង​ភ្លើងស្តុប​ថ្មី​ចំនួន​១០០​កន្លែង ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ នឹងត្រូវ​សម្រេចបាន​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​



​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​អង្គការ​ចៃ​កា​ជប៉ុន នៅ​ថ្ងៃទី​១២​ខែកុម្ភៈ លោក ម៉ាសា ស៊ូ​កូ​តូ អ្នកជំនាញការ​ជប៉ុន​បាន​បញ្ជាក់ថា ការកែលម្អ​និង​ដំឡើង​ភ្លើងស្តុប​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការបំពាក់​កាមេរ៉ា​បញ្ជូន​ទិន្នន័យ​ចរាចរណ៍​ទៅកាន់​ការិយាល័យ​ត្រួតពិនិត្យ ដើម្បី​បញ្ជា​ភ្លើងស្តុប បញ្ជៀ​ស​ចរន្ត​យាន្ត​ជំនិះ​ចេញពី​តំបន់​កកស្ទះ​។ គម្រោង​នេះ ចាប់ផ្តើម​អនុវត្ត​ពី​ខែកុម្ភៈ ដល់​ខែមេសា ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន​។​

​លោក ម៉ាសា ស៊ូ​កូ​តូ បញ្ជាក់ថា គម្រោង​មួយ​នេះ គឺជា​យុទ្ធសាស្ត្រ​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​រយៈពេល​ខ្លី ខណៈ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ធ្វើឡើង​តាមរយៈ​ការសាងសង់​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី រថភ្លើង​ល្បឿន​លឿន និង​ផ្លូវអាកាស​ល្បឿន​លឿន​ជាដើម​។ លោក ក៏បាន​ស្នើ​ឲ្យ​មានការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ ដើម្បី​ឲ្យ​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ អាច​ទទួលបាន​ជោគជ័យ​។​

​អ្នកជំនាញការ​ជប៉ុន​រូបនេះ អះអាងថា ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​កាន់តែ​លឿន​កាន់តែ​ល្អ​។ បើតាម​លោក ម៉ាសា ស៊ូ​កូ​តូ ក្នុង​មួយខែៗ បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​នាំឱ្យ​ខាត់​បង់​ថវិកា​រហូតដល់​ជាង ៦​លាន​ដុល្លារ​អាមេរិក​។ នេះ​នៅ​មិនទាន់​រាប់​ប​ញ្ជូ​លពី​ការ​ពី​ការខាតបង់​ពេលវេលា និង​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង​៕

​ប្រភពពី AKP


Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com