អន្តរជាតិ
មុន​ផុត​អាណត្តិ លោក​អូ​បា​ម៉ា នឹង​ទៅ​វៀតណាម​ជា​លើកដំបូង​ក្នុង​ខែឧសភា​
17, Feb 2016 , 8:19 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​វៀតណាម នៅមុន​ការ​ផុត​អាណត្តិ​របស់លោក​ដែល​នៅសល់តែ​ប៉ុន្មាន​ខែ​ទៀត​តែប៉ុណ្ណោះ​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​និង​ប្រទេស​៤​ទៀត​នៅ​អាស៊ាន ដែល​រួមទាំង​វៀតណាម​ផងដែរ​។​



​សេត​វិមាន​បាន​និយាយ លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ទៅ​ទស្សនកិច្ច​ទៅ​វៀតណាម​នៅ​ខែឧសភា​ខាងមុខ ដែល​នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​ធ្វើដំណើរ​ទៅ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​តាំងពី​លោក​ឡើងកាន់តំណែង​មក​។ ដំណើរ​លើក​នេះ​គឺ​ស្របពេល​លោក​អូ​បា​ម៉ា ចូលរួម​កិច្ចប្រជុំ​G-7 នៅ​ជប៉ុន​។ 

​កាលពី​ខែមិថុនា ឆ្នាំ​២០១៥ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក​ង្វៀន ភូ​ជុង​បានធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ជា​លើកដំបូង​។ ឆ្លៀត​ពេលនោះ លោក​ង្វៀន ភូ​ជុង ក៏បាន​អញ្ជើញលោក​អូ​បា​ម៉ា ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​វិញ​ម្ដង​។ បើតាម The Washington Post លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ទទួល​ការអញ្ជើញ​នេះ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ង្វៀន តាន់​ហ្ស៊ុ​ង​ក្នុងជំនួប​មេដឹកនាំ​អាមេរិក​-​អាស៊ាន នៅ​Sunnylands រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​។​

​ប្រធានបទ​សំខាន់​ក្នុង​ដំណើរ​លើកដំបូង​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ​ផ្ដោតលើ​ការ​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​វៀតណាម​ក៏​ជា​សមាជិក​មួយ​ផងដែរ​។ ជាមួយគ្នានេះ បញ្ហា​ដែនសមុទ្រ​ចិន​ខាងត្បូង​ក៏​ប្រហែលជា​ស្ថិត​លើ​តុ​ពិភាក្សា​ផងដែរ ដ្បិត​វៀតណាម​ចង់​ឲ្យ​អាមេរិក​ចូលមក​ពាក់ព័ន្ធ​ក្នុង​រឿងនេះ ដើម្បី​ទប់ទល់​នឹង​ចិន​។  

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​ដែល​ទើប​បញ្ចប់ លោក ង្វៀន តាន់​ស៊ុ​ង ស្នើសុំ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រង់ៗ​ឲ្យ​លោក​បញ្ចេញ​ឥទ្ធិពល​អាមេរិក ក្នុងនាម​មហាអំណាច​ពិភពលោក និង​ចេញ​ផែនការ​សកម្មភាព​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​សកម្មភាព​នានា ដូចជា​យោធា​នីយកម្ម និង​ការ​វាតទី​លើ​តំបន់​ជម្លោះ​ជា​ឯកតោភាគី​ជាដើម​។ បើ​ទោះ​លោក ង្វៀន តាន់​ហ្ស៊ុ​ង មិន​បញ្ជាក់​ប្រទេស​ណា ក៏​គេ​អាច​ដឹងថា​លោក​សំដៅ​ដល់​ចិន ដែល​តែងតែមាន​សកម្មភាព​យោធា​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។

​ជារឿយៗ វៀតណាម​ខឹងសម្បារ​ចិន​ជាខ្លាំង ដោយសារ​សកម្មភាព​គ​ឃ្លើ​ន​របស​ចិន ហើយ​រដ្ឋាភិបាល​ក្រុង​ហាណូយ បន្ត​ពង្រឹង​កម្លាំងយោធា​ផង និង​ស្វែងរក​ខ្នងបង្អែក​ពី​អាមេរិក​ផង ដើម្បី​ទប់ទល់​ជាមួយ​ចិន​។ មានន័យថា ដំណើរ​ទស្សនកិច្ច​លើក​នេះ ជា​សញ្ញា​បង្ហាញ​យ៉ាងច្បាស់​ថា អាមេរិក​កាន់​ខិតចូល​កាន់តែខ្លាំង​ទៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​៕


Tag:
 អាមេរិក​
  ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com