អន្តរជាតិ
អូ​បា​ម៉ា បង្ហាញ​គំនិត​ផ្តួចផ្តើម​ថ្មី ជួយ​អាស៊ាន​ឲ្យ​ឈាន​ឆ្ពោះទៅ​ក្លាយជា​សមាជិក TPP
18, Feb 2016 , 9:39 am        
រូបភាព
Rancho Mirage៖  ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អាមេរិក​និង​អាស៊ាន ប្រធានាធិបតី​អាមេរិក​បានប្រកាស​ពី​គំនិត​ផ្តួចផ្តើម​ថ្មី​ដែល​អាច​បង្កើន​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អាស៊ាន និង​គាំទ្រ​សមាជិក​អាស៊ាន​ឯទៀត​ឲ្យ​ដើរ​ដល់​ស្តង់ដា​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (Transpacific Partnership) ។ គំនិត​ផ្តួចផ្តើម​ថ្មី​របស់​អាមេរិក​មាន សិក្ខាសាលា​ពាណិជ្ជកម្ម   (Trade Workshop) និង ការផ្សាភ្ជាប់​រវាង​អាមេរិក​និង​អាស៊ាន (US-ASEAN Connect)​។​



 ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន នៅ Rancho Mirage បានប្រកាសថា អាមេរិក​ដាក់ចេញ​គំនិត​ផ្តួចផ្តើម​ថ្មី​ដែលមាន សិក្ខាសាលា​ពាណិជ្ជកម្ម និង  «​ការផ្សារភ្ជាប់​អាមេរិក​-​អាមេរិក​អាស៊ាន​» ដែល​វា​នឹង​លើកស្ទួយ​ដល់​ការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពង្រឹង​បណ្តាញ​សហគ្រិន ធុរកិច្ច និង​ការវិនិយោគ​រួមគ្នា​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ដែល​ភាគី​ឯកភាពគ្នា​ដាក់ចេញ​នេះ​នឹង​ជា​កម្លាំង​ច​ល​ការជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក អាស៊ាន​រឹងមាំ និង​ធ្វើ​ជួយ​ឲ្យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ទើប​ចេញ​រូបរាង​ថ្មីថ្មោង​នោះ​កាន់តែ​រឹង​ដៃ​រឹង​ជើង ជាពិសេស​នោះ​វា​នឹង​តម្រង់ផ្លូវ​សម្រាប់​រដ្ឋ​អាស៊ាន​ដែល​ចង់​ក្លាយជា​សមាជិក​ភាពជា​ដៃគូ​អន្ត​ប៉ាស៊ីហ្វិក​។​

​ក្រៅពី​គំនិត​ផ្តួចផ្តើម​នេះ ប្រធានាធិបតី អូ​បា​ម៉ា ការ​បង្ហើប​ផងដែរ​ថា អាមេរិក​នឹង​បន្ត​យកចិត្តទុកដាក់​ជ្រោមជ្រែង​ប្រទេស​អាស៊ាន​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​។ លោក​ថា​៖« អាមេរិក​ដាក់ចេញ​យុទ្ធសាស្ត្រ​ដែល​បង្កើន​ចំណេះដឹង​ដល់​រដ្ឋ​អាស៊ាន ឲ្យ​គេ​យល់​កាន់តែច្បាស់​ពី​លក្ខខណ្ឌ និង​គន្លឹះ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ​។ ហើយ​អាមេរិក​ក៏​បន្ត​គាំទ្រ​ការកែទម្រង់​ចាំបាច់​នានា​ដែល​ជួយ​ឲ្យ​ប្រទេស​អាស៊ាន​ផ្សេងទៀត​អាច​ចូលរួម​ក្នុង​គម្រោង​នេះ​បាន​»​។


​ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ កន្លងមក មានការ​រិះគន់​ច្រើន​ដែរ ដោយសារ​តែមាន​សមាជិក​តែ​បួន​ជា​សមាជិក​។  ឆ្លើយតប​ការរិះគន់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះដែរ ទីប្រឹក្សា​សន្តិសុខ​រង​លោក Ben Rhodes ក៏បាន កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​បើ​ចំហរ​សម្រាប់​ទទួល​សមា​ជិ​ក​ថ្មី​ជាពិសេស​សមាជិក​អាស៊ាន​ដែល​មិនទាន់​ក្លាយជា​សមាជិក​នៅឡើយ​។ គម្រោង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ជួយ​ជំរុញ​ល្បឿន​កំណើនសេដ្ឋកិច្ច បង្កើន​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​ជាមួយ​អាមេរិក រួមទាំង​ជួយ​ដល់​អាស៊ាន​ក្នុង​ការកសាង​សហគមន៍​រួមគ្នា​តាមរយៈ​ការពង្រឹង​ការផ្សាភ្ជាប់​ជាទូទៅ​។​
 
​ថ្វីបើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​បើកទូលាយ​ទទួល​សមាជិក​ថ្មី​ជាពិសេស​សមាជិក​អាស៊ាន​ដែល​មិនទាន់​ក្លាយជា​ភាគី​ក្តី កិច្ចព្រមព្រៀង​នេះ​ជា​គម្រោង​ពាណិជ្ជកម្ម​ស្តង់ដា​ខ្ពស់ និង​មាន​លក្ខខណ្ឌ​ច្រើន​ដែល​ត្រូវបំពេញ​។ ក្រៅពី​ថា សមាជិក​ត្រូវ​ដក​របាំង​ពន្ធគយ​ដើម្បី​ធានា​ឲ្យ​មាន​ពាណិជ្ជ​សេរី វា​ក៏​កំណត់​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ​ការងារ ធានា​ការពារ​បរិស្ថាន ដោះស្រាយ​បញ្ហា​កុមារ និង​ប្រឆាំង​ការជួញដូរ​មនុស្ស​ជាដើម​ផង​។ បញ្ហា​នេះហើយ​ទើប​ប្រទេស​មួយចំនួន​មិនទាន់មាន​លទ្ធភាព​បំពេញ​តាម​ស្តង់ដារ​តម្រូវ ព្រោះ​អាស៊ាន​នៅ​ជា​សហគមន៍​ដែលមាន​គម្លាត​ខ្លាំង​នៅឡើយ​។​
 
​ត្រលប់​មកវិញ​ក្រៅពី​មាន​គម្រោង​ជាក់លាក់ អាមេរិក​ជា​ប្រទេស​ដែល​ដាក់ទុន​វិនិយោគ​នៅ​អាស៊ីអាគ្នេយ៍​ច្រើនជាងគេ ហើយ​ចំណង​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​អាមេរិក​បន្ត​កើនឡើង​រាល់​ឆ្នាំ​ទៀត ជា​ឱកាស​សំខាន់​សម្រាប់​អាមេរិក​។ ហើយ​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​រដ្ឋ​អាស៊ាន​ផ្សេងទៀត​ដូចជា​កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី ដែល​មិនមែនជា​សមាជិក​និង​ជា​សមាជិក​កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​ពួកគេ​ត្រៀមលក្ខណៈ​បានល្អ​៕


Tag:
 អាមេរិក​-​អាស៊ាន​
  TPP
© រក្សាសិទ្ធិដោយ thmeythmey.com