ជាតិ
សម្តេច ហ៊ុនសែន មិន​ចង់ឃើញ​ចិន និង​អាមេរិក​ប្រើ​គម្រោង​ពាណិជ្ជកម្ម​តំបន់​ប្រឆាំង​គ្នា​
15, Feb 2016 , 10:19 pm        
រូបភាព
 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​មិនទាន់​សម្រេចយក​គោលជំហរ​ណាមួយ​ចំពោះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ដឹកនាំ​ដោយ​អាមេរិក​ឡើយ​។ តែ​លោក​ចង់ឃើញ​គម្រោង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ទាំង​របស់​អាមេរិក​ក្តី   TPP  និង កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​ដែល​ចិនជួយ​ជ្រោមជ្រែង បំពេញ​គ្នា មិនមែន​ប្រឆាំង​គ្នា​ឡើយ​។​



​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​មិនទាន់មាន​ជំហរ​ណា​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​អាមេរិក​ដឹកនាំ​នៅឡើយ​ទេ​។ តែ​កម្ពុជា​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​តំបន់​ដឹកនាំ​ដោយ​មហាអំណាច​ចិន​និង​អាមេរិក​បំពេញ​គ្នា​ទៅវិញទៅមក​ដើម្បី​បង្កើត​និង​រក្សា​ប្រយោជន៍​រួមគ្នា​។​

​ក្រោយ​សមាជិក​ចាស់​ផ្តល់​សច្ចាប័ន​ដល់ TPP រួចរាល់​ទើប​សមាជិក​ថ្មី​ចូល​បន្តទៀត​បាន​
 ថ្លែង​ក្នុង​សុន្ទរកថា​សំណេះសំណាល​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​អាមេរិក​នាទី​ក្រុង Rancho Mirage  ថា សម្តេច​ថា កន្លងមក រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី ធ្លាប់​សួរ​លោក ជុំវិញ​ការចូលរួម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះដែរ ក្នុងពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចុងខែ​មករា​កន្លងទៅ​។ ប៉ុន្តែ យ៉ាងណាក៏ដោយ​ប្រមុខ​ការទូត​អាមេរិក បាន​ថ្លែងប្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ការទទួល​សមាជិក​ថ្មី ត្រូវ​រៀបចំឡើង​ក្រោយ​ភាគី​ស្ថាបនិក​ទាំង​១២ ផ្តល់​សច្ចាប័ន​ចប់សព្វគ្រប់​។

​តាមពិតទៅ ក្រោយ​សម្រេចបាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​កាលពីដើម​ខែតុលា​ឆ្នាំមុន ប្រទេស​សមាជិក​ស្ថាបនិក​ចំនួន​១២ នៅ​បន្តដំណើរ​ផ្តល់​សច្ចាប័ន​ទៀត ហើយ​ប្រទេស​ទាំងនេះ​មាន​រយៈពេល ២​ឆ្នាំ​សម្រាប់​ការផ្តល់​សច្ចាប័ន​។ ប៉ុន្តែ​បញ្ហា​សំខាន់បំផុត​គឺ ប្រទេស​សមាជិក​មួយចំនួន​កំពុង​ប្រឈម​បញ្ហា​ប្រឆាំង​ការចូលរួម​ក្នុង​គម្រោង​ពាណិជ្ជ​កម្មនេះ សូម្បីតែ​សហរដ្ឋអាមេរិក​ខ្លួនឯង​។ ដូច្នេះ​ការផ្តល់​សច្ចាប័ន ក្នុង​រយៈពេល​ពីរ​ស្ថិតក្នុង​ភាពស្រពិចស្រពិល​នៅឡើយ​។

​កម្ពុជា​ចង់ឃើញ​គម្រោង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​បំពេញ​គ្នា​មិនមែន​ប្រឆាំង​គ្នា​
​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អធិប្បាយ​ថា អ្វីដែល​សំខាន់​ដែល​កម្ពុជា​ចង់បាន​ពេលនេះ គឺ​កម្ពុជា​ត្រូវ​ប្រឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី «​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP)» ដែលមាន​សមាជិក​អាស៊ាន​ទាំង​១០ និង​ដៃគូ​ពាណិជ្ជកម្ម​៦ ទៀត​នោះ​ដើរទៅ​មុខ​ដោយ​ជោគជ័យ​។ ប៉ុន្តែ​លោក​ថា​៖ «​យើង​ក៏​សំណូមពរ​ធ្វើ​ម៉េច​ឲ្យ​វា​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​មិនគួរ​យក​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​មក​ធ្វើជា​គោលដៅ​នយោបាយ​ប្រឆាំង​គ្នា​ទេ​»​។

​ត្រលប់​មកវិញ សហរដ្ឋអាមេរិក​ដឹកនាំ​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​ដែលមាន​សមាជិក​ចំនួន ១២ ក្នុងនោះ​មាន​ប្រទេស​អាស៊ាន​បួន​ផង ដូចជា​វៀតណាម ព្រុយណេ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។​ចំណែក​ចិន​ឯណោះ​វិញ ក៏​ព្យាយាម​ផ្តួចផ្តើម​គំនិត​រៀបចំ​ជំរុញ​ឲ្យ​មានការ​ពង្រឹង​ចំណង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រួមគ្នា​ជាមួយ​អាស៊ាន បូក​ប្រទេស​ចំនួន ៦​មាន ណូ​វែ​ល​ហ្សេ​ឡង់ អូស្ត្រាលី ជប៉ុន កូរ៉េ ចិន និង​ឥណ្ឌា​ដែល​សុទ្ធសឹង​តែមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​ស្រាប់ ។ គម្រោង​ព​ណិ​ជ្ជ​កម្ម​ដោយឡែក​ពីគ្នា​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ប្រកួតប្រជែង​គ្នា​ពង្រីក​ដែន​ឥទ្ធិពល និង​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រវាង​មហាអំណាច​ទាំងពីរ​ដែរ​៕


Tag:
 ពាណិជ្ជកម្ម​
  ចិន​-​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com