ជាតិ
រដ្ឋាភិបាល​លុប​កិច្ចសន្យា​វិនិយោគ​របស់​ក្រុមហ៊ុន​លោកស្រី រត្ន សុភាព
16, Feb 2016 , 6:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទី​ស្តី​គណៈរដ្ឋមន្ត្រី​បានសម្រេច​លុបចោល​កិច្ចសន្យា​វិនិយោគ​ក្រុមហ៊ុន រត្ន សែន សុភាព​ទាំងអស់ របស់លោក​ស្រី រត្ន សុភាព​។ នេះ​បើតាម​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​ករណី​សុំ​គោលការណ៍​លុប​កិច្ចសន្យា​ម៉ៅការ ប្រមូល​ចំណូល​ភាស៊ី​ទាំងអស់​របស់លោក​ស្រី រត្ន សុភាព ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​។​



​បើតាម​សេចក្តីសម្រេច​ផ្ញើ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​លុប​កិច្ចសន្យា​វិនិយោគ​ទាំងអស់​របស់លោក​ស្រី រត្ន សុភាប និង​អនុវត្ត​វិធានការ​តឹងរឹង ដោយ​ប្តឹងទៅ​តុលាការ ដើម្បី​ទារបំណុល​ទាំងអស់​។ លើសពីនេះ រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ស្វែងរក​អ្នកម៉ៅកា​ថ្មី ដោយ​អនុវត្តតាម​នីតិវិធី​ហិរញ្ញវត្ថុ​ជា​ធរមាន​។​

​កន្លងមក ប្រជាពលរដ្ឋ​តែង រអ៊ូរទាំ​ការប្រមូល​យក​ភាស៊ី និង​ផ្ញើ​យាន្ត​ជំនិះ​លើស​តម្លៃ​ក្នុង​បញ្ជី ថវិកា​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​គួ​រម្លឹកថា កាលពី​ឆ្នាំ ២០១០ និង​បន្ត​បន្ទាប់មក អាជីវករ​ផ្សារ​អូរឫស្សី​រាប់រយ​នាក់​បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​ការប្រមូល​ភាស៊ី​ផ្សារ​របស់​ក្រុមហ៊ុន​រៀបចំ សណ្តាប់ធ្នាប់ លោក រត្ន សុភាព នៅមុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ក្បែរ​វិមានឯករាជ្យ​។ ក្រុមហ៊ុន​បានទទួល​សិទ្ធិ​ពី​អាជ្ញាធរ​រាជ​សាលា​ធានី​ភ្នំពេញ រៀបចំ​ចំ​សណ្តាប់ធ្នាប់​នៅ​បណ្តា​ខណ្ឌ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com