​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ប្តេជ្ញា​បន្ត​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន​
16, Feb 2016 , 7:53 am        
រូបភាព
Rancho Mirage: ថ្លែង​បើក​កិច្ចប្រជុំ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​ជាថ្មី​ពី​គោលជំហរ​មិន​ងាករេ​របស់​អាមេរិក​ក្នុងការ​គាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​លើ​វិស័យសេដ្ឋកិច្ច​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​ជំរុញ​ការលើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស អភិបាលកិច្ច និង​នីតិរដ្ឋ​ជាដើម​ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ 

 
​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​ត្រូវបាន​បើក​ជា​ផ្លូវការ​ហើយ ក្រោយ​មេដឹកនាំ​អាស៊ាន​ទាំង ១០​អញ្ជើញ​ទៅដល់​ទីកន្លែង​កម្សាន្ត Sunnylands ដែលជា​ទីតាំង​កិច្ចប្រជុំ​។ ប្រធានាធិបតី​ប៉ា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ដោយផ្ទាល់ ហើយ​អគ្គលេខាធិការ​អាស៊ាន​លោក ​Le Luong Minh  ក៏មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ដែរព្រោះលោកជាសហប្រធានកិច្ចប្រជុំដែរ​។ 
 
​កិច្ចប្រជុំ​ចាប់ផ្តើម​ដោយ​ការ​ថ្លែង​សុន្ទរកថា​របស់លោក អូ​បា​ម៉ា ដោយ​សុន្ទរកថា​នេះ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​និង​អាស៊ាន​ជារួម តែ​លោក​ផ្តើម​ដោយ​សាទរ​អាស៊ាន​ដែល​បាន​រួមគ្នា​បង្កើត​សហគមន៍​មួយ​រួមគ្នា​កាលពីដើម​ខែមករា​កន្ល​ង​ទៅនេះ​។ លោកថា៖« ខ្ញុំមានមោទនភាពណាស់ដែលក្លាយជាប្រធានាធិបតីអាមេរិកទី១ ​ដែលបានជួបមេដឹកនាំអាស៊ាន​ទាំង១០ ហើយខ្ញុំឆ្លៀតឱកាសនេះដើម្បី​អបអរសារទរ​ការ​រួមគ្នាបង្កើតសហគមន៍​រួមគ្នា»។ ហើយ​បន្ទាប់ពី​លោក អូ​បា​ម៉ា ថ្លែង​ចប់ ប្រធានាធិបតី​ឡាវ​ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បាន​ថ្លែង​សុន្ទរកថា​បន្ត​មុន​ចាប់ផ្តើម​ជជែក​លើ​បញ្ហា​ផ្សេងទៀត​។ 
 
​ប្រធានាធិបតី​អាមេរិក ដែលជា​សហប្រធាន​កិច្ចប្រជុំ​នេះ​បានលើកឡើង​ជាថ្មី​ពី​ជំហរ​របស់​អាមេរិក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​សមាគមន៍​អាស៊ាន ហើយ​លោក​ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ដើរ​ដល់​កម្រិត​យុទ្ធសាស្ត្រ​ទៅហើយនោះ​ឲ្យ​កាន់តែ​ប្រសើរ​នៅពេល​អនាគត​។ អាស៊ាន​និង​អាមេរិក​បាន​ឯកភាពគ្នា​ដំឡើង​កម្រិត​ចំណង​ទំនាក់ទំនង​ទ្វេភាគី​ដល់​កម្រិត​យុទ្ធសាស្ត្រ​កាលពី​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន នៅ​ម៉ាឡេស៊ី កាលពី​ចុង​ឆ្នាំមុន​។​
 
​លោក អូ​បា​ម៉ា បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ពង្រឹង​ការគាំទ្រ និង​ជំរុញ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​ជារួម លើ​វិស័យ​ជាច្រើន​មាន​សេដ្ឋកិច្ច នយោបាយ សន្តិសុខ និង​សិទ្ធិមនុស្ស​ជាដើម​។ អាមេរិកតែងតែចាត់ទុក​អាស៊ាន​ជា​តំបន់ដែលមានសារៈសំខាន់សម្រាប់ខ្លួនទាំងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដូច្នេះហើយការភ្ជាប់​ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជា​មួយអាស៊ាន​ជារឿងអាទិភាព។
 
​ទាក់ទិន​បញ្ហា​សិទ្ធិមនុស្ស​និង​ការកសាង​ទំនាក់ទំនង​រវាង​ប្រជាជន​អាមេរិក​និង​អាស៊ាន ប្រធានាធិបតី​អាមេរិក រូបនេះ​បានលើកឡើង​ពី​សារសំខាន់​នៃ​គំនិត​ផ្តួចផ្តើម​មេដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍ ដែល​រដ្ឋាភិបាល​អាមេរិក​បង្កើតឡើង​និង​គាំទ្រ​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​នេះ​នឹង​ជួយ​ឲ្យ​ការកសាង​សមត្ថភាព​និង​បង្កើន​អំណាច​ដល់​យុវជន​នៅ​អាស៊ាន ដើម្បី​ក្លាយជា​មេដឹកនាំ​នៅ​ថ្ងៃ​អនាគត​។  
 
​មេដឹកនាំ​អាមេរិក​រូបនេះ ក៏បាន​លើកឡើង​ពី​បញ្ហា​សន្តិសុខ​ដែនសមុទ្រ បញ្ហា​ភេរវកម្ម​ដែល​កើតឡើង​នៅ​ហ្សា​ការ​តា​ថ្មីៗ​នេះ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែលមាន​សមាជិក​អាស៊ាន ៤​ជា​សមាជិក​ផង​។  
 
​ចុងក្រោយ​លោក អូ​បា​ម៉ា ក៏​ឆ្លៀត​កោតសរសើរ​ពី​ការផ្លាស់ប្តូរ​នយោបាយ​ទៅរក​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​មី​យ៉ាន់ម៉ា​ក្រោយ​ការបោះឆ្នោត និង​សាទរ​ឡាវ​ក្រោយ​ដែល​បាន​ក្លាយជា​ប្រធាន​អាស៊ាន​ប្តូ​រវេ​នៅ​ឆ្នាំ​នេះដែរ​។
សូួម​បញ្ជាក់ថា កិច្ចប្រជុំកំពូលដែលត្រូវរៀបចំឡើងនៅ ទីក្រុង Rancho Mirage នេះមានរយៈពេល​​ពីរថ្ងៃ ដោយថ្ងៃទីមួយមេដឹកនាំ​ចូលរួមពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងថ្ងៃទីពីរផ្តោតលើបញ្ហា​សន្តិសុខ នយោបាយ និងសិទ្ធិមនុស្សផង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com